ក្រោយពីមានបញ្ហាសំឡេង និងមិនសូវជាចេញបទចម្រៀងលើទីផ្សារ និងលេចមុខតាមកម្មវិធីប្រគំតន្ត្រីដូចមុនតារាចម្រៀង សួស វីសា បានធ្វើឱ្យអ្នកគាំទ្រសម្លឹងឃើញថា នាងបានងាកទៅចាប់អាជីពសម្តែងបន្ថែមទៀតលើអាជីពចម្រៀង។ ទោះបីជាមិនអាចច្រៀងញឹកញាប់ដូចកាលពីមុនក្តីតែតារាចម្រៀងដែលមានងារជាជំទាវរូបនេះក៏ពង្រឹងវិស័យជំនួញផ្ទាល់ខ្លួនឱ្យកាន់តែមានទីផ្សារទូលំទូលាយផងដែរ។
សួស វីសា ជាតារាចម្រៀងមានប្រជាប្រិយភាពម្នាក់ក្នុងទ្រនំហង្សមាសមានបទចម្រៀងច្រើនដែលផ្ទុះលើទីផ្សារដោយសារទឹកដមសំឡេងតារាចម្រៀងរូបនេះផ្អែមមុត។ ទោះយ៉ាងណាបន្ទាប់ពីបំពេញតួនាទីជាម្តាយ និងមានបញ្ហាសុខភាពផង ធ្វើឱ្យតារាចម្រៀងរូបនេះមិនសូវជាសម្រុកទីផ្សារចម្រៀងខ្លាំងដូចមុននោះទេ។ ទោះបីជាការងារសិល្បៈផ្នែកចម្រៀងមិនសូវជាចេញមុខចេញមាត់ក្តីតែ សួស វីសា ក្តោបក្តាប់ជំនួយជាច្រើននៅក្នុងដៃស្វាមីក៏មានតួនាទីល្អខណៈដែលខ្លួនក៏មានងារជាជំទាវផងដែរ។
ថ្មីៗនេះទៀតសោត សួស វីសា បានបង្ហោះរូបភាព២សន្លឹកនៅលើបណ្តាញសង្គមដោយបានបញ្ជាក់ថាអ្នកនាងកំពុងថតកុន ហើយក្នុងរូបភាពនោះមានដូចជា លោកស្រី ទ្រី ដាណា លោកសេង មង្គល លោកឆឹម សក្កដា និងលោក ឡៅ បញ្ញា។ សួស វីសា បានឱ្យដឹងទៀតថាភាពយន្តដែលនាងកំពុងថតនេះមានចំណងជើងថា «តាមចាប់ស្នេហ៍» នឹងមានការចាក់បញ្ចាំងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ផងដែរ។
សូមបញ្ជាក់ផងដែរថា បើតាមការផ្តល់បទសម្ភាសនាពេលកន្លងមក សួស វីសា បានបញ្ជាក់ថាខ្លួនមិនបោះបង់សិល្បៈនោះទេតែក៏មិនផ្តេកផ្តួលលើការងារសិល្បៈទាំងស្រុងដែរទើបមានជំនួញក្នុងដៃទោះបីជាការធ្វើជំនួញមានការហត់ជាងការចេញទៅច្រៀងមួយភ្លែតៗបានទាំងការសប្បាយឯតម្លៃខ្លួនម្តងៗរាប់ពាន់ដុល្លារក្តី៕










