Home ព័ត៌មានអន្តរជាតិ ហេតុអ្វីអ្នកឃោសនារកសំឡេងឆ្នោតនៅថៃត្រូវសំពះឆ្កែ ?

ហេតុអ្វីអ្នកឃោសនារកសំឡេងឆ្នោតនៅថៃត្រូវសំពះឆ្កែ ?

72
0

ប្រទេសថៃ ៖ ជនបរទេសជាច្រើននាក់បាននាំគ្នាសួរ ខណៈពួកគេមិនយល់ថា ហេតុអ្វីបានជាជនជាតិថៃត្រូវសំពះឆ្កែដែរ ? ហើយជនបរទេសទាំងនេះបានសូមឱ្យពលរដ្ឋថៃពន្យល់ប្រាប់ពួកគេ ។ ក្រោយពីជនបរទេសបង្ហោះរូបអ្នកឃោសនារកសំឡេងឆ្នោតនៅប្រទេសថៃលើកដៃសំពះឆ្កែ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅថៃចូលមកបញ្ចេញមតិយ៉ាងច្រើន ។

គេសង្កេតឃើញថា ក្នុងអំឡុងពេលបោះឆ្នោតនៅប្រទេសថៃ មានបេក្ខជនមកពីគណបក្សផ្សេងៗដើរមកឃោសនារកសំឡេងឆ្នោតតាមផ្ទះពលរដ្ឋ ។ ដូច្នេះ នៅពេលចុះមកតាមភូមិ បេក្ខជនម្នាក់ៗបានបង្ហាញឥរិយាបថសុភាពរាបសារ ប៉ុន្តែពេលខ្លះគេឃើញថា ពួកគេសម្តែងចរិតស្លូតបូតជ្រុលពេក រហូតដល់ធ្វើឱ្យជនបរទេសងឿងឆ្ងល់ ។

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ មានជនបរទេសម្នាក់បានបង្ហោះសារនៅលើគេហទំព័រ reddit ព្រមទាំងបង្ហោះរូបរបស់បុរសឃោសនារកសំឡេងឆ្នោតមកពីគណបក្សនយោបាយមួយ ដែលបុរសនេះបង្ហាញកាយវិការស្រដៀងគ្នានឹងការលើកដៃសំពះឆ្កែ ។ ជនបរទេសខាងលើសរសេរថា គាត់មានអារម្មណ៍ឆ្ងល់ជាខ្លាំង ហើយចង់បានការបកស្រាយថា ហេតុអ្វីបានជាបុរសមកឃោសនារកសំឡេងឆ្នោតធ្វើបែបនេះ ?

ចំណែកអ្នកលេងបណ្តាញសង្គមនៅប្រទេសថៃបានបញ្ចេញមតិជាច្រើន អ្នកខ្លះប្រាប់ថា វាជារឿងកំប្លែងសម្រាប់នៅអំឡុងពេលមុនការបោះឆ្នោត ដែលបេក្ខជនទាំងឡាយត្រូវធ្វើខ្លួនឱ្យសុភាពជាមួយគ្រប់គ្នា និងគ្រប់ឋានៈទាំងអស់ ដើម្បីទិញទឹកចិត្តពលរដ្ឋឱ្យបានច្រើនបំផុត ។ ចំណែកអ្នកខ្លះទៀតនិយាយលេងសើចថា គាត់ធ្វើបែបនេះ ប្រហែលជាកុំឱ្យឆ្កែខាំគាត់ ។

ពលរដ្ឋថៃខ្លះនិយាយថា ក្នុងរដូវកាលរកសំឡេងឆ្នោត អ្នកមកឃោសនាតែងតែសុភាពជ្រុល រហូតដល់ពួកគេលើកដៃសំពះគ្រប់គ្នា រួមទាំងឆ្កែផងដែរ ។ ចំណែកអ្នកលេងបណ្តាញសង្គមថៃម្នាក់ទៀតថា វាជាការគោរពដល់សត្វទាំងអស់ និងគួរឱ្យអស់សំណើច ៕ ប្រភព ៖ khaosod