រដ្ឋធានីញូវដេលី៖ រហូតមកដល់ពេលនេះ ទំនាក់ទំនងការទូត រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង នៅមិនទាន់បានធូរស្រាលនៅឡើយ ហើយបច្ចុប្បន្ន ប្រធានាធិបតីសហរដ្ឋអាមេរិក ចាប់ផ្ដើមងាកទៅចាប់ដៃជាមួយនឹងឥណ្ឌា និង បណ្ដាប្រទេសផ្សេងៗទៀត នៅតំបន់ឈូងសមុទ្រ ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម តភ្ជាប់ពីឈូងសមុទ្រ ឆ្ពោះមកកាន់តំបន់អាស៊ីខាងត្បូង នៅក្នុងគោលបំណងទប់ទល់នឹងគោលនយោបាយរបស់ចិន «ផ្លូវនិងខ្សែក្រវាត់»។
សារព័ត៌មានអារ៉ាប់អន្ដរជាតិ បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៨ ខែកញ្ញា ថា បើតាមរបាយការណ៍របស់បណ្ដាញផ្សព្វផ្សាយ Axios (អាក់ស្យូស) បានអះអាង ថា សហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត ឥណ្ឌា និង បណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ កំពុងតែពិភាក្សាគ្នា អំពីកិច្ចព្រមព្រៀង លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចមាន ឬ អាចកំណត់លើហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឡើងវិញ រវាងតំបន់ឈូងសមុទ្រ និង តំបន់អាស៊ីខាងត្បូង។ បើតាមផែនការនេះ នឹងតភ្ជាប់ពីបណ្តាប្រទេស នៅតំបន់មជ្ឈិមបូព៌ា តាមផ្លូវដែក និង តភ្ជាប់មកកាន់ប្រទេសឥណ្ឌា តាមរយៈកំពង់ផែ។
សេចក្ដីរាយការណ៍នោះ បានអះអាងទៀត ថា កិច្ចពិភាក្សាថ្មី ក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក ក៏រួមបញ្ចូល ទាំងប្រទេសអារ៉ាប់រួម (United Arab Emirates) និង តំបន់អឺរ៉ុប។ ប៉ុន្ដែលទ្ធផលជាក់ស្តែង អាចនឹងត្រូវប្រកាស នៅក្នុងពេលវេលាដ៏សំខាន់ណាមួយ នៅខាងក្រៅកិច្ចប្រជុំរបស់បណ្ដាមេដឹកនាំកំពូល នៃក្រុម G20 នាសប្តាហ៍នេះ។
លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវធ្វើដំណើរមកកាន់កិច្ចប្រជុំកំពូល G20 នៅក្នុងរដ្ឋធានីញូវដេលី (New Delhi) ប្រទេសឥណ្ឌា ជាកន្លែងដែលលោកប្រធានាធិបតី គ្រោងនឹងជួបពិភាក្សាគ្នា ជាមួយនឹងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉ែនដ្រា មូឌី (Narendra Modi) ហើយប្រហែលនឹងជាមានការពិភាក្សាដ៏សំខាន់ ជាមួយរាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ម៉ូហាមមេដ ប៊ីន សាលម៉ាន់ (Mohammed Bin Salman ) ផងដែរ។
ផែនការកំពង់ផែចម្រុះជាតិសាសន៍ និង កិច្ចព្រមព្រៀងផ្លូវដែក នឹងឈានមកដល់ នៅក្នុងពេលវេលាដ៏សំខាន់ណាមួយ នាពេលខាងមុខ។ គម្រោងនេះ ក៏ដើម្បីទប់ទល់នឹងការជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក ក្រោមគោលនយោបាយខ្សែក្រវាត់ និង ផ្លូវរបស់ចិន ព្រោះលោកប្រធានាធិបតី បៃដិន កំពុងតែដាក់ចេញផែនការ ជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្លាយជាដៃគូជំនួស សម្រាប់ផែនការរបស់ចិន និង ការវិនិយោគ នៅក្នុងប្រទេសងអភិវឌ្ឍ នៅកិច្ចប្រជុំ G20 ជាពិសេស នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ក្រៅពីជម្លោះការទូតនោះ ក្រុមមន្ត្រីជាច្រើន បានថ្លែង ថា ពួកគេសង្ឃឹម ថា កិច្ចព្រមព្រៀងលើហេដ្ឋារចនាសម្ព័ន្ធបែបនេះ អាចនឹងកាត់បន្ថយពេលវេលាដល់ដឹកជញ្ជូន ការចំណាយលើថ្លៃដើម ការប្រើប្រាស់ប្រេងឥន្ធនៈ និង ធ្វើឱ្យពាណិជ្ជកម្ម កាន់តែលឿន ហើយមានតម្លៃថោក៕










