Home ព័ត៌មានអន្តរជាតិ អាកាសធាតុក្តៅខ្លាំង ពលរដ្ឋខេត្តនគរាជសីមានាំគ្នាចូលហាងទំនើប

អាកាសធាតុក្តៅខ្លាំង ពលរដ្ឋខេត្តនគរាជសីមានាំគ្នាចូលហាងទំនើប

67
0

ប្រទេសថៃ ៖ នៅថ្ងៃទី៦ ខែមេសា ស្ថានីយឧតុនិយមខេត្តនគរាជសីមាបានព្យាករណ៍អាកាសធាតុថា នៅថ្ងៃទី៧ ខែមេសា ខេត្តនេះមានអាកាសធាតុក្តៅខ្លាំង និងចុះអ័ព្ទនៅពេលថ្ងៃ ខណៈកាលពីថ្ងៃទី៥ ខែមេសា កន្លងមក សីតុណ្ហភាពកើនឡើងខ្ពស់បំផុត គឺស្មើនឹង៣៩អង្សារសេ ។ គេសង្ឃឹមថា សីតុណ្ហភាពនឹងធ្លាក់ចុះមកត្រឹម៣៨អង្សារសេនៅថ្ងៃទី៦ ខែមេសា ដោយសារមានខ្យល់ព្យុះ និងផ្គររន្ទះនៅតាមតំបន់ខ្លះ ដែលធ្វើឱ្យអាកាសធាតុក្តៅធ្លាក់ចុះ ។

ទោះយ៉ាងណា មួយរយៈនេះ អាកាសធាតុនៅប្រទេសថៃក្តៅខ្លាំងណាស់ គឺនៅពេលថ្ងៃ សីតុណ្ហភាពឡើងដល់៤០អង្សារសេឯណោះ ។ ដូច្នេះ គេឃើញឪពុកម្តាយសិស្សជាច្រើនបាននាំកូនចៅរបស់ខ្លួន និងមនុស្សចាស់នៅក្នុងផ្ទះទៅដើរកម្សាន្តតាមហាងទំនើបៗ ដើម្បីអង្គុយនៅកន្លែងមានម៉ាស៊ីនត្រជាក់ ក៏ដូចជាគេចពីអាកាសធាតុក្តៅផងដែរ ។ លើសពីនេះ មានក្រុមគ្រួសារជាច្រើនបានផ្លាស់ប្តូរគម្រោងដើរកម្សាន្តពេលក្មេងវ៉ាកង ហើយនាំគ្នាមកដើរលេងក្នុងហាងទំនើបវិញ ជាជាងទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍នានា ។

គេសង្កេតឃើញថា នៅតាមសួនកម្សាន្ត កន្លែងលេងទឹក និងភោជនីយដ្ឋាននានាក្នុងហាងលក់ទំនិញ ឬមជ្ឈមណ្ឌលពាណិជ្ជកម្ម រហូតដល់កន្លែង check in ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ទទួលបានការពេញនិយមជាខ្លាំងពីសំណាក់ភ្ញៀវ ហើយមានភ្ញៀវជាច្រើននាក់បានមករកសេវាកម្មនានាក្នុងផ្សារទំនើបជាបន្តបន្ទាប់ ដែលធ្វើឱ្យអាជីវកម្មទាំងនោះកាក់កបក្នុងរដូវក្តៅនេះ ។

ផ្សារទំនើបមួយឈ្មោះ The mall នៅខេត្តនគរាជសីមា គឺមានពលរដ្ឋរស់នៅក្នុងខេត្តនេះ និងមកពីខេត្តផ្សេងនាំគ្នាមករង់ចាំនៅមុខផ្សារទំនើបតាំងពីផ្សារនេះមិនទាន់បើកទ្វារ ក្នុងនោះមានអ្នកធ្វើការ និងមនុស្សចាស់ផងដែរ ។ លើសពីនេះ អ្នកខ្លះមកជាក្រុមគ្រួសារ និងក្រុមយុវវ័យនាំគ្នាមកទិញទំនិញ បរិភោគអាហារ និងសម្រាកលំហែរយកខ្យល់ត្រជាក់ក្នុងផ្សារទៀតផង ។

កញ្ញា សុផាន់សា គីងណុក អាយុ១៦ឆ្នាំ និយាយថា នាងបានមកលេងទីនេះជាមួយបងស្រី និងក្មួយអាយុ៦ឆ្នាំ ហើយនាងមកអង្គុយចាំតាំងពីផ្សារមិនទាន់បើកទ្វារម៉្លេះ ។ អាកាសធាតុខាងក្រៅក្តៅណាស់ នាងនៅផ្ទះមិនបានទេ ព្រោះខ្លាចក្មួយតូចរបស់នាងឈឺ ។ នាងបន្តថា បើនាងបើកម៉ាស៊ីនត្រជាក់ ឬកង្ហារនៅផ្ទះវាអស់ភ្លើង ដូច្នេះហើយនាងនាំគ្នាមកផ្សារទំនើបដើម្បីគេចពីអាកាសធាតុក្តៅ ដែលទីនេះមានម៉ាស៊ីនត្រជាក់ ហើយមានសេវាកម្មជាច្រើនទៀតងាយស្រួលដល់នាងអាចអង្គុយលេងនៅទីនេះពេញមួយថ្ងៃ ។

ចំណែកអ្នកនាង ផាតឆារ៉ាផន គង់ឆឺនជីត អាយុ៣៣ឆ្នាំ និយាយថា នាងបានធ្វើដំណើរមកពីខេត្តបុរីរាំ ដើម្បីមកលេងសាច់ញាតិនៅខេត្តនគរាជសីមា ។ ពីដំបូង នាងបានដាក់ផែនការថា នឹងនាំគ្រួសារមកលេងនៅទីនេះ ប៉ុន្តែអាកាសធាតុខាងក្រៅក្តៅពេក នាងមិនដឹងទៅលេងនៅកន្លែងណាទេ ។ នាងថា បើនៅផ្ទះ តម្លៃភ្លើងក៏ថ្លៃ ដូច្នេះ នាងបាននាំបងស្រី និងក្មួយៗមកលេងក្នុងផ្សារទំនើបនេះ ព្រោះមានអាកាសធាតុត្រជាក់ជាងខាងក្រៅ និងបានសប្បាយរីករាយផងដែរ ៕ ប្រភព ៖ khaosod