តាមការឱ្យដឹងពីមូលនិធិគន្ធបុប្ផានៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានថវិកាបរិច្ចាគរហូតដល់ជាង ៨៣ម៉ឺនដុល្លារ ក្នុងរយៈពេលត្រឹមតែ ៦ថ្ងៃដំបូងប៉ុណ្ណោះពីសប្បុរសជនជាង ១៨ម៉ឺននាក់ ដែលនេះសបញ្ជាក់ពីទឹកចិត្ត និងស្មារតី “ខ្មែរជួយខ្មែរ” កំពុងតែផុលផុស និងរស់រវើកក្នុងចំណោមប្រជាជនខ្មែរយើងនៅគ្រប់ទិសទី។
យុទ្ធនាការខាងលើនេះនៅមិនទាន់បញ្ចប់នៅឡើយទេរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដែលអាចឱ្យសប្បុរសជនដទៃទៀតនៅបន្តបរិច្ចាគតិចក្តី ច្រើនក្តី ដើម្បីរួមគ្នាផ្ដល់ក្ដីស្រលាញ់ដល់កុមារនៅកម្ពុជា។
សូមបញ្ជាក់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ត្រូវបានរៀបចំម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២២ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន និងទទួលបានថវិកាបរិច្ចាគជាង ៣០ម៉ឺនដុល្លារអាម៉េរិក។ ខណៈមន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម ៤០លានដុល្លារអាម៉េរិក ក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង៕










