កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងបន្តធ្វើសមយុទ្ធរួមគ្នារយៈពេល១៣ថ្ងៃ ចាប់ពីពាក់កណ្តាលថ្ងៃទី១៤ ខែកញ្ញានេះតទៅ។
សមយុទ្ធនេះជាសមយុទ្ធសុខាភិបាលរួមគ្នា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន និងមានឈ្មោះថា “ទេវតាសន្តិភាព-ឆ្នាំ២០២៣”។
សមយុទ្ធនេះ នឹងធ្វើឡើងនៅបញ្ជាការដ្ឋានទ័ពពិសេស របស់កងទ័ពជើងគោក ដោយភាគីកងទ័ពកម្ពុជាមានកម្លាំងចូលរួមចំនួន៥៩៥នាក់ និងកងទ័ពរំដោះប្រជាជនចិនមានកម្លាំងចូលរួមចំនួន១២៦នាក់។
អគ្គបញ្ជាការដ្ឋាន បានគូសបញ្ជាក់ថានៅក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធនេះ ក្រុមគ្រូពេទ្យចិន និងក្រុមគ្រូពេទ្យកម្ពុជា ក៏មានការរៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។
ប្រជាពលរដ្ឋអាចចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅមន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប ខណៈការពិនិត្យព្យាបាល ធ្វើឡើងពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣៕










