តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម បានឱ្យដឹងថាកាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់កន្រ្តាក់បណ្តាលឱ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន១០១ ខ្នងរងការខូចខាត ក្នុងនោះ៧០ខ្នងនៅខេត្តប៉ៃលិន និង៣១ ខ្នងនៅខេត្តត្បូងឃ្មុំ។
ក្នុងសេចក្តីជូនដំណឹង ផ្ទះប្រជាពលរដ្ឋចំនួន ២១ខ្នង ស្មើនឹង ២១គ្រួសារ ស្ថិតនៅភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រងការខូចខាត ដោយ២០ខ្នងរបើកដំបូលបន្តិចបន្តួច និង១ខ្នងខូចខាតទាំងស្រុង។ ចំណែក នៅស្រុកមេមត់ ផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នងស្មើនឹង ១០ គ្រួសារ រងប៉ះពាល់ដូចគ្នាក្នុងនោះរួមមាន ភូមិឆ្ងរជើង ឃុំដារ ខូចខាត ០២ខ្នង ,ភូមិជាំទ្រៀង ឃុំត្រមូង ខូចខាត ០៥ខ្នង និង ភូមិមុខក្រាស ឃុំមេមត់ ខូចខាត ០៣ខ្នង។ ហេតុការណ៍ខាងលើនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សនិងសត្វឡើយ។
ដោយឡែក តាមទ័ន្នន័យបឋមបានឱ្យដឹងទៀតថា លំនៅដ្ឋានប្រជាពលរដ្ឋចំនួន៧០ខ្នង ស្ថិតក្នុងឃុំមួយចំនួន នៃស្រុកសាលាក្រៅ និងសង្កាត់មួយចំនួន នៃក្រុងប៉ៃលិន ក៏រងផលប៉ះពាល់ផងដែរ។
គួរជម្រាបជូនថា ក្រសួងធនធានទឹកនិងឧត្តុនិយមបានចេញសេចក្តីជូនដំណឹងថា កម្ពុជានឹងមានភ្លៀងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្ទាក់ចាប់ពីថ្ងៃទី២៩ មីនា ដល់ថ្ងៃទី៤ ខែមេសា៕










