គ្រោះថ្នាក់ នៃជំងឺដាច់សរសៃឈាមខួរក្បាលមានរោគសញ្ញាប្រហាក់ប្រហែលទៅនឹងការគាំងបេះដូងដែរ។ ជាក់ស្ដែង គ្រោះថ្នាក់នៃជំងឺនេះ កើតឡើងនៅពេលដែលផ្នែកខ្លះនៃខួរក្បាលត្រូវបានរំខាន និងធ្វើឱ្យរាងកាយមិនអាចដំណើរការបានប្រក្រតី។ ដូច្នេះហើយខាងក្រោមនេះគឺជាសញ្ញាគ្រោះថ្នាក់ទាំង ៥ នៃជំងឺដាច់សរសៃឈាមខួរក្បាល៖
១.វិលមុខភ្លាមៗ៖ នៅក្នុងការសិក្សាមួយបានបង្ហាញថា អាការៈវិលមុខ ក៏ជាកត្តាទូទៅក្នុងចំណោមអ្នកដែលកើតមានអាការៈគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ស្ថានភាពនៃការវង្វេងស្មារតីអាចជាលទ្ធផលនៃផ្នែកខួរក្បាលដែលរងផលប៉ះពាល់។
២.បញ្ហាភ្នែក៖ គ្រោះថ្នាក់សរសៃឈាមខួរក្បាលក៏អាចនាំឱ្យយើងងងឹតភ្នែកម្ខាង ឬព្រិលភ្នែកផងដែរ។
៣.ស្ពឹកខ្លួន ឬញ័រដៃជើង៖ ជាទូទៅ អាការៈស្ពឹកខ្លួន ឬញ័រដៃជើង ក៏ជាសញ្ញានៃគ្រោះថ្នាក់សរសៃឈាមដូចគ្នា នៅក្នុងករណីខ្លះ វាក៏អាចធ្វើឱ្យយើងពិការអវយវៈផងដែរ។
៤.សម្ពាធឈាមខ្ពស់៖ សម្ពាធឈាមខ្ពស់ អាចបណ្ដាលឱ្យយើងមានបញ្ហាធ្ងន់ធ្ងរជាច្រើន ដូចជាគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដោយបំផ្លាញសរសៃប្រសាទខួរក្បាល ឬធ្វើឱ្យសរសៃឈាមចុះខ្សោយ និងបណ្ដាលឱ្យសរសៃឈាមធ្លុះធ្លាយ។
៥.ឈឺក ឬឈឺក្បាលធ្ងន់ធ្ងរ៖ ក្នុងពេលដែលកើតមានអាការៈគ្រោះថ្នាក់សរសៃឈាមខួរក្បាល លំហូរឈាមទៅកាន់ខួរក្បាលត្រូវបានរារាំង ឬកាត់ផ្ដាច់ ដោយសារតែការរំខានដែលបណ្ដាលមកពីចរន្តឈាម។ កត្តានេះអាចបណ្ដាលឱ្យមានការដាច់រហែក ឬខូចខាតសរសៃឈាម ជាលទ្ធផល វាធ្វើឱ្យយើងចាប់ផ្ដើមឈឺក្បាលប្រកាំង ឬឈឺក្បាលភ្លាមៗ និងបណ្ដាលឱ្យយើងឈឺក ឬឈឺស្មា ជាដើម៕ ប្រភព៖ sanook










