នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ប្រជាពលរដ្ឋរាប់នាក់ដែលរងគ្រោះដោយសារឧកញ៉ា ជា សារ៉ន បានចូលរួមដោះស្រាយវិវាទសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈភិបាលខេត្តកំពតហើយ ក្នុងនោះឧកញ៉ា ជា សារ៉នក៏មានវត្តមាននៃការដោះស្រាយលើកនេះផងដែរ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារបានអំពាវនាវស្វែងរកយុត្តិធម៌ពីថ្នាក់ដឹកនាំក្រោយពីឧកញ៉ាជា សារ៉ន មិនព្រមផ្តល់អត្ថប្រយោជន៍ដល់ពួកគាត់ជាច្រើនខែ ដែលបានខ្ចីលុយធនាគារមកវិនិយោគជាមួយឧកញ៉ារូបនេះដោយក្នុងមួយគ្រួសារតិចបំផុតចំនួន១ម៉ឺនដុល្លារ និងច្រើនបំផុត១០ម៉ឺនដុល្លារ។ ប៉ុន្តែក្រុមហ៊ុន ជា សារ៉ន ដែលល្បីរឿងវិនិយោគដីឡូត៍ចំណេញប្រាក់ខ្ពស់នេះ បាន រំលោភលើសេចក្តីទុកចិត្តលើកិច្ចសន្យាជាមួយពលរដ្ឋ១០០០គ្រួសារនៅខេត្តកំពត។ ក្នុងនោះជនរងគ្រោះជាច្រើនគ្រួសារស្នើឱ្យថ្នាក់ដឹកនាំជួយដោះស្រាយ ហើយស្នើឱ្យឧកញ៉ា ជា សារ៉ន ចូលខ្លួនដោះស្រាយលើបញ្ហានេះ ព្រោះពួកគាត់ត្រូវយកលុយទៅបង់ធនាគារ។
យ៉ាងណានៅព្រឹកថ្ងៃទី២២ ខែមេសា ស្ថិតនៅទីតាំងបរិវេណវត្តអង្គឈូក ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពតមាន ប្រជាពលរដ្ឋរាប់ពាន់នាក់បានចូលខ្លួនមកដោះស្រាយបញ្ហាខាងលើនេះជាមួយអភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន រួមជាមួយឧកញ៉ា ជា សារ៉ន និងក្រុមការងារលោកក៏បានចូលខ្លួនមកដោះស្រាយជាមួយប្រជាពលរដ្ឋផងដែរ។ បន្ថែមពីលើនេះអ្នកលេងបណ្តាញសង្គមជាច្រើនសង្ឃឹមថា អភិបាលខេត្តកំពតនឹងរកដំណោះស្រាយដ៏ល្អមួយដល់គ្រួសារជនរងគ្រោះដែលចាញ់បោកក្រោមស្នាដៃរបស់ឧកញ៉ារូបនេះ៕












