ប្រទេសម៉ាឡេស៊ី ៖ ក្រុមហ៊ុន Tesla បានចូលមកកាន់ទីផ្សារប្រទេសម៉ាឡេស៊ីជាផ្លូវការហើយ ក្រោយពីក្រុមហ៊ុននេះធ្វើការសម្ពោធនៅហាងទំនើបមួយឈ្មោះ Pavilion KL ក្នុងទីក្រុងកូឡាឡាំពួរ ។ ម៉ាឡេស៊ី គឺជាទីផ្សារបើកបររថយន្តប្រកាន់ស្តាំចុងក្រោយគេបំផុត ក្រោយពី Tesla បានចូលក្នុងទីផ្សារប្រទេសអង់គ្លេស ហុងកុង ម៉ាកាវ ជប៉ុន អូស្ត្រាលី សិង្ហបុរី និងថៃ ។
នៅក្នុងពិធីសម្ពោធមានការបង្ហាញរថយន្ត Tesla Model Y គ្រប់ប្រភេទជាលើកដំបូង ហើយក្រុមហ៊ុន Tesla បានប្រកាសថា នឹងដំណើរការស្ថានីយសាកថ្មរថយន្ត Supercharging លើកដំបូងនៅប្រទេសម៉ាឡេស៊ី ដែលស្ថិតនៅត្រង់បរិវេណចំណតរថយន្តក្រោមដីរបស់ហាងលក់ទំនិញខាងលើ ។ លើសពីនេះ ក្រុមហ៊ុនមានគម្រោងបើកស្ថានីយ Supercharging ជាច្រើនកន្លែងទៀតនៅតាមទីតាំងយុទ្ធសាស្ត្រផងដែរ ដើម្បីអាចគ្របដណ្តប់ចំណុចគោលដៅពេញនិយមនៅទូទាំងប្រទេស ។
ម៉ាឡេស៊ីស្ថិតក្នុងចំណោមប្រទេសទីផ្សារដែលក្រុមហ៊ុន Tesla មកវិនិយោគយឺតយ៉ាវ ខណៈក្រុមហ៊ុនគូប្រជែងក្នុងផ្នែកឧស្សាហកម្មរថយន្តអគ្គិសនីរឹងមាំជាច្រើនទៀតឈានជើងចូលមកកាន់ទីផ្សារនេះបានមួយរយៈហើយ ដូចជា ក្រុមហ៊ុន Audi, BMW, BYD, Hyundai, Kia, Mercedes Benz, Nissan, Porsche, Smart និង Volvo ។ លើសពីនេះ ក៏មានក្រុមហ៊ុននៅក្នុងស្រុកផងដែរ ដូចជា Proton ដែលសហការជាមួយក្រុមហ៊ុន Geely ។
ទោះយ៉ាងណា តម្លៃដែលអាចប្រកួតប្រជែងបាន និងបច្ចេកវិទ្យាជាន់ខ្ពស់របស់ក្រុមហ៊ុន Tesla អាចជាចំណុចមានប្រៀបមួយ ដែលជួយទាក់ទាញអតិថិជនក្នុងប្រទេសម៉ាឡេស៊ី ព្រមទាំងបង្កើនឱកាសឱ្យក្រុមហ៊ុន Tesla អាចកាន់កាប់ចំណែកទីផ្សារនាំមុខគេបាន ។

តាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្មបង្ហាញថា ក្រុមហ៊ុន Tesla ចាំបាច់ត្រូវតែបង្កើតស្ថានីយសាកថ្មរថយន្ត Supercharger សរុបចំនួន៥០កន្លែងឱ្យរួចរាល់ក្នុងរយៈពេល៣ឆ្នាំ ហើយ៣០% របស់ស្ថានីយសាកថ្មទាំងនេះ ត្រូវអនុញ្ញាតឱ្យយីហោផ្សេងប្រើប្រាស់ផងដែរ ។ ហេតុនេះ វាជាការអនុម័តមួយដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Tesla អាចបង្កើតស្ថានីយសាកថ្មរថយន្តនៅក្នុងប្រទេសបាន ។
កាលពីដើមឆ្នាំ២០២៣ គេសង្កេតឃើញថា ម៉ាឡេស៊ីមានស្ថានីយសាកថ្មរថយន្តសរុបចំនួន៩០០កន្លែង ហើយគេសង្ឃឹមថា ប្រទេសនេះនឹងមានស្ថានីយសាកថ្មរហូតដល់៤.០០០កន្លែងនៅចុងឆ្នាំ២០២៣ ៕ ប្រភព ៖ AEC connect










