នៅពេលដែលទ័ពសៀម បានចូលមកលុកលុយវាយបែកក្រុងអង្គរ ជាលើកទីពីរ នៅឆ្នាំ១៣៩៣ នោះ ចៅពញាយ៉ាត ដែលជាព្រះរាជបុត្ររបស់ព្រះបាទសុរិយោវង្ស (ព្រះមហាក្សត្រដែលបានរំដោះក្រុងអង្គរពីកណ្ដាប់ដៃសៀម លើកទី១មកវិញ) បានរត់រួច ហើយភៀសព្រះអង្គទៅរៀបចំកេណ្ឌទ័ព និងបោះទីតាំងមូលដ្ឋានហាត់ហ្វឹកហ្វឺនទ័ពនៅទួលបាសាន ទីឋានដែលព្រះបិតាព្រះអង្គធ្លាប់បានប្រើប្រាស់ជាមូលដ្ឋានទ័ពពីលើកមុន។
ក្រោមការដឹកនាំរបស់ ពញាយ៉ាត ទ័ពខ្មែរបានរីកចម្រើនយ៉ាងឆាប់រហ័សបំផុត គឺរយៈពេលតែប្រាំខែប៉ុណ្ណោះ ទ័ពខ្មែរអាចមានសមត្ថភាពវាយរំដោះយកក្រុងអង្គរមកវិញបាន។ ប៉ុន្តែមុននឹងទ័ពធំចូលវាយលុកក្រុងអង្គរលើកនេះ ព្រះអង្គបានប្រើឧបាយកលអោយអាមាត្យជំនិតពីរនាក់ ឈ្មោះ ពេជ្រ និងពៅ ដែលជាបងប្អូនបង្កើត ដឹកនាំទាហានស្ម័គ្រចិត្ត ១០នាក់ ទៅសារភាពសុំចុះចូលជាមួយស្ដេចសៀម ព្រះឥន្ទរាជា ដែលសោយរាជ្យក្នុងក្រុងអង្គរ។ ហើយភ្លាមនោះ ដោយឃើញថាស្ដេចសៀម ភ្លេចខ្លួនហើយ បងប្អូនទាំងពីរនាក់ ក៏ដកកាំបិតស្នៀតដែលលាក់ក្នុងផ្នួងសក់ ស្ទុះទៅចាក់ ព្រះឥន្ទរាជា សុគតទៅ។
ពេលនោះ សភាពជ្រួលច្របល់ក្នុងមហានគរក៏ផ្ទុះឡើង។ ឯសម្ដេចចៅពញាយ៉ាតរាជា ដែលទ្រង់បានត្រៀមទ័ពរួចជាស្រេច ក៏ទ្រង់វាយសម្រុកចូលក្រុងអង្គរ ដោយជោគជ័យ ហើយទីបំផុត ក៏បានរំដោះរាជធានីអង្គរអោយរួចផុតពីកណ្ដាប់ដៃសៀម មកវិញនៅឆ្នាំ១៣៩៤។
ក្រោយពីបានទទួលជោគជ័យជាស្ថាពរហើយ សម្ដេចព្រះសុគន្ធារាជា គណៈរាជគ្រូ បុរោហិត រាជវង្សានុវង្ស អង្គអគ្គមហាសេនា សេនាបតីមន្ត្រីតូចធំ ខ្ញុំរាជការ ក៏យាងសម្ដេចចៅពញាយ៉ាត អោយឡើងសោយរាជ្យ ដែលមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះបរមយ៉ាតរាជាធិរាជ។ ហើយព្រះអង្គទ្រង់គ្រងរាជ្យដោយទសពិធរាជធម៌ ព្រះអង្គទ្រង់បានទំនុកបម្រុងព្រះពុទ្ធសាសនាយ៉ាងក្រៃលែង ហើយរាស្ត្រប្រជាគ្រប់គ្នាក៏ទទួលបានសុខសន្តិភាពជារៀងរហូតនៅក្នុងរាជ្យរបស់ព្រះអង្គ។
គួរបញ្ជាក់ផងដែរថា ព្រះបាទពញាយ៉ាត ដែលគ្រងរាជ្យនៅពាក់កណ្ដាលទីមួយនៃសតវត្សទី១៥ គឺជាព្រះមហាក្សត្រដែលជាប់ព្រះនាមក្នុងប្រវត្តិសាស្ត្រ ថាជាក្សត្រាអង់អាចក្លាហាន វាយរំដោះយកក្រុងអង្គរ ពីសៀម មកវិញបាន ហើយព្រមទាំងស្ដេចដែលលើករាជធានីមកតាំងនៅក្រុងភ្នំពេញសព្វថ្ងៃនេះផង៕










