ប្រទេសនូវែលសេឡង់ ៖ ទីក្រុង Canterbury ប្រទេសនូវែលសេឡង់បានបើកការប្រកួតមួយឈ្មោះថា The North Canterbury Hunting Competition ដោយឱ្យក្មេងៗមានអាយុក្រោម១៤ឆ្នាំសម្លាប់ឆ្មាកាច ហើយអ្នកដែលសម្លាប់ឆ្មាបានច្រើនបំផុតនៅខែមិថុនា ឆ្នាំ២០២៣ នឹងទទួលបានប្រាក់រង្វាន់ចំនួន២៥០ដុល្លារអាមេរិក ។ អ្នករៀបចំកម្មវិធីប្រកួតនេះលើកឡើងថា ដើម្បីរកប្រាក់ទៅបរិច្ចាគឱ្យសាលារៀន និងធ្វើអាងហែលទឹកក្នុងតំបន់ ។
ការប្រកួតនេះត្រូវបានសមាគមការពារការធ្វើទារុណកម្មសត្វរិះគន់យ៉ាងខ្លាំងក្លា ពីព្រោះក្មេងៗមិនអាចបែងចែកភាពខុសគ្នារវាងឆ្មាគ្មានម្ចាស់ ឆ្មាគេចិញ្ចឹម និងឆ្មាកាចនោះទេ ឬនិយាយឱ្យស្រួលស្តាប់ថា សត្វឆ្មាវាដូចគ្នាទាំងអស់ ហើយធ្វើឱ្យឆ្មាចិញ្ចឹមរបស់ពលរដ្ឋប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។
អ្នករៀបចំកម្មវិធីប្រកួតសម្លាប់ឆ្មានិយាយថា គេនឹងយកឆ្មាទាំងនេះទៅស្កេនរក microchip ដើម្បីបញ្ជាក់ថា វាជាឆ្មាគេចិញ្ចឹមឬអត់ ។ ប៉ុន្តែសមាគមការពារការធ្វើទារុណកម្មសត្វនិយាយថា បញ្ហានៅត្រង់ថា អ្នករៀបចំការប្រកួតនឹងពិសោធន៍លើឆ្មានេះ នៅពេលគេបាញ់វាងាប់ហើយ ។ មិនតែប៉ុណ្ណោះ សមាគមការពារការធ្វើទារុណកម្មសត្វនិយាយថា អ្នករៀបចំការប្រកួតនឹងឱ្យក្មេងៗប្រើកាំភ្លើងខ្យល់ក្នុងការបាញ់សត្វទៀតផង ។ ការប្រើកាំភ្លើងនឹងធ្វើឱ្យឆ្មាឈឺចុកចាប់ និងត្រូវរងទុក្ខវេទនាខ្លាំង ដោយប្រើពេលយូរណាស់ទម្រាំវាងាប់ ព្រោះវាមិនងាប់ភ្លាមៗទេក្រោយការបាញ់ ។
អ្នកវិទ្យាសាស្ត្រមកពី Department of Conservation និយាយថា ៖ «ឆ្មាកាច និងឆ្មាចិញ្ចឹម គឺជាពូជដូចគ្នា ហើយការកំណត់ភាពខុសប្លែកគ្នារវាងឆ្មាកាច និងឆ្មាចិញ្ចឹមមិនអាចធ្វើបានទេ» ។
កាលពីឆ្នាំ២០២២ គេក៏ធ្លាប់បានប្រកួតសម្លាប់សត្វព្រៃម្តងដែរ ដោយពេលនោះ គេអាចទាក់ទាញឱ្យក្មេងៗជាង២៥០នាក់ដើរបាញ់សត្វព្រៃដោយប្រើកាំភ្លើងខ្យល់ ។ ក្មេងទាំងនោះបានបាញ់ទន្សាយព្រៃ និងទន្សាយចិញ្ចឹមងាប់អស់ជាង៤២៧ក្បាល ហើយឆ្នាំ២០២៣នេះ ជាឆ្នាំដំបូងដែលគេឱ្យក្មេងៗបាញ់សម្លាប់ឆ្មា ។
គេចាត់ទុកថា ឆ្មាព្រៃ និងឆ្មានៅតាមផ្ទះបានបង្កគ្រោះថ្នាក់ខ្លាំងនៅប្រទេសនូវែលសេឡង់ ព្រោះពួកវាស៊ីបក្សី និងស៊ុតបក្សីដែលជិតផុតពូជ ហើយស៊ីបង្កួយ ប្រចៀវ និងសត្វល្អិត ។ មុននេះ អ្នកនយោបាយមួយចំនួនក៏ធ្លាប់រិះគន់រឿងឆ្មាបង្កគ្រោះថ្នាក់ដល់សត្វផ្សេងៗដែរ ។ កាលពីឆ្នាំ២០១៣ អ្នកធ្វើយុទ្ធនាការនយោបាយបានអំពាវនាវឱ្យសម្លាប់សត្វឆ្មាទាំងអស់នៅប្រទេសនូវែលសេឡង់ ប៉ុន្តែការអំពាវនាវនេះមិនសូវមានអ្នកគាំទ្រប៉ុន្មានទេ ។ ចំណែកអ្នកការពារសិទ្ធិសត្វឱ្យដឹងថា មានវិធីជាច្រើនដើម្បីរកប្រាក់ ប៉ុន្តែពួកគេពុំគួរបញ្ជូនក្មេងៗទៅសម្លាប់ឆ្មាទេ ៕
ប្រភព ៖ environman










