នៅលើវិស័យបវរកញ្ញាកំពុងក្តៅដូចបាយពុះដោយកញ្ញា ប៊ីសុធារី និងអ្នកដឹកនាំរឿង លោក កៅ សីហា បានប្រតិកម្មទៅលើពាក្យសម្តីអ្នកលក់ពេជ្រម្នាក់ដែលគាំទ្រខាងវិស័យបវរកញ្ញាប្រើពាក្យថា MUC ឆ្នាំដំបូងទៅអមឆាកគេ។ សុធារី ថាបើទោះបីជាអមឆាកតែនាងអមដោយមោទនភាពឈរដោយស្នាមញញឹមតំណាងឱ្យប្រជាជនខ្មែរ និងប្រទេសខ្មែរទាំងមូល។
នៅយប់ថ្ងៃទី១០ ខែកញ្ញា តារាសម្តែង ប៊ី សុធារី និងជាអតីតMUC 2017 បានបង្ហោះសារទៅលើអ្នកលក់ពេជ្រម្នាក់ដែលប្រើពាក្យ MUC ឆ្នាំដំបូងទៅអមឆាកគេថា «ឆ្នាំដំបូងគេ អមឆាក? និយាយពីបុគ្គល ឬក៏និយាយពីស្ថាប័ន? សូមនិយាយឱ្យស្រួលបួលបង ខ្ញុំក៏ស្គាល់បងឯងយូរដែរហើយ ហើយកុំនិយាយដៀមដាម ព្រោះកាលខ្ញុំទៅប្រកួតក៏ស្ថិតក្រោមស្ថាប័នតែមួយជាមួយអ្នកទាំង៥នាក់ផ្សេងទៀតដែរ ស្ថិតក្រោមស្ថាប័នតែមួយ ៦ឆ្នាំហើយអត់ទាន់មានអ្នកណាចូលtopទេ ចឹងហើយកុំmentionតែឆ្នាំដំបូង »។
តារាស្រីរូបនេះបន្តទៀតថា «ទោះបីខ្ញុំចេញមកហើយក៏ពិតមែន តែកាលប្រកួតគឺនៅក្រោមស្ថាប័នចាស់ អញ្ចឹងហើយកុំនិយាយផ្ដោតលើបុគ្គល ព្រោះកាលដែលខ្ញុំទៅប្រកួតគឺខ្ញុំប្រឹងប្រែងណាស់ សូម្បីឈុតប្រចាំថ្ងៃមួយចំនួនក៏ខ្ញុំទិញ និងរកsponsorដោយខ្លួនឯងដែរ តែខ្ញុំយល់ព្រោះពេលនោះនៅខ្មែរមិនទាន់ល្បីវិស័យបវរកញ្ញា ទើបមិនសូវមានអ្នកគាំទ្រ ហើយបើទោះបីជា អមឆាក តែខ្ញុំអមដោយមោទនភាព ឈរដោយស្នាមញញឹម តំណាងឱ្យប្រជាជនខ្មែរ និងប្រទេសខ្មែរទាំងមូល មិនបានគ្រាន់តែនិយាយ តែមានទង្វើជាក់ស្ដែង និងជាការចង់ចាំជាប្រវត្តិសាស្រ្ត»។
មិនខុសពីកញ្ញា ប៊ី សុធារី ឡើយងាកមកអ្នកដឹកនាំរឿងលោក កៅ សីហា វិញ ក៏បានប្រតិកម្មចំពោះពាក្យសម្តីរបស់អ្នកលក់ពេជ្ររូបនោះដែរថា«មើលងាយជាន់គេជាន់ឯង ស្ដាប់ទៅឡើងវ៉ល់ បើយកគុណភាពនៃសម្ដីក្នុងការលើកឡើងមួយឃ្លាៗនៃការមានប្រសាសន៍ទាំងនេះ ហាក់មិនទាន់យល់ស៊ីជម្រៅពីវិស័យបវរកញ្ញានៅឡើយផង។ បងមានលុយ មិនប្រាកដថាជប់ខ្មោចឱ្យរាំបានទេបង។ គេឆ្នាំដំបូង គេហ៊ានចាយលុយហោប៉ៅគេ មិនយកស្ព័នស័រស្រាបៀរដាក់លើឆាកបវរកញ្ញាផង គេនៅធ្វើល្អបានកម្រិតនឹង ហើយរើសបានបវរកញ្ញាប្រកបដោយស្ដង់ដាទៀត»។
អ្នកដឹកនាំរឿងរូបនេះបន្តទៀតថា «មួយទៀតបងដៀល MUC ឆ្នាំដំបូង ស្ដាប់ទៅហាក់ដូចជាបងអត់ដែលស្គាល់ថាបវរកញ្ញាឆ្នាំដំបូងជាប៊ី សុធារី អ៊ីចឹង។ ថាមិនស្គាល់ក៏ហីទៅចុះ តែសម្ដីបង ដៀលកប់ៗមាត់ ( ទៅអមឆាក ធ្លាក់ខ្ពៀក ខ្មាសគេជំនួស ) ពុទ្ធោ..កោតតែបងនិយាយពាក្យនឹងចេញមកកើត? នេះវេទិកា miss planet ផង បងនៅជ្រែកជ្រៀតលើកយក
ឈ្មោះគេឯងមកបរិយាយប៉ាតណាប៉ាណី ហើយអាសូរតែបវរកញ្ញាបងជ្រោមជ្រែងនោះ ចូលដល់ top ណាមួយទៅមិនថាទេលោកអើយ។ ទោះប៊ី សុធារី មិនបានលទ្ធផលល្អ ហោចណាស់នាងក៏បានពាំនាំទង់ជាតិខ្មែរ និងទូលឈ្មោះប្រទេសខ្មែរមាននាមថា Cambodia ដាក់កណ្ដាលឆាក Miss universe មុនគេដែរ»។
មិនត្រឹមតែមានការប្រតិកម្មពីកញ្ញា ប៊ី សុធារី និងលោក កៅសីហា ប៉ុណ្ណោះទេ មហាជនអ្នកស្នេហាវិស័យបវរកញ្ញា រួមទាំងអតីតបវរកញ្ញាមួយចំនួនក៏បានបញ្ចេញមតិមិនពេញចិត្តចំពោះពាក្យសម្តីរបស់អ្នកលក់ពេជ្ររូបនោះផងដែរ៕










