រាជធានីតូក្យូ៖ បច្ចប្បន្នថ្វីបើ ជប៉ុន ជាប្រទេសដ៏ជឿនលឿនបំផុតមួយ ហើយក្លាយជាប្រទេសមហាសេដ្ឋកិច្ចលំដាប់លេខ៣របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និង ចិន ក៏ពិតមែន ប៉ុន្ដែប្រទេសជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់ក្រុងវ៉ាស៊ីនតោន នៅតំបន់អាស៊ីបូព៌ាមួយនេះ កំពុងតែកើតក្ដីកង្វល់យ៉ាងខ្លាំងបំផុត ក្រោយពេលកំណើនប្រជាជនរបស់ខ្លួន បានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នាមកនេះ។
ទីភ្នាក់ងារសារព័ត៌មានរបស់សហរដ្ឋអាមេរិក AP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ថា បើតាមទិន្នន័យរបស់រដ្ឋាភិបាល កាលពីថ្ងៃពុធ បានបង្ហាញ ថា ជប៉ុន បានជួបប្រទះនឹងកំណើនប្រជាជន ធ្លាក់ចុះយ៉ាងខ្លាំងបំផុត នៅក្នុងខេត្តទាំង៤៧របស់ខ្លួន កាលពីឆ្នាំ២០២២ ដែលមើលឃើញ អំពីចំនួនថយចុះជាលើកដំបូងបង្អស់។ បើទោះជាយ៉ាងនេះក្ដី ប៉ុន្ដែចំនួនជនបរទេសជាអ្នករស់នៅក្នុងប្រទេសជប៉ុន បានកើនឡើង ដល់កម្រិតខ្ពស់។
ក្រសួងកិច្ចការផ្ទៃក្នុង និង ទំនាក់ទំនងរបស់ប្រទេសជប៉ុន បានបញ្ចេញទិន្នន័យរបស់ខ្លួន កាលពីថ្ងៃពុធ ដោយផ្អែកលើការចុះបញ្ជីស្នាក់នៅ គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ បង្ហាញ ថា ប្រជាជនជប៉ុន បានធ្លាក់ចុះ ប្រហែលចំនួន ៨០០ ០០០នាក់ ឬស្មើនឹងប្រហែល 0,៦៥ភាគរយ ដោយមានចំនួនប្រជាជនសរុប មកនៅត្រឹមតែ ១២២,៤លាននាក់ នៅក្នុងឆ្នាំ២០២២ បើធៀបនឹងឆ្នាំមុន គឺបានធ្លាក់ចុះ រយៈពេល១៤ឆ្នាំជាប់ៗគ្នា។
ក្រសួងកិច្ចការផ្ទៃក្នុង បានបន្ដ ថា ប្រទេសជប៉ុន មានប្រជាជនសរុប ១២៥,៤១លាននាក់ ប៉ុន្ដែចំនួននេះ បានធ្លាក់ចុះជាងកន្លះលាននាក់ បើធៀបនឹងឆ្នាំមុន ប៉ុន្ដែមានការកើនឡើង ប្រហែល១០,៧ភាគរយ សម្រាប់ជនបរទេស បានចុះបញ្ជីស្នាក់នៅក្នុងប្រទេសជប៉ុន។
លោក យូ កូរេកាវ៉ា (Yu Korekawa) នាយកវិទ្យាស្ថានជាតិប្រជាជន និង ស្រាវជ្រាវសន្ដិសុខសង្គម (IPSS) បានអះអាង ថា គាត់មិនភ្ញាក់ផ្អើល ចំពោះការបន្ដថយចុះចំនួនប្រជាជនរបស់ជប៉ុន នោះឡើយ។ ប៉ុន្ដែគាត់បានកត់សម្គាល់ឃើញ ថា វាមានសារៈសំខាន់ខ្លាំង នៅក្នុងការយកចិត្តទុកដាក់ ចំពោះការកើនឡើង នៃចំនួនប្រជាជនបរទេស រស់នៅក្នុងប្រទេសជប៉ុន។
កំណើនប្រជាជនបរទេស រស់នៅក្នុងប្រទេសជប៉ុន បានកើនឡើងដ៏ច្រើនបំផុត ពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីក្រសួងកិច្ចការផ្ទៃក្នុង និង ទំនាក់ទំនង បានចាប់ផ្តើមធ្វើស្ថិតិ នៅក្នុងឆ្នាំ២០១៣។ បច្ចុប្បន្ន ប្រជាជនបរទេសរបស់ជប៉ុន មានចំនួនប្រហែល ២,៤ភាគរយ នៃចំនួនប្រជាជនជប៉ុនសរុប។
បច្ចុប្បន្ន ឥណ្ឌា ក្លាយជាប្រទេស មានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោក ដោយមានប្រជាជនសរុប ១ ៤២៨ ៦២៧ ៦៦៣នាក់ (ជាង ១,៤២៨ពាន់លាននាក់) ខណៈចិន បានធ្លាក់មកលំដាប់លេខ២ ដោយមានប្រជាជនសរុប ១ ៤១១ ៧៥០ ០០០នាក់ (ជាង១,៤១១ពាន់លាននាក់)។










