រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងពីការបើកខ្សែពិសេសរថយន្តក្រុងសាធារណៈ (Expres Bus)សម្រាប់បម្រើដល់ការធ្វើដំណើទៅទស្សនា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដោយពលរដ្ឋជិះដោយមិនបង់ប្រាក់។
តាមសេចក្តីជូនដំណឹងនៅថ្ងៃទី៥ ឧសភា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំខ្សែរត់ពិសេស រថយន្តក្រុងសាធារណៈ (Epress Bus) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សម្រាប់បម្រើដល់ការធ្វើដំណើររបស់ មហាជន រួមទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ ទៅទស្សនាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាខាងលើ ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ក្នុងនោះរួមមាន៖
១- ខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ (Express Bus) ខ្សែទី១៖ ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងកោះពេជ្រ តាមបណ្តោយវិថីតីរព្រះស៊ីសុវត្ថិ ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុងនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងឈប់ នៅទីតាំងសំខាន់ៗមួយចំនួនដូចជា៖ ទីតាំងប្រកួតសណ្ឋាគារណាហ្គាវើលដ៍ទី១ និង ទី២ រួចបន្តដំណើរលើតីរវិថី ព្រះស៊ីសុវត្ថិ, ឈប់នៅស្ថានីយចំណតរង្វង់មូលកួចកាណុង និងឈប់នៅទីតាំងប្រកួត នៃកីឡដ្ឋានកងយោធពលខេមរ ភូមិន្ទ(ស្តាតចាស់) បន្ទាប់មកឆ្លងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយឈប់នៅទីតាំងប្រកួតដាយណូស័រអឹឡាយហ្វ ទីតាំង ប្រកួតមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍OCIC ទីតាំងប្រកួតក្នុងបុរីរុងរឿង និងទីតាំងប្រកួតសហភាពសហព័ន្ធយុវជន កម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក) រួចបន្តដំណើរតាមផ្លូវជាតិលេខ៦អា, ឈប់នៅទីតាំងប្រកួតវាយកូនហ្គោលហ្គាឌិន ស៊ីធីហើយធ្វើដំណើរឆ្ពោះមកចំណតរង់ចាំរថយន្តក្រុងនៃពហុកីឡដ្ឋានជាតិមរតកតេជោ។
២- ខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ (Express Bus) ខ្សែទី២៖ ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងពហុកីឡដ្ឋាន ជាតិអូឡាំពិក តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី បន្តមកមហាវិថីព្រះមុនីវង្ស ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុង នៃ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងឈប់នៅទីតាំងសំខាន់ៗមួយចំនួនដូចជា៖ ឈប់នៅស្ថានីយចំណតរង់ចាំ រង្វង់មូលកួចកាណុង និងឈប់នៅទីតាំងប្រកួតកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) រួចបន្តដំណើរមក វិថីឧកញ៉ាឃ្លាំងមឿង កាត់តាមតំបន់អភិវឌ្ឍន៍កាំកូស៊ីធី, ឈប់នៅទីតាំងប្រកួតក្លឹបបាល់ទាត់ភ្នំពេញក្រោន និងឈប់ នៅទីតាំងប្រកួតកីឡដ្ឋានព្រីនស៍ និងបន្តដំណើរតាមមហាវិថីឈ្នះឈ្នះទៅកាន់ចំណតរង់ចាំរថយន្តក្រុង នៃពហុកីឡដ្ឋានជាតិមរតកតេជោ៕











