កាលពីយប់មិញនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់មានគណនីហ្វេកប៊ុកមួយឈ្មោះថា « Su Lingg» ជានារីស្រស់ស្អាតម្នាក់បានចេញមកទម្លាយថា តាំង គីមឡេង ដែលត្រូវជាគូណ្តឹងរបស់នាងបានប្រើប្រាស់អំពើហិង្សា និងគំរាមសម្លាប់នាងទាំងមុននិងក្រោយពេលសម្រាលកូន រួមទាំងទម្លាយទៀតថា តាំង គីមឡេង ជាសប្បុរសធម៌ក្លែងក្លាយ ធ្វើបុណ្យបាំងបាប សម្តែងល្អលើហ្វេកប៊ុក និងប៉ិនសម្តែងធ្វើតួកម្សត់។
ដោយសារអស់ភាពអត់ធ្មត់នារីស្រស់ស្អាតម្នាក់ចេញមកទម្លាយគ្មានសល់នៅលើបណ្តាញសង្គម ជាមួយវីដេអូ ដែលត្រូវបានគេប្រើប្រាស់អំពើហិង្សា និងគំរាមសម្លាប់ ទៀតផង។ គណនីហេ្វកប៊ុកឈ្មោះ « Su Lingg» បានទម្លាយវីដេអូ ព្រមទាំងរៀបរាប់នៅយប់ថ្ងៃទី១៨ ខែឧសភា ថា « តាំង គីមឡេង អ្នកឯងបានភ្ជាប់ពាក្យ មកនៅផ្ទះខាងខ្ញុំ សន្យាថាចាប់ដៃគ្នាប្រឹងរកស៊ីដោយអ្នកឯងបានយកលុយពីឪពុកខ្ញុំ ៥ -៦ម៉ឺនដុល្លារដើម្បីដាក់ទុនរកស៊ីបន្ថែម ដល់ពេលខ្ញុំសួរលុយកាក់ អ្នកឯងវៃធ្វើបាបខ្ញុំ គំរាមសម្លាប់ខ្ញុំដដែលៗ ទាំងមុនខ្ញុំមានទម្ងន់ រហូតកើតកូនហើយ កូនខ្ចី»។
នារីខាងលើនេះ បន្តទៀតថា «អ្នកឯងប៉ិនសម្តែងកម្សត់ ធ្វើល្អលើហ្វេសបុក តែអ្នកវៃខ្ញុំដូចសត្វធាតុ ធ្វើបុណ្យបាំងបាប សប្បុរសធម៌ក្លែងក្លាយ ខ្ញុំអត់ទ្រាំយូរហើយគិតថាខ្មាស់គេ អាណិតកូន តែសណ្តានអ្នកឯងនៅតែដដែលៗដាក់ខ្ញុំ។ សូមបងប្អូនជួយរក យុត្តិធម៌ឱ្យនាងខ្ញុំផង ខ្ញុំរងទុក្ខវេទនាទាំងផ្លូវចិត្តផ្លូវកាយ ខាតបង់ទាំងលុយកាក់ និង កិត្តិយស»។
ការទម្លាយរបស់នារីខាងលើនេះ ក៏បានភ្ជាប់ជាមួយដីកាកោះ ដោយដើមបណ្តឹងមានឈ្មោះថា ឆៃ សុខឡេង អាយុ២២ឆ្នាំ ភេទស្រី បានដាក់ពាក្យបណ្តឹង ឈ្មោះ តាំង គីមឡេង ករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬ អនីតិសង្វាសជន គំរាមកំហែងថានឹងសម្លាប់ និង បោះបង់អនីតិជន។
ក្រោយពីវីដេអូ និងខ្លឹមសារត្រូវបានចែកចាយ អ្នកលេងបណ្តាញសង្គមសំដែងការខកចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់ តាំង គីមឡេង មិននឹកស្មានថាអាចធ្វើរៀងនេះទៅរួម ព្រោះកន្លងមកលោក បានបង្ហាញសកម្មភាពសប្បុរសធម៌ជាច្រើន។ យ៉ាងណាមិញ ប្រសិនបើលោក តាំង គីមឡេង មានអ្វីចង់បកស្រាយបន្ថែមជុំវិញការបង្ហោះរបស់នារីខាងលើនេះ អាចចេញមុខបញ្ជាក់បាន៕










