រដ្ឋបាលក្រុងប៉ោយប៉ែត កំពុងអនុវត្តន៍គម្រោងទីក្រុងគួរឱ្យចង់រស់នៅ ដែលគម្រោងនេះចំណាយទឹកប្រាក់៧៨លានដុល្លារក្នុងការអភិវឌ្ឍ ដើម្បីឱ្យក្រុងប៉ោយប៉ែតក្លាយជាក្រុងស៊ីវិល័យនិងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាជ័យ បានមានប្រសាសន៍ថា៖” ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលឆ្លងកាត់ទៅមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតរាជរដ្ឋាភិបាលបានគូសរំលេចនូវយុទ្ធសាស្ត្រមួយចំនួន សម្រាប់ត្រីវិស័យបង្ហាញផ្លូវពាក់ព័ន្ធក្នុងការអភិវឌ្ឍទីក្រុង ដែលរួមមាន៖
• ទី១:ត្រូវតែរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុង ហើយផ្អែកលើផែនការមេនេះ ត្រូវរៀបចំផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទីក្រុងប្រទាក់ក្រឡា និងមានលក្ខណៈជាប្រព័ន្ធ ដោយរួមបញ្ចូលទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ អគ្គិសនី ទឹកស្អាត ប្រព័ន្ធបណ្តាញឌីជីថល និងការគ្រប់គ្រងកាក សំណល់រឹង និងទឹកកខ្វក់ជាដើម។ល។
• ទី២: ត្រូវមានការរៀបចំស្ថាប័ន ដើម្បីកំណត់តួនាទីភារកិច្ចរបស់ស្ថាប័ននីមួយៗ ឱ្យបានច្បាស់លាស់ ក្នុងគោលដៅគ្រប់គ្រងប្រតិបត្តិការ និងថែទាំសមិទ្ធផលទទួលបានពីការវិនិយោគ ព្រមទាំងការកសាងសមត្ថភាពមន្ត្រីទទួលបន្ទុកផងដែរ។
លោកបន្តថា ជាក់ស្តែងសម្រាប់រដ្ឋបាលក្រុងប៉ោយប៉ែតក៏ទទួលបានគម្រោងថ្នាក់ជាតិមួយ គឺ “គម្រោងទីក្រុងគួរឲ្យចង់រស់នៅ” ហើយនៅក្នុងគម្រោងនេះដែរគឺមាន គោលដៅធំៗ៤ក្នុងការអភិវឌ្ឍក្រុងទី១គឺអភិវឌ្ឍន៍ប្រព័ន្ធលូទី២ គម្រោងធ្វើផ្លូវទី៣ធ្វើទីលានចាក់ សំរាម និងទី៤ គម្រោងចម្រោះទឹកកខ្វក់ខណៈបច្ចុប្បន្ននេះគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូត្រូវបានកសាងរួចរាល់ហើយបានរំដោះជំនន់ទឹក ភ្លៀងមិនឱ្យក្រុងប៉ោយប៉ែតជន់លិចផងដែរ៕












