ការមិនបោះបង់ ខំព្យាយាមរត់ឱ្យដល់ទី និងភាពលេចធ្លោនៃស្មារតីកីឡា ក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បានជួយឱ្យ កីឡាការិនី បូ សំណាង ក្លាយជាម្ចាស់ជ័យលាភីមួយរូបក្នុងចំណោមជ័យលាភីទាំងបីនៃការប្រកួត “ការបំផុសគំនិតស៊ីហ្គេមលើកទី៣២” ដែលរៀបចំដោយកាសែត Tuoi Tre របស់យុវវ័យវៀតណាម។
លោក Huy Tho អគ្គនាយករងកាសែតយុវវ័យវៀតណាម (Tuoi Tre) បានប្រាប់ឱ្យដឹងថា៖” កីឡាការិនី បូ សំណាង ជាកីឡាការិនីបរទេសលើកដំបូងគេហើយ ដែលបានទទួលពានរង្វាន់នេះពីកាសែតយុវវ័យវៀតណាម (Tuoi Tre)។ ហើយការបង្កើតកម្មវិធីបំផុសគំនិតស៊ីហ្គេមនេះឡើង មិនមែនធ្វើរៀងរាល់ឆ្នាំនោះទេ គឺធ្វើឡើងនៅពេលណាកីឡាករ កីឡាការិនីណាដែលមានភាពទាក់ទាញ ហើយត្រូវបានចាប់អារម្មណ៍ពីមហាជន ទាំងក្នុងនិងក្រៅប្រទេស ដូចកីឡាការិនី បូ សំណាង ដែលធ្វើឱ្យមានការទាក់ទាញ និងចាប់អារម្មណ៍ពីមនុស្សយ៉ាងច្រើននៅជុំវិញពិភពលោក តាមរយៈទំព័រសារព័ត៌មានជាតិ និងអន្តរជាតិ ។
លោក Huy Tho ក៏បានបញ្ជាក់ផងដែរថា ការផ្តល់ពានរង្វាន់នេះ រួមមានទឹកប្រាក់ផ្តល់ដោយកាសែតយុវវ័យវៀតណាម (Tuoi Tre) និងក្រុមហ៊ុន Herbalife Vietnam ចំនួន ២០លានដុង ប្រហាក់ប្រហែលនឹង ១ ០០០ ដុល្លារអាម៉េរិក ក្នុងម្នាក់ៗ និងឧបត្ថម្ភពីក្រុមហ៊ុនកៅស៊ូវៀតណាម ចំនួន ៥០០ដុល្លារថែមទៀត៕

ប្រភព៖ Vietnam Postsen










