ប្រទេសថៃ ៖ លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងលោកវេជ្ជបណ្ឌិត Opas Karnkawinpong មកពីក្រសួងសុខាភិបាល បានរួមគ្នាធ្វើកិច្ចប្រជុំត្រួតពិនិត្យស្ថានការណ៍ជំងឺកូវីដ-១៩ រួមជាមួយនាយកប្រតិបត្តិក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។ លោក Anutin ថ្លែងថា លោកបានស្តាប់ពីស្ថានការណ៍ជំងឺកូវីដដែលបានឆ្លងរាតត្បាតខ្លាំងនៅប្រទេសថៃ ហើយបើតាមការព្យាកររបស់នាយកដ្ឋានគ្រប់គ្រងជំងឺ គឺជំងឺកូវីតនេះមិនធ្ងន់ធ្ងរដូចពេលមុនទេ ។
លោក Anutin លើកឡើងថា ពលរដ្ឋថៃភាគច្រើនមានភាពស៊ាំនឹងជំងឺនេះហើយ ទាំងការឆ្លងរោគ និងការទទួលបានវ៉ាក់សាំង ។ រីឯករណីជំងឺកូវីដពូជថ្មីឈ្មោះ XBB.1.16 ដែលគេផ្សព្វផ្សាយថា កំពុងឆ្លងរាលដាលខ្លាំង ហើយធ្វើឱ្យមនុស្សជាច្រើនបារម្ភនោះ គឺវាជារឿងធម្មជាតិដែលមេរោគត្រូវបំលែងខ្លួនគ្រប់ពេលវេលា ។ ប៉ុន្តែវាជាពូជផ្សំគ្នារបស់ពូជអូមីក្រុង ហើយវាមិនធ្ងន់ធ្ងរលើសពូជចាស់ទេ ។ ចំណែកអ្នកងាយឆ្លងជំងឺកូវីដពូជថ្មីនេះ គឺអ្នកមិនទាន់បានចាក់វ៉ាក់សាំង ឬទទួលបានវ៉ាក់សាំងចុងក្រោយលើសពី៦ខែ ។
លោក Anutin បន្តថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ នៅតែមានភាពចាំបាច់ដើម្បីធ្វើឱ្យខ្លួនយើងស៊ាំ ហើយវានឹងជួយមិនឱ្យយើងឈឺធ្ងន់ធ្ងរ និងស្លាប់ ជាពិសេស ក្រុមងាយឆ្លងជំងឺនេះ ។ លោកបានបញ្ជាឱ្យមន្ទីរពេទ្យនៅទូទាំងប្រទេស និងមន្ទីរពេទ្យស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋាន រៀបចំកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ ដោយផ្តល់លក្ខណៈងាយស្រួលដល់ពលរដ្ឋ ។
បច្ចុប្បន្ន ប្រទេសថៃមានវ៉ាក់សាំងភាគច្រើនជាប្រភេទ Bivalent ។ ក្រុមគ្រូពេទ្យនិយាយថា ពលរដ្ឋអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ និងវ៉ាក់សាំងការពារផ្តាសាយធំបានក្នុងពេលជាមួយគ្នា ។ ដូច្នេះ សំណូមពរឱ្យពលរដ្ឋទាំងអស់នាំគ្នាមកចាក់វ៉ាក់សាំងការពារកូវីដ និងវ៉ាក់សាំងផ្តាសាយធំព្រមគ្នា ។ រីឯករណីពលរដ្ឋបារម្ភថា ជំងឺកូវីដនឹងឆ្លងរាតត្បាតខ្លាំងនោះ ក្រុមគ្រូពេទ្យសូមបញ្ជាក់ថា មន្ទីរពេទ្យបានត្រៀមរួចស្រេចហើយក្នុងការព្យាបាលជំងឺជូនពលរដ្ឋ ដូចជា ថ្នាំ និងឧបករណ៍ផ្សេងៗ ។
ចំណែកការផ្សព្វផ្សាយព័ត៌មានពីជំងឺធ្ងន់ធ្ងរផ្សេងៗដូចជា ហូរឈាមពីរន្ធច្រមុះ និងភ្នែកក្រហមនោះ គឺអាការៈទាំងនេះអាចកើតឡើងបាន ប៉ុន្តែវាមិនកើតឡើងចំពោះមនុស្សគ្រប់គ្នាទេ ។ កន្លងមក មានពលករបរទេសមកធ្វើការនៅប្រទេសថៃ ហើយបានស្លាប់ភ្លាមៗបន្ទាប់ពីពិនិត្យតាម ATK ឃើញលទ្ធផលវិជ្ជមាន ហើយគេនិយាយថា ពលករនេះបានឆ្លងជំងឺកូវីដពូជថ្មី XBB.1.16 ដោយសារភ្នែកមានពណ៌ក្រហម ។ ដូច្នេះ វាមិនអាចទៅរួចទេ ព្រោះបើឆ្លងជំងឺកូវីដមែន វាមិនបានធ្វើឱ្យស្លាប់ភ្លាមៗទេ គឺត្រូវឈឺជាមុនសិន ។
ជាចុងក្រោយ លោក Anutin បានចាត់ឱ្យនាយកដ្ឋានគ្រប់គ្រងជំងឺបង្កើនការផ្សព្វផ្សាយព័ត៌មាន ដើម្បីឱ្យពលរដ្ឋបានយល់ដឹងកាន់តែច្រើន និងចៀសវាងការភ័យខ្លាច ៕ ប្រភព ៖ sanook










