ប្រទេសថៃ ៖ អ្នកនាង Paethongthan Shinawatra ជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានលើកឡើងថា អ្នកនាងមិនរំពឹងចាំឱ្យផ្លែក្រូចជ្រុះទេ ហើយអ្នកនាងនឹងជំរុញគណបក្សកាវក្លៃដើម្បីបង្កើតរដ្ឋាភិបាលដោយជោគជ័យ ។ អ្នកនាងនឹងជំរុញលោក Phitha Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ ឱ្យក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ ។ ការបោះឆ្នោតនៅឆ្នាំ២០២៣ គណបក្សភឿថៃទទួលបានសំឡេងឆ្នោតចំនួន១៤១អាសនៈ ហើយបានក្លាយជាគណបក្សទី២ ដែលចូលរួមបង្កើតរដ្ឋាភិបាលជាមួយគណបក្សកាវក្លៃ ។
កាលពីថ្ងៃទី២៤ ខែឧសភា គណបក្សភឿថៃបានរៀបចំការប្រជុំមួយអំពីប្រធានបទ «លើកទឹកចិត្ត និងបន្តដំណើរឆ្ពោះទៅមុខដើម្បីពលរដ្ឋ» ដោយមានការចូលរួមពីលោក Chonnan Srikaew ជាមេដឹកនាំគណបក្សភឿថៃ, លោក Phumtham Wechayachai អនុប្រធានគណបក្សភឿថៃ, លោក Prasert Chanruangthong លេខាគណបក្សភឿថៃ, អ្នកនាង Paethongthan Shinawatra និងលោក Srettha Thavisin ជាបេក្ខជននាយករដ្ឋមន្ត្រីគណបក្សភឿថៃ ព្រមទាំងសមាជិកផ្សេងទៀតជាង៥០០នាក់ ។
ក្នុងកម្មវិធីនេះ អ្នកនាង Paethongthan Shinawatra ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃបានលើកឡើងថា ក្នុងឋានៈគណបក្សភឿថៃបានទទួលជ័យជម្នះក្នុងការបោះឆ្នោតស្ថិតក្នុងលំដាប់ទី២ យើងនឹងគាំទ្រគណបក្សជាប់ឆ្នោតលំដាប់ទី១ ជានិច្ច ហើយយើងមិនរំពឹងឱ្យផ្លែក្រូចជ្រុះនោះទេ ប៉ុន្តែយើងនឹងជួយឱ្យគណបក្សកាវក្លៃបង្កើតរដ្ឋាភិបាលដោយជោគជ័យនាពេលនេះ ។ យើងនឹងរួមធ្វើការជាមួយគ្នាបន្តទៀត ហើយយើងនឹងធ្វើអ្វីឱ្យល្អប្រសើរឡើងខ្លះសម្រាប់ការបោះឆ្នោតអាណត្តិថ្មី ។
អ្នកនាងបន្តថា ៖ «ខ្ញុំសូមសំណូមពរឱ្យរដ្ឋាភិបាលប្រើប្រាស់បណ្តាញសង្គមឱ្យកាន់តែច្រើនជាងមុន ប៉ុន្តែការចុះទៅតាមភូមិស្រុក និងការជិតស្និទ្ធជាមួយពលរដ្ឋ នៅតែចាំបាច់ដូចគ្នា ។ ខ្ញុំក៏សូមអរគុណទៅកាន់បេក្ខជនទាំងអស់ដែលប្រឹងប្រែងធ្វើការយ៉ាងខ្លាំង និងលះបង់កម្លាំងកាយចិត្តមករហូត ហើយនៅថ្ងៃអនាគត បណ្តាញសង្គមនៅតែមានសារសំខាន់ និងចង់ឱ្យគ្រប់គ្នាមានទំនុកចិត្តលើខ្លួនឯង និងមិត្តភក្តិ ។ យើងមានមោទនភាពចំពោះគណបក្សរបស់យើង និងមោទនភាពចំពោះខ្លួនយើងផងដែរ» ។
ការលើកឡើងរបស់អ្នកនាង Paethongthan Shinawatra នេះ ស្របពេលគេមិនប្រាកដថា លោក Phitha Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ នឹងទទួលបានសំឡេងគាំទ្រដើម្បីក្លាយជានាយករដ្ឋមន្ត្រីដែរឬទេ ពីព្រោះត្រូវតែមានសំឡេងគាំទ្រ៣៧៦ ពីសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ។ លើសពីនេះ លោក Phitha Limjaroenrat អាចប្រឈមនឹងការកាត់សិទ្ធិផ្នែកនយោបាយ ដោយសារលោកកាន់កាប់ភាគហ៊ុន ។ ហេតុនេះ គេគិតថា បើលោក Phitha Limjaroenrat មិនអាចឆ្លងផុតបញ្ហាប្រឈមទេ តើគណបក្សភឿថៃនឹងបង្កើតរដ្ឋាភិបាលជំនួសដែរឬដែរ?
ក្រៅពីនេះ គណបក្សផ្លាំងប្រាឆារ៉ាត់អាចនឹងរំលាយគណបក្សរបស់ខ្លួន ហើយមកចូលរួមជាមួយគណបក្សភឿថៃ ហេតុនេះ ធ្វើឱ្យគណបក្សភឿថៃមានចំនួនសភាតំណាងរាស្ត្រវ៉ាដាច់គណបក្សកាវក្លៃ ហើយក្លាយជាគណបក្សធំទី១ ជំនួសគណបក្សកាវក្លៃ ។ លើសពីនេះ ក៏មានការខ្វែងគំនិតគ្នារវាងសមាជិកគណបក្សភឿថៃ និងកាវក្លៃផងដែរ ពាក់ព័ន្ធនឹងរឿងតំណែងប្រធានសភាតំណាងរាស្ត្រ ៕ ប្រភព ៖ sanook










