ប្រទេសថៃ ៖ តាមរបាយការណ៍របស់សមាគមទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក (SWIFT) ដែលផ្តល់សេវាកម្ម និងប្រតិបត្តិការអាជីវកម្មហិរញ្ញវត្ថុអន្តរធនាគារនៅជុំវិញពិភពលោក បង្ហាញថា ប្រាក់បាតរបស់ប្រទេសថៃបានស្ថិតក្នុងលំដាប់កំពូលរូបិយប័ណ្ណទាំង១០ លើពិភពលោក សម្រាប់ការទូទាត់ជាចម្បង (Major world payment currencies) ក្នុងនោះសមាមាត្រនៃប្រាក់បាតសម្រាប់ការទូទាត់លើទីផ្សារពិភពលោក ស្មើនឹង១,០៣% ។
ទិន្នន័យរបស់ SWIFT បានចុះផ្សាយនៅខែកក្កដា ឆ្នាំ២០២៣ បង្ហាញថា សមាមាត្រនៃប្រាក់បាតសម្រាប់ការទូទាត់លើទីផ្សារពិភពលោក ស្មើនឹង១,០៣% ។ ដូច្នេះ វាបានកើនឡើងយ៉ាងខ្លាំងចាប់ពីខែកក្កដា ឆ្នាំ២០២១ ដែលពេលនោះ សមាមាត្រនៃប្រាក់បាតសម្រាប់ការទូទាត់លើទីផ្សារពិភពលោក ស្មើត្រឹមតែ០,៧៥% ប៉ុណ្ណោះ ។
លើសពីនេះ ប្រាក់បាតរបស់ប្រទេសថៃ គឺជាប្រាក់ដែលប្រទេសជិតខាងរបស់ថៃ ដូចជា ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា បានចាយវាយក្នុងឋានៈជាប្រាក់គោលកាន់តែទូលំទូលាយទៀតផង ។ ជាក់ស្តែង នៅប្រទេសឡាវ ពលរដ្ឋឡាវបានចាយវាយប្រាក់បាតក្នុងជីវិតប្រចាំថ្ងៃ រហូតដល់រដ្ឋាភិបាលដាស់តឿនកុំឱ្យពលរដ្ឋចាយវាយប្រាក់បរទេស ។ ទោះយ៉ាងណា ប្រាក់បាតបានឡើងថ្លៃខ្លាំង ហើយពលរដ្ឋឡាវអាចរក្សាទុកប្រាក់បាត បើប្រៀបធៀបជាមួយប្រាក់គីបដែលធ្លាក់ថ្លៃជាបន្តបន្ទាប់ ហើយឡាវបានប្រឈមនឹងអតិផរណាខ្ពស់ ។
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ធនាគារកណ្តាលប្រទេសមីយ៉ាន់ម៉ាបានចេញសេចក្តីប្រកាសអនុញ្ញាតឱ្យចាយប្រាក់បាតក្នុងធនាគារ ដែលទទួលបានការអនុញ្ញាតឱ្យប្រតិបត្តិការរូបិយប័ណ្ណបរទេស ក្នុងគោលបំណងសម្រួលការទូទាត់ជាអន្តរជាតិ និងផ្តល់ភាពងាយស្រួលសម្រាប់បញ្ជីធនាគារផងដែរ ។
កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ប្រទេសកម្ពុជា និងថៃ បានចាប់ផ្តើមការទូទាត់ប្រាក់រៀល និងប្រាក់បាត តាមរយៈការស្គេន QR Code ឆ្លងកាត់ប្រទេសទាំងពីរ ។ ដូច្នេះ ការទូទាត់នេះនឹងជួយឱ្យពលរដ្ឋថៃអាចទិញផលិតផលនៅកម្ពុជា ដោយប្រើប្រាស់ប្រាក់បាតបាន ។
នេះជាបញ្ជីរូបិយប័ណ្ណសម្រាប់ការទូទាត់សំខាន់ៗ និងសមាមាត្រនៃការទូទាត់លើពិភពលោក ៖
១-ប្រាក់ដុល្លារ សហរដ្ឋអាមេរិក មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ៤៦,៤៦%
២-ប្រាក់អឺរ៉ូ សហភាពអឺរ៉ុប មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ២៤,៤២%
៣-ប្រាក់ Pound Sterling (អង់គ្លេស) មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ៧,៦៣%
៤-ប្រាក់យេន ជប៉ុន មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ៣,៥១%
៥-ប្រាក់យាន់ ចិន មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ៣,០៦%
៦-ប្រាក់ដុល្លារ កាណាដា មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ២,២៦%
៧-ប្រាក់ដុល្លារ ហុងកុង មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ១,៧៥%
៨-ប្រាក់ដុល្លារ អូស្ត្រាលី មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ១,៥៧%
៩-ប្រាក់ដុល្លារ សិង្ហបុរី មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ១,០៩%
១០-ប្រាក់បាត ថៃ មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ១,០៣% ៕
ប្រភព ៖ The better










