ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើឱ្យមន្ត្រីមូលដ្ឋានចុះពិនិត្យមើលករណីការលក់សត្វព្រៃរាយពពាយតាមបណ្តោយផ្លូវជាតិលេខ៦ នៅស្រុកបាធាយ ខេត្តកំពង់ចាម ក្រោយពីអ្នកលេងបណ្តាញសង្គមបានបង្ហោះថា មានការលក់សត្វព្រៃជាច្រើននិងបង្ហាញការសោកស្តាយដែលសត្វព្រៃនៅកម្ពុជាប្រឈមការផុតពូជមិនខាន។

មានគណនីហ្វេកប៊ុកមួយឈ្មោះថា «កសិករ២១»បានបង្ហាញការសោកស្តាយក្នុងនាមជាអ្នកស្រុកបាធាយម្នាក់ ដែលមានការលក់សត្វព្រៃជាអាហារស្ទើរក្លាយទៅជាប្រពៃណីទៅហើយ។ គណនីខាងលើនេះក៏បានបញ្ជាក់ថាទីតាំងដែលមានការលក់សត្វព្រៃរាយពពាយនេះគឺនៅតាមបណ្តាញផ្លូវជាតិលេខ៦ ចន្លោះពីភ្នំបាធាយទៅស្ពានដែក ផ្សារទំនប់ ដែលមានការលក់សត្វព្រៃពេញៗកញ្ច្រែង។

ក្រោយពីដំណឹងនេះបានសាយភាយពេញបណ្តាញសង្គម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះថា «ផ្ញើជូនអាជ្ញាធរមូលដ្ឋាន»។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក្នុងយុទ្ធនាការអន្ទាក់សូន្យ ក្នុងខេត្តពោធិ៍សាត់ ក្រសួងបរិស្ថាន បានអំពាវនាវឱ្យប្រជាពលរដ្ឋ ទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ ព្រោះសកម្មភាពទាំងនេះ សុទ្ធតែប៉ះពាល់ដល់សត្វព្រៃ និងជីវចម្រុះរបស់កម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM3aPxrjWu3nQp9RptkQaDfUkzs3JvEatzDjNwOPPpa-LHGhMv5iDgzdRbHz3p5PyXSfI8BLA76rJHwH1tzWc6Csb1GlMj1c7kF8BGtHGGwKlkddL-wPhgcx8QDl6EfkMBWgS-Mtqs8rJMWt-b_dUdL9z2GNWWIERkNTSzTngJPf1VRH5KbasEn1Yh/s1280/photo_2023-04-20_15-02-40.jpg