លោក Elon Musk ជាមហាសេដ្ឋី និង CEO របស់ក្រុមហ៊ុន Tesla បានលើកឡើងថា លោកបារម្ភពីការងារកូនៗរបស់លោកទាំង៨នាក់នាថ្ងៃអនាគត ដែលអាចប្រឈមនឹងការប្រកួតប្រជែងពីបញ្ញាសិប្បនិម្មិត (AI) ហើយវានឹងធ្វើឱ្យទីផ្សារការងារផ្លាស់ប្តូរនៅលើពិភពលោក ។ លោកបាននិយាយទៅកាន់សារព័ត៌មាន CNBC កាលពីថ្ងៃទី១៦ ខែឧសភា កន្លងមកថា ៖ «តើយើងនឹងរកតម្លៃខ្លួនយើងដោយរបៀបណា ហើយយើងនឹងស្វែងរកអត្ថន័យជីវិតរបៀបណា បើ AI អាចបំពេញការងាររបស់យើងបានល្អជាងយើងធ្វើទៅទៀត» ។
លោកបន្តថា ខ្លួនលោកក៏មិនទាន់ប្រាកដចិត្តថា តើមនុស្សជំនាន់ក្រោយនឹងកាន់តែពិបាករកតម្លៃឱ្យខ្លួនឯងដែរឬអត់ ? ខណៈនៅលើពិភពលោកនេះ បច្ចេកវិទ្យា AI អាចធ្វើការងារបានទាំងអស់ជំនួសមនុស្ស ។ ទោះយ៉ាងណា ពាក្យណែនាំដែលលោក Elon Musk ចង់ណែនាំទៅកាន់កូនៗរបស់លោកនោះ គឺព្យាយាមធ្វើប្រយោជន៍ដល់សង្គមឱ្យបានច្រើនបំផុត និងពិនិត្យឡើងវិញនូវភាពសំខាន់នៃតុល្យភាពរវាងជីវិត និងការងារ ។
CEO ដ៏ល្បីឈ្មោះរបស់ក្រុមហ៊ុន Tesla បន្ថែមថា ពាក្យណែនាំដំបូងរបស់លោកមិនមែនជារឿងថ្មីប្លែកទេ ព្រោះលោកគិតថា មនុស្សចាំបាច់ត្រូវស្វែងរកអ្វីដែលខ្លួនស្រឡាញ់ និងចាប់អារម្មណ៍ ហើយព្យាយាមធ្វើរឿងនោះឱ្យកើតជាប្រយោជន៍ដល់សង្គមឱ្យច្រើនបំផុត ។
ចំណែកពាក្យណែនាំទី២ លោក Elon Musk បង្ហាញថា បច្ចុប្បន្ន លោកបានប្រើពេលវេលា៦ម៉ោងក្នុង១ថ្ងៃលើការគេង និងធ្វើការ៧ថ្ងៃក្នុង១សប្តាហ៍ ហើយលោកគ្មានថ្ងៃឈប់សម្រាកទេ ។ លោកបន្តថា ក្នុង១ឆ្នាំ លោកឈប់សម្រាកពីការងារពី២ ទៅ៣ថ្ងៃប៉ុណ្ណោះ ដូច្នេះ ការធ្វើការបែបនេះធ្វើឱ្យលោកសួរមកកាន់ខ្លួនឯងថា តើវាសមដែរឬទេ ? ខណៈមានការងារជាច្រើនដែលលោកអាចប្រើប្រាស់ AI ឱ្យធ្វើជំនួសបាន ។
លោកលើកឡើងថា ៖ «ខ្ញុំធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីបង្កើតក្រុមហ៊ុនផ្សេងៗឡើងមក ។ ប៉ុន្តែខ្ញុំក៏សួរខ្លួនឯងដូចគ្នាថា តើវាត្រឹមត្រូវដែរឬទេ ដែលខ្ញុំត្រូវធ្វើការងារ ហើយលះបង់ពេលវេលាជាមួយមិត្តភក្តិ និងគ្រួសារ ខណៈ AI អាចធ្វើការជាច្រើនជំនួសខ្ញុំបាន ហើយខ្ញុំក៏មិនប្រាកដចិត្តខ្លួនឯងដែរ» ។
បច្ចុប្បន្ន លោក Elon Musk ក៏មានតួនាទីជានាយកគ្រប់គ្រងជាន់ខ្ពស់ក្នុងក្រុមហ៊ុនជាច្រើនទៀត ដូចជា Tesla, SpaceX, Twitter, Neuralink និង The Boring Company ។ ដូច្នេះ វាគ្មានអី្វចម្លែកទេ ដែលលោកត្រូវធ្វើការរហូតស្ទើរគ្មានពេលឈប់សម្រាក ។![]()
សាស្ត្រាចារ្យផ្នែកហិរញ្ញវត្ថុមកពី Northwestern University’s Kellogg School of Management បានវិភាគថា ពិភពលោកនាថ្ងៃអនាគត ការងារផ្នែករដ្ឋបាល និងការងារក្នុងការិយាល័យនឹងប្រឈមខ្លាំង ដោយសារគេអាចយក AI មកធ្វើការជំនួសមនុស្ស រីឯការងារផ្នែកឌីសាញ និង software engineer ក៏ប្រឈមដូចគ្នាដែរ ។ លើសពីនេះ បើទោះជាការងារត្រូវប្រើប្រាស់ជំនាញមនុស្សជាចម្បង ដូចជា អ្នកព្យាបាលជំងឺផ្លូវចិត្ត, ការងារសំណង់ និងការងារទំនាក់ទំនង ក៏ត្រូវបានគេយក AI មកជួយធ្វើការក្នុងផ្នែកទាំងនេះផងដែរ ៕ ប្រភព ៖ The standard wealth










