ប្រទេសអេស្ប៉ាញ ៖ ភ្នាក់ងារអាកាសធាតុអេស្ប៉ាញ AEMET បានបញ្ជាក់ថា ក្រៅពីត្រូវប្រឈមនឹងគ្រោះរាំងស្ងួតអស់រយៈពេលដ៏យូរហើយ ប្រទេសអេស្ប៉ាញត្រូវជួបនឹងអាកាសធាតុក្តៅខ្លាំងថែមទៀត ដោយសារសីតុណ្ហភាពក្នុងប្រទេសនេះកើនឡើង និងមានខ្យល់ស្ងួតបក់ពីអាហ្វ្រិក ។
តំបន់ជាច្រើននៅប្រទេសអេស្ប៉ាញត្រៀមផែនការបើកឱ្យប្រើប្រាស់អាងហែលទឹកសាធារណៈមុនពេលកំណត់ និងផ្លាស់ប្តូរកាលវិភាគសិក្សារបស់សាលារៀនផ្សេងៗផងដែរ ។ មន្ត្រីឧតុនិយមដាស់តឿនថា អេស្ប៉ាញនឹងប្រឈមជាមួយភ្លើងឆេះព្រៃខ្លាំងក្លា ដោយសារសីតុណ្ហភាពកើនឡើង ។
មន្ត្រីឧតុនិយមប្រកាសថា សីតុណ្ហភាពនៅអេស្ប៉ាញនឹងកើនឡើងពី៣៨ ទៅ៤០អង្សារសេនៅជ្រលងភ្នំ Guadalquivir ស្ថិតនៅភាគខាងត្បូងប្រទេសអេស្ប៉ាញ រួមទាំងទីក្រុង Cordoba ផងដែរ ។ ដូច្នេះ វាជាសីតុណ្ហភាពខ្ពស់បំផុតសម្រាប់ខែមេសា ឆ្នាំ២០២៣ គិតចាប់ពីផ្នែកឧតុនិយមបានកត់ត្រាទិន្នន័យនៅឆ្នាំ១៩៦១ មក ។
ភ្នាក់ងារអាកាសធាតុ AEMET បញ្ជាក់ថា អាកាសធាតុក្តៅខ្លាំងនឹងធ្វើឱ្យតំបន់ជាច្រើនងាយនឹងកើតភ្លើងឆេះព្រៃ ។ ដូច្នេះ តំបន់ក្តៅបំផុតរបស់អេស្ប៉ាញ គឺទីក្រុង Sevilla ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស ។ គេបានបង្កើនថវិកាសម្រាប់ការិយាល័យបង្ការគ្រោះអាសន្ន និងបង្កើនចំនួនគ្រូពេទ្យពិសេសសម្រាប់ព្យាបាល ក្នុងករណីមន្ត្រីទាំងអស់មានបញ្ហាសុខភាពក្នុងអំឡុងពេលពួកគេបំពេញកាតព្វកិច្ចពន្លត់ភ្លើង ។
ប្រទេសអេស្ប៉ាញបានប្រឈមនឹងបញ្ហាភ្លៀងធ្លាក់តិចក្រោមកម្រិតមធ្យមក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា ។ ចំណែករដ្ឋមន្ត្រីបរិស្ថានអេស្ប៉ាញ លោកស្រី Teresa Ribera ថ្លែងថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត ប្រទេសអេស្ប៉ាញនឹងស្មុគស្មាញខ្លាំងដោយសារអាកាសធាតុក្តៅ ។ លើសពីនេះ អេស្ប៉ាញត្រូវប្រឈមនឹងភ្លៀងធ្លាក់តិចតួចនៅខែឧសភា, មិថុនា និងកក្កដា ដូច្នេះ វានឹងក្លាយជាក្តីបារម្ភធំមួយ ។ រីឯការទប់ស្កាត់គ្រោះរាំងស្ងួត រដ្ឋាភិបាលប្រកាសមិនប្រមូលពន្ធស្មើទឹកប្រាក់ចំនួន១.៨០០លានយូរ៉ូពីកសិករចំនួន៨២ម៉ឺន៨ពាន់នាក់ ខណៈពួកគេជួបបញ្ហាមិនទទួលបានទិន្នផលកសិកម្ម ៕
ប្រភព ៖ Tnn earth










