ផលិតកម្ម YG Entertainment បានបញ្ជាក់ទៅកាន់សារព័ត៌មាន Mydaily ថាក្រុមចម្រៀង BLACKPINK នឹងវត្តមានសម្តែងពិសេសនៅចំពោះមុខ លោក ចូ បៃដិន (Joe Biden)ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក យន់ ស៊ុកយ៉ុល (Yoon Suk Yeol )ប្រធានាធិបតីកូរ៉េ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។
ការបង្ហាញវត្តមានរបស់ BLACKPINK នៅក្នុងជំនួបរបស់ប្រធានាធិបតីទាំងពីរ ត្រូវបានគេដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក គ្រោងរៀបចំព្រឹត្តិការណ៍វប្បធម៌រួមគ្នាមួយនៅមុនដំណើរទស្សនកិច្ចរបស់លោក យន់ ស៊ុកយ៉ុល ទៅកាន់សហរដ្ឋអាម៉េរិកក្នុងខែមេសា។
ជាមួយគ្នានេះដែរ ក្រុម BLACKPINK នឹងប៉ះកំពូលតារាចម្រៀង Lady Gaga ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះដូចគ្នា ហើយប្រធានបទនៃព្រឹត្តិការណ៍នេះគឺជាខួបលើកទី ៧០ នៃសម្ព័ន្ធភាពរបស់កូរ៉េ និងសហរដ្ឋអាម៉េរិក។
សូមបញ្ជាក់ថា BLACKPINK ជាក្រុមចម្រៀងស្រីល្បីឈ្មោះប្រចាំប្រទេសកូរ៉េខាងត្បូងដែលទទួលបានកិត្តិយសពិសេស បានសម្តែងនិងជួបថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបនាពេលកន្លងមក៕










