បឹងលំកុដ ជាបឹងធម្មជាតិដែលមាត់បឹងនេះមានសណ្ឋានដូចរូបបេះដូងមនុស្ស ។ បឹងនេះមានទំហំ២៥ហិកតា ជំរៅប្រមាណជា៦០ម៉ែត្រ ហើយមានលក្ខណៈអេកូឡូហ្ស៊ីដូចបឹងយក្សឡោមដែរ វាកើតឡើងពីបន្ទុះភ្នំភ្លើងកាលពីសម័យដើមដូចគ្នា ។
ស្ថិតនៅលើតំបន់ខ្ពង់រាប និងជួរភ្នំដែលគ្របដណ្តប់ដោយព្រៃត្រូពិចពណ៌បៃតងជានិច្ចបឹងលំកុដមានដើមឈើទ្រេតជាច្រើន ហាក់បីដូចជាចង់ដួលរលំទៅលើផ្ទៃទឹកបឹងដ៏ថ្លាពណ៌ខៀវស្រងាត់ ហើយជាធម្មតាទឹកមានភាពត្រជាក់ស្រេងជាងទឹកបឹងផ្សេងៗ។
ហ៊ុមទ័ព្ធជុំវិញដោយដុំថ្មក្រោមម្លប់នៃដើមឈើធំៗ បឹងដែលកើតឡើងពីបន្ទុះភ្នំភ្លើងបុរាណនេះ បានផ្តល់ជាសំបុកមច្ឆជាតិតូចធំជាច្រើនប្រភេទរស់នៅបន្តពូជពង្ស ហើយវាក៏ជាធ្នាក់ទាក់ទាញសត្វបក្សាបក្សីសុីត្រីជាអាហារ និងបក្សាបក្សីជាច្រើនទៀតរស់នៅជុំវិញមាត់បឹងនេះជាអចិ ន្ត្រៃយ៍។ នៅឆ្ងាយបន្តិចពីមាត់បឹងលំកុដ គឺជាកន្លែងរស់នៅដ៏សុខសាន្តរបស់ជនជាតិដើមភាគតិចទំពួន ព្នង និងជនជាតិឡាវ ។2.jpg)
បឹងលំកុដ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំសេដា ស្រុកលំផាត់ ដែលអ្នកទេសចរអាចទៅកាន់ទីនោះតាមផ្លូវជាតិលេខ៧៨A មានចំងាយប្រហែល៥៤គីឡូម៉ែត្រ ពីក្រុងបានលុង។ នៅរដូវប្រាំង រថយន្តភាគច្រើនអាចបើកបរទៅកាន់ទីនោះបាន ចំណែកនៅរដូវវស្សាវិញ មានតែរថយន្តប្រភេទខ្ពស់ៗទេ ទើបអាចទៅមកបានងាយស្រួល៕










