ចាប់ពីថ្ងៃទី១-៣០ មេសា ឆ្នាំ២០២៣ កម្ពុជានឹងធ្វើជំរឿនកសិកម្ម តាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ហើយនេះក៏ជាការជំរឿនកសិកម្មលើកទី២ផងដែរសម្រាប់ប្រទេសកម្ពុជា ខណៈប្រទេសជាច្រើនលើពិភពលោក ក្នុងនោះប្រទេសដែលមានសុខសន្តិភាព នយោបាយ សុទ្ធតែមានការជំរឿនកសិកម្ម។ បន្ថែមពីនេះ សម្តេច បានអំពាវនាវឱ្យម្ចាស់សហគ្រាស កសិដ្ឋាន កសិកម្ម ផ្តល់ព័ត៌មានពិត ស្មោះត្រង់ ដល់មន្រ្តីជំរឿនកសិកម្ម ដើម្បីទទួលបានស្ថិតិល្អ នឹងជួយជំរុញឱ្យប្រទេសមានការអភិវឌ្ឍន៍រីកចម្រើន។
ការធ្វើជំរឿនកសិកម្ម គឺធ្វើឡើងស្របតាមច្បាប់ ស្តីពី ស្ថិតិ ដែលបានកំណត់នូវកាតព្វកិច្ចរបស់ម្ចាស់អង្គភាពកសិកម្មទាំងអស់ មានជាអាទិ៍ សហគ្រាសកសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មនីមួយៗ។
ក្នុងសារអំពាវនាវរបស់នាយករដ្ឋមន្ត្រី ការធ្វើជំរឿនកសិកម្មមានគោលបំណងដើម្បីទទួលបាននូវព័ត៌មានសំខាន់ៗ ក្នុងវិស័យកសិកម្ម ស្តីពី ស្ថានភាពកសិកម្ម ដើម្បីធ្វើជាមូលដ្ឋានទិន្នន័យគ្រឹះ សម្រាប់រៀបចំគោលនយោបាយយុទ្ធសាស្ត្រផែនការ សកម្មភាព និងគម្រោងកម្មវិធីនានា ដើម្បីជំរុញកិច្ចអភិវឌ្ឍវិស័យកសិកម្ម សេដ្ឋកិច្ច សង្គមកិច្ច និងសុខុមាលភាពប្រជាជន។ ក្នុងនោះផងដែរ លទ្ធផលទ័ន្នន័យកសិកម្មនឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យសាធារណៈ និងវិស័យឯកជន។
គួរបញ្ជាក់ថា កម្ពុជា បានធ្វើជំរឿនកសិកម្មលើកដំបូងនៅក្នុងឆ្នាំ២០១៣ លទ្ធផលជំរឿនកសិកម្ម លើកទី១ ត្រូវបានប្រកាសនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ បានរកឃើញថា ប្រជាពលរដ្ឋខ្មែរ ១គ្រួសារ កាន់កាប់ផ្ទៃដីកសិកម្ម ១,៦៤ហិកតា៕










