ប្រទេសវៀតណាម ៖ រដូវប្រមូលផលផ្លែគូលេនរបស់វៀតណាមបានមកដល់ហើយ គេសង្កេតឃើញថា ពលរដ្ឋវៀតណាមជាច្រើននាក់នាំគ្នាដឹកជញ្ជូនផ្លែគូលេនមកកាន់ទីផ្សារនានា ។ ពលរដ្ឋវៀតណាមជឿថា គូលេន គឺជាផ្លែឈើនាំមកនូវសំណាងល្អ, ផ្លែឈើបង្ហាញក្តីស្រឡាញ់ និងភាពរ៉ូមែនទិក ។
ជាធម្មតា ប្រទេសវៀតណាមបានដាំដុះផ្លែគូលេននៅខេត្តចំនួន២ គឺខេត្ត Hai Duong និងខេត្ត Bac Giang ។ បច្ចុប្បន្ន គេចាត់ទុកថា ផ្លែគូលេន គឺជាខ្សែជីវិតរបស់កសិករវៀតណាមទៀតផង ។ ក្នុង១ឆ្នាំៗ ពួកគេបានដាំ និងប្រមូលផលផ្លែគូលេនប្រមាណ២សែនតោន ហើយផ្លែគូលេន១០% ក្នុងចំណោមគូលេនទាំងនេះ ត្រូវបានគេនាំចេញទៅក្រៅប្រទេស ។
ផ្លែគូលេនវៀតណាមល្បីល្បាញខាងមានសម្បកពណ៌ក្រហម សាច់ទន់ រសជាតិផ្អែមឆ្ងាញ់ និងពេញនិយមខ្លាំងនៅវៀតណាម ។ ពលរដ្ឋវៀតណាមបានដាក់ឈ្មោះថា គូលេន គឺជាផ្លែឈើនាំមកនូវលាភសំណាង, ផ្លែឈើក្តីស្រឡាញ់ និងផ្លែឈើរ៉ូមែនទិក ។ ចំណែកផ្ទៃដីដាំគូលេនមានគុណភាពបំផុត គឺនៅស្រុកឡុកង៉ាន់ ខេត្តបាក់កៀង និងស្រុកថាញ់ហា ខេត្តហាយសឿង ។ គូលេនដាំនៅក្នុងខេត្តទាំងពីរនេះ គឺមានលក្ខណៈពិសេសនៅត្រង់មានផ្លែធំៗ និងមានរសជាតិផ្អែមខ្លាំងជាងផ្លែគូលេនដែលបានដាំដុះនៅតំបន់ផ្សេងទៀតរបស់វៀតណាម ។
រដូវផ្លែគូលេននៅវៀតណាមមានរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ គឺចាប់ពីខែឧសភា ដល់ខែកក្កដា ហើយពេលល្អបំផុតសម្រាប់ការប្រមូលផល គឺនៅខែមិថុនា ។ ចំណែកតំបន់អំណោយផលក្នុងការដាំដុះ គឺតំបន់ភាគខាងជើងប្រទេសវៀតណាម ព្រោះគេជឿថា តំបន់ភាគខាងជើងជាដើមកំណើតរបស់ផ្លែគូលេនក្នុងស្រុក ដែលស្ថិតនៅតាមបណ្តោយទន្លេក្រហម (Red River) តាំងពី១០០ឆ្នាំមុនគ្រិស្តសករាជ ។
ពលរដ្ឋវៀតណាមជឿថា គូលេន គឺជាផ្លែឈើមង្គលនាំមកនូវលាភសំណាង ទ្រព្យសម្បត្តិ និងភាពសម្បូរបែបមកឱ្យពួកគេ ។ លើសពីនេះ វាជាផ្លែឈើសម្រាប់សុខភាពផងដែរ ដែលបានផ្តល់ជាតិសរសៃ ផ្តល់វីតាមីន មានធាតុរ៉ែ កាត់បន្ថយអាការៈឈឺចុកចាប់ ព្យាបាលជំងឺមហារីក និងតម្រងនោម ។ ក្រៅពីនេះ វាជាគ្រឿងសម្អាងពីធម្មជាតិ ដែលគេអាចកាត់បន្ថយស្លាកស្នាមនៅលើស្បែក ព្រមទាំងជួយឱ្យសរសៃសក់ និងឆ្អឹងរឹងមាំ ។
រយៈពេលជាច្រើនឆ្នាំកន្លងមក ការដាំគូលេនបានរីកសាយទៅដល់ប្រទេសផ្សេងទៀតដូចជា ចិន មីយ៉ាន់ម៉ា និងឥណ្ឌា ហើយចុងក្រោយ គេឃើញមានការដាំគូលេននៅប្រទេសម៉ាដាហ្គាស្ការ, អាហ្វ្រិកខាងត្បូង និងម៉ិកស៊ិក ។ ក្រៅពីនេះ គេក៏បានប្រទះឃើញដើមគូលេននៅប្រទេសសិង្ហបុរីផងដែរ ។ ប្រទេសវៀតណាមបានព្យាយាមដាំគូលេនឱ្យមានលក្ខណៈស្តង់ដារ និងត្រូវឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវមុនពេលនាំចេញទៅក្រៅប្រទេស ។ ដូច្នេះ ផ្លែគូលេនវៀតណាមមានការទទួលស្គាល់ពីអតិថិជននៅក្រៅប្រទេសថា គឺជាផ្លែឈើល្អបំផុតនៅលើពិភពលោក ។
ចាប់តាំងពីឆ្នាំ២០២០ មក ប្រទេសវៀតណាមបាននាំចេញផ្លែគូលេនទៅកាន់ប្រទេសសិង្ហបុរី ក្នុងចន្លោះពីខែឧសភា ដល់ខែកក្កដា ។ ប្រទេសវៀតណាមបានលើកកម្ពស់ផ្នែកទេសចរណ៍ «Vietnam Travel» ដែលគេរៀបចំដំណើរកម្សាន្តទៅកាន់ទីក្រុង Lug Ngan និង Thanh Ha ក្នុងរដូវកាលប្រមូលផលផ្លែគូលេន ។ លើសពីនេះ គេបានផ្សព្វផ្សាយក្នុងគេហទំព័រឈ្មោះ «Vietnam Travel Consultant» ថា បើចង់ជួបជាមួយកសិករដាំដុះផ្លែគូលេនក្នុងស្រុក ឬចង់បរិភោគផ្លែគូលេនឆ្ងាញ់បំផុតក្នុងចម្ការ ឬចង់ថតរូបក្នុងចម្ការគូលេនពិតប្រាកដ គឺអាចទំនាក់ទំនងមកកាន់គេហទំព័រនេះ ៕ ប្រភព ៖ Nation World News










