រដ្ឋធានីហ្សាការតា៖ មេដឹកនាំសហរដ្ឋអាមេរិក និង ចិន បានជួបគ្នា ជាមួយនឹងបណ្ដាមេដឹកនាំ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ អាស៊ាន) នៅក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ចំពេលមានភាពតានតឹងកើនឡើងយ៉ាងខ្លាំង នៅក្នុងតំបន់។
សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៨ ខែកញ្ញា ថា ប្រទេសមហាសេដ្ឋកិច្ចចំនួន២របស់ពិភពលោក គឺសហរដ្ឋអាមេរិក និង ចិន បានវាយប្រហារគ្នា ដោយសារសង្គ្រាមវោហារសាស្រ្ដ ជុំវិញបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង នៅក្នុងកិច្ចប្រជុំកំពូល ជាមួយនឹងក្រុមមេដឹកនាំអាស៊ាន កាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែកញ្ញា) ស្របពេលឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ បានជំរុញឲ្យសមភាគី ត្រូវតែរក្សានូវសន្ដិភាព និង បញ្ចៀសនូវជម្លោះនានា។
នៅក្នុងអំឡុងកិច្ចប្រជុំអាស៊ីបូព៌ាប្រចាំឆ្នាំ (EAS) ដែលបានធ្វើឡើង នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន ស្ថិតក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នោះ លោកស្រី កាម៉ាឡា ហាររីស (Kamala Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានអះអាង ថា «សេរីភាព នៃការធ្វើនាវាចរណ៍ និង ការហោះហើរ ត្រូវតែគោរព នៅលើសមុទ្រចិនខាងត្បូង ដែលមានការប្រជែងគ្នាយ៉ាងក្ដៅគគុកនោះ»។
លោកស្រី អនុប្រធានាធិបតី ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានបញ្ជាក់ ថា ជម្លោះទាំងអស់ត្រូវតែដោះស្រាយ ដោយសន្តិវិធី និង ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដែលត្រូវបានផ្តល់សច្ចាប័ន ដោយប្រទេសជាង ១៦០ រួមទាំងប្រទេសចិន… ផងដែរ។
លោកស្រី កាម៉ាឡា ហាររីស ក៏បានបញ្ជាក់ជាថ្មី អំពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០១៦ ដោយបានសម្រេច ថា ប្រទេសចិន មិនមានមូលដ្ឋានស្របតាមផ្លូវច្បាប់ នៅក្នុងការទាមទារយកតំបន់ជាច្រើន នៅក្នុងសមុទ្រចិនខាងត្បូង ដែលមានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ ជាមួយនឹងទំហំពាណិជ្ជកម្មឆ្លងកាត់ មានតម្លៃជាង៣ពាន់ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំនោះឡើយ។ សមុទ្រចិនខាងត្បូង ជាផ្លូវសមុទ្រដ៏សំខាន់បំផុតមួយ សម្រាប់ការដឹកជញ្ជូនទំនិញ មានទំហំមួយភាគបី នៃការដឹកជញ្ជូនរបស់ពិភពលោក។
សេចក្តីថ្លែងការណ៍ពីសេតវិមាន បានសរសេរ ថា «លោកស្រី អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ អំពីសារៈសំខាន់ នៃសណ្តាប់ធ្នាប់ ផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ នៅក្នុងការរក្សាសន្តិភាព និង វិបុលភាព នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ ខណៈមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ សម្រាប់ដោះស្រាយរាល់ការគំរាមកំហែង ដែលកំពុងតែកើនឡើងយ៉ាងខ្លាំង ដល់សណ្ដាប់ធ្នាប់នេះ»។
ជាមួយគ្នានេះ សេតវិមាន បានបន្ថែម ថា លោកស្រី អនុប្រធានាធិបតី ក៏បានលើកឡើង អំពីការព្រួយបារម្ភ ជុំវិញ«ការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ត្រូវបានប្រព្រឹត្ត ដោយសាធារណរដ្ឋប្រជាមានិតចិន» នៅក្នុងអំឡុងកិច្ចប្រជុំអាស៊ីបូព៌ា EAS រូមជាមួយសមាជិកអាស៊ានទាំង១០ និង ដៃគូសន្ទនាចំនួន៨ផ្សេងទៀត មានដូចជា ប្រទេសចិន និង សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក តែងតែចោទប្រកាន់ប្រទេសចិន ជារឿយៗ ថា រដ្ឋាភិបាលក្រុងប៉េកាំង មិនយកចិត្តទុកដាក់លើសិទ្ធិមនុស្ស នៅក្នុងខេត្តស៊ីនជាង (Xinjiang) ហើយជាអ្នករំលោភលើសេរីភាពសាសនា នៅក្នុងចំណោមប្រទេសផ្សេងៗទៀត៕










