លោកជំទាវ ហ៊ុន ស៊ីណាត និងកូនស្រី លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប បានប្រកាសឧបត្ថម្ភព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែងលោកតា គង់ ណៃ ជារៀងរាល់ខែរយៈពេល៥ឆ្នាំ។ នេះបើតាមការឱ្យដឹងពីផេកសិល្បករកម្ពុជា និង សង្គម នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
ការឧបត្ថម្ភនេះរួមមាន៖ ទឹកប្រាក់ចំនួន ៥០០,០០០៛ក្នុង១ខែ, អង្ករ៥០គីឡូក្រាម ក្នុង១ខែ , ត្រីខ១យួ និងទឹកស៊ីអ៊ីវ២យួរ ដោយបានបញ្ជាក់ថា ៣ខែម្តងគឺលោកតា គង់ណៃ មកទទួលពីលោកជំទាវឧកញ៉ា នឹម វណ្ណៈ តាមរយ:មេធាវីរបស់លោកជំទាវ។
ក្នុងនោះដែរ ការប្រកាសឧបត្ថម្ភទៅដល់ព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែងលោកតា លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានឱ្យដឹងថា ដោយសារតែមើលឃើញពីវិរៈភាពតស៊ូស្រលាញ់បំរើវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ការអភិរក្សខិតខំថែរក្សាវប្បធម៌ខ្មែររបស់លោកតា គង់ ណៃ ជាមរតកមនុស្សរស់ និងដើម្បីចូលរួមចំណែកសម្រួលដល់ជីវភាពលោកតាគង់ ណៃ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលផងដែរ។
សូមបញ្ជាក់ថាលោកតា គង់ ណៃ បច្ចុប្បន្នមានអាយុ៧៩ឆ្នាំមានគោរមងារថាជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ក្រៅពីមានគោរមងារថ្នាក់ជាតិជាមរតកមនុស្សរស់ហើយនោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ជាធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ។ បន្ថែមពីលើនេះ ចាប៉ីដងវែងត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយកូនខ្មែរជំនាន់ក្រោយកុំភ្លេចចូលរួមថែរក្សាការពារវប្បធម៌ខ្មែរកុំឱ្យបាត់បង់ទើបស្តាយក្រោយ៕












