បរទេស៖ លោក Keegan McNamara គឺជាវិស្វករជនជាតិអាមេរិកម្នាក់ដែលបានបង្កើតកុំព្យូទ័រប្លែកៗ ជាមួយនឹងចំណេះដឹងផ្នែកបច្ចេកវិទ្យា និងជំនាញការងារឈើរបស់គាត់។
លោក McNamara បាននិយាយថា តាំងពីតូចមក លោកបានរៀនជំនាញជាងឈើ ដែលឪពុកលោកបានបង្រៀន។ នៅពេលដែលលោកធំឡើង McNamara ក៏បានបន្តវិស័យបច្ចេកវិទ្យាព័ត៌មាន ដោយសារតែគាត់មានចំណង់ចំណូលចិត្តលើកុំព្យូទ័រ បន្ទាប់មកលោកក៏មានគំនិតមួយចង់បង្កើតកុំព្យូទ័រដែលធ្វើអំពីឈើ។
ដូច្នេះហើយ ជាជំហានដំបូង លោក McNamara បានទៅរោងម៉ាស៊ីនកិនឈើធំៗនៅទីក្រុង Los Angeles ហើយបានជ្រើសរើសសម្ភារៈដែលមានគុណភាពខ្ពស់។ ដោយគាត់បានគូរផ្នែកនីមួយៗនៅលើក្រដាស ថែមទាំងបង្កើតម៉ូដែលចេញពីដីឥដ្ឋ ដើម្បីប្រាកដថាផលិតផលដំបូងរបស់គាត់មិនដូចឧបករណ៍អេឡិចត្រូនិចដទៃទៀតទេ។
McNamara បានជ្រើសរើស Intel NUC ជាមជ្ឈមណ្ឌលដំណើរការទិន្នន័យ ដែលអាចប្ដូរតាមបំណងបានដោយផ្អែកលើបន្ទះឈីប Core i3 ល្បឿន ៤.១ GHz ខណៈពេលដែលបន្ថែម RAM ទំហំ ៨ GB អង្គផ្ទុកទិន្នន័យ ២៥០ GB និងអេក្រង់ទំហំ ៨ អ៊ីញដែលមានកម្រិតបង្ហាញខ្ពស់ និងប្រព័ន្ធប្រតិបត្តិការគឺ NixOS ដែលជាកំណែរបស់លីនុច។![]()
មិនយូរប៉ុន្មាននៅខែកក្កដា ឆ្នាំ២០២៣ នេះ លោក Keegan McNamara ក៏បានបង្កើតកុំព្យូទ័រឈើរបស់គាត់ដោយជោគជ័យ។ ដូចនេះ Mythic Computer គឺជាកុំព្យូទ័រឈើដំបូងដែលតម្រូវឱ្យអ្នកប្រើប្រាស់បញ្ចូលសោទៅក្នុងស៊ីឡាំងនៅជ្រុងខាងស្តាំនៃអេក្រង់ បន្ទាប់មកភ្លើងជូនដំណឹងប្រែពីពណ៌ក្រហមទៅជាពណ៌បៃតង ហើយម៉ាស៊ីននឹងរួចរាល់ដើម្បីដំណើរការ។
យោងតាមប្រភពព័ត៌មាន The Verge បានឱ្យដឹងថា Mythic Computer ពិតជាទទួលបានមតិវិជ្ជមានពីសហគមន៍អនឡាញខ្លាំងណាស់ ហើយចំពោះតម្លៃនៃកុំព្យូទ័រឈើនេះវិញគឺមិនទាន់ដឹងច្បាស់នៅឡើយទេ៕
ប្រភព៖vnexpress










