ប្រទេសថៃ ៖ វាបានក្លាយជាប្រធានបទក្តៅមួយនៅពេលមានការតម្កល់រូបសំណាកខ្មៅ «គ្រូកាយកែវ» នៅបរិវេណជិតផ្លូវបំបែកជា៤ ក្នុងតំបន់រ៉ាជឆាដា និងឡាតប្រាវ ដែលជាទីតាំងរបស់សណ្ឋាគារ Night Bazaar ។ ចុងក្រោយ ក្រុមប្រឹក្សាសិល្បៈលើកស្ទួយព្រះពុទ្ធសាសនាប្រទេសថៃបានចេញលិខិត១ច្បាប់ ដើម្បីស្នើឱ្យនាយកគ្រប់គ្រងសណ្ឋាគារ Night Bazaar នៅទីក្រុងបាងកក ពិចារណាប្តូរទីតាំងរូបសំណាកខ្មៅចេញពីបរិវេណនេះឱ្យបានឆាប់រហ័ស ។
ក្នុងលិខិតស្នើប្តូរទីតាំងរបស់ក្រុមប្រឹក្សាសិល្បៈលើកស្ទួយព្រះពុទ្ធសាសនាប្រទេសថៃ បានបញ្ជាក់ហេតុផលថា ការតម្កល់រូបសំណាកខ្មៅនៅបរិវេណនេះផ្ទុយនឹងព្រះពុទ្ធសាសនា ហើយអាចធ្វើឱ្យពលរដ្ឋថៃព្រួយបារម្ភ និងបាក់ទឹកចិត្តផងដែរ ពីព្រោះគេមានជំនឿថា ការតម្កល់នៅបរិវេណនេះនឹងគ្មានសិរីសួស្តីទេ ។
លិខិតស្នើប្តូរទីតាំងបញ្ជាក់ទៀតថា តាមព្រះពុទ្ធសាសនា ការដាក់ឈ្មោះថា «គ្រូកាយកែវ» សំដៅដល់អ្នកបានសម្រេចផ្លូវធម៌ដ៏ខ្ពង់ខ្ពស់ រហូតដល់មានរូបកាយជាកញ្ចក់ថ្លា ប៉ុន្តែរូបសំណាកខ្មៅមានរូបរាងចម្លែក ។ ដូច្នេះ ដើម្បីឱ្យពុទ្ធសាសនិកជន និងពលរដ្ឋរស់នៅក្បែរបរិវេណតម្កល់រូបសំណាកសប្បាយចិត្ត តំណាងក្រុមប្រឹក្សាសិល្បៈលើកស្ទួយព្រះពុទ្ធសាសនា និងអង្គការបណ្តាញព្រះពុទ្ធសាសនា នឹងរួមគ្នាទៅដាក់លិខិតស្នើផ្លាស់ប្តូរទីតាំងរូបសំណាក និងអំពាវនាវឱ្យនាយកគ្រប់គ្រងសណ្ឋាគារ Night Bazaar ពិចារណាបញ្ឈប់យកបរិវេណនេះធ្វើជាកន្លែងគោរពបូជាគ្រូកាយកែវ ក៏ដូចជាយករូបសំណាកខ្មៅចេញពីទីនេះ ។
អ្នកលេងបណ្តាញសង្គមថៃមិនយល់ស្របនឹងការតម្កល់រូបសំណាកខ្មៅទេ ហើយពួកគេលើកឡើងថា សណ្ឋាគារ Night Bazaar បានយករូបសំណាកមានរូបរាងចម្លែក និងគួរឱ្យខ្លាចមកតម្កល់នៅបរិវេណនេះ ដើម្បីឱ្យមនុស្សម្នាមកគោរពបូជាសុំពរ ហើយមើលទៅវាខុសនឹងព្រះពុទ្ធសាសនា ។ ដូចគ្នានេះ អ្នកមានចំណេះដឹងផ្នែកព្រះពុទ្ធសាសនាជាច្រើននាក់ ក៏បានរិះគន់យ៉ាងខ្លាំងក្នុងបណ្តាញសង្គមផងដែរថា បើទោះវាជាជំនឿរបស់បុគ្គល និងជាសិទ្ធិឯកជនក្តី ប៉ុន្តែនៅពេលរូបសំណាកនេះត្រូវបានផ្សព្វផ្សាយក្នុងផ្លូវមិនល្អយ៉ាងបើកចំហ និងយកមកតម្កល់ឱ្យមនុស្សទូទៅឃើញបែបនេះអាចធ្វើឱ្យពលរដ្ឋជាច្រើននាក់បារម្ភ និងភ័យខ្លាច ៕










