នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ទីលានទុកដាក់សំរាមខេត្តកំពង់ធំដែលបានចំណាយថវិកាជាង៤លានដុល្លារដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមផែនការទីលានទុកដាក់សំរាមនេះអាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩៧ ៨៨៦ ម៉ែត្រគូប ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់រយៈពេល២០ឆ្នាំ សម្រាប់ប្រជាជនប្រមាណជា៣ម៉ឺននាក់ ជុំវិញទីរួមខេត្តកំពង់ធំ។
តាមការឱ្យដឹងពីក្រសួងសាធារណការទីលានទុកដាក់សម្រាមនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាគម្រោងមួយនៅក្នុង គម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រើប្រាស់ឥណទានពីធនាគារADB ក្នុងការស្ថាបនា ជាមួយទំហំទឹកប្រាក់ ៤ ៦២៩ ៣៩៩ ដុល្លារអាម៉េរិក ចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៧ កក្កដា ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ វិច្ឆិកា ២០២២។ សាងសង់លើផ្ទៃដីទំហំ ១៤,៧៣ ហិកតា នៃផ្ទៃដីសរុប ១៩,៧៦ ហិកតា។ រណ្តៅទុកដាក់សំរាមមានទទឹង៨០ម៉ែត្រ បណ្តោយ១៧០ម៉ែត្រ ជម្រៅ០២ម៉ែត្រ ដែលត្រូវជា ១,៣៦ហិកតា។.png)
គួរបញ្ជាក់ផងដែរថា ការដែលមានទីលានទុកដាក់សំរាមត្រឹមត្រូវ ស្របតាមបទដ្ឋានបច្ចេកទេសបែបនេះ គឺដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់គុណភាព សុខុមាលភាពការរស់នៅ របស់បងប្អូននៅក្នុងតំបន់ ក៏ដូចជាតំបន់ជុំវិញ។ ជាពិសេស គឺកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព ការបំពុល និងការបំផ្លាញបរិស្ថាន ព្រមទាំងធ្វើឱ្យខេត្តកំពង់ធំមានភាពស្រស់បំព្រងប្រកបដោយបរិយាប័ន្នផងដែរ៕
.png)










