Home ព័ត៌មានជាតិ មោទកភាព! គុនល្បុក្កតោ និងគុនខ្មែរ បញ្ចូលជាផ្លូវការក្នុងធម្មនុញ្ញនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍

មោទកភាព! គុនល្បុក្កតោ និងគុនខ្មែរ បញ្ចូលជាផ្លូវការក្នុងធម្មនុញ្ញនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍

79
0

កីឡាគុនល្បុក្កតោ និងកីឡាគុនខ្មែរ ត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងធម្មនុញ្ញ នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលនាំឱ្យកម្ពុជាមានលទ្ធភាពរៀបចំការប្រកួតកីឡាទាំងពីរក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាបន្ដបន្ទាប់ទៀតនៅបណ្ដាប្រទេសម្ចាស់ផ្ទះក្រោយ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ CAMSOC ។
ការសម្រេចនេះបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) នៅថ្ងៃទី៤ ខែឧសភា ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមានអ្នកចូលរួមពីគណៈកម្មាធិការអូឡាំពិកនៃសមាជិកអាស៊ាន។

បន្ថែមពីលើនេះ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងពីប្រទេសជាសមាជិកគឺឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ បានយ៉ាងល្អ ដែលទទួលបានការចាប់អារម្មណ៍ពីពិភពលោក ក្រោមបដា “កម្ពុជា ២០២៣” និងជាមួយពាក្យស្លោក “កីឡា៖ រស់ក្នុងសន្តិភាព”។

ជាមួយគ្នានេះ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះដែលកម្ពុជាទើបមានឱកាសបានធ្វើជាលើកដំបូង គ្រប់ប្រតិភូកីឡាមកចូលរួមព្រឹត្តការណ៍កីឡាស៊ីហ្គេមក៏កម្ពុជា សម្រេចមិនគិតថ្លៃសេវាអាហារ និងកន្លែងស្នាក់ផងដែរ។
គូសបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង អាស៊ានប៉ារ៉ាហ្គេម ២០២៣ ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ ការប្រកួតកីឡាស៊ីហ្គេម មានសរុបចំនួន ៣៧ប្រភេទកីឡា ត្រូវនឹងវិញ្ញាសារហូតដល់ ៥៨៦វិញ្ញាសា ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន៖ ព្រះសីហនុ, កែប, កំពត និងសៀមរាប៕May be an image of text