ប្រទេសវៀតណាម ៖ មន្ត្រីវៀតណាមបានថ្លែងថា ស្របពេលមានការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចនៅលើពិភពលោក ដែលប្រទេសនានាចាត់ទុកថា កម្លាំងពលកម្ម គឺជាឧបករណ៍សំខាន់បំផុតក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង ហើយវៀតណាមនឹងមានពលរដ្ឋចំនួន១០០លាននាក់នៅខាងមេសា ឆ្នាំ២០២៣ ចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់មួយគួរឱ្យចងចាំសម្រាប់ប្រទេសវៀតណាម ។
មន្ត្រីវៀតណាមបញ្ជាក់ថា ចំនួនពលរដ្ឋ១០០លាននាក់ រួមទាំងគោលនយោបាយលើកកម្ពស់ការវិនិយោគ ការអភិវឌ្ឍប្រទេសគួរឱ្យចាប់អារម្មណ៍ ស្ថានភាពនយោបាយមានស្ថេរភាព និងមានវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណជាតិ នឹងធ្វើឱ្យវៀតណាមក្លាយជាប្រទេសមួយគួរឱ្យចាប់អារម្មណ៍ក្នុងក្រសែភ្នែករបស់ប្រទេសនានា ។
យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិវៀតណាមបង្ហាញថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ កន្លងមក វៀតណាមមានពលរដ្ឋសរុបចំនួន៩៩,២លាននាក់ ហើយនៅខែមេសា ឆ្នាំ២០២៣ នេះ ចំនួនពលរដ្ឋវៀតណាមនឹងកើនឡើងដល់១០០លាននាក់ វានឹងធ្វើឱ្យវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោម១៥ប្រទេសនៅលើពិភពលោក ដែលមានពលរដ្ឋលើសពី១០០លាននាក់ជាផ្លូវការ ។
លើសពីនេះ ដើម្បីអបអរសាទរព្រឹត្តិការណ៍ពិសេសនេះ នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ ការិយាល័យស្ថិតិជាតិរួមជាមួយក្រសួងសុខាភិបាល, ក្រសួងសន្តិសុខសាធារណៈ និងស្ថាប័នពាក់ព័ន្ធនានានឹងរៀបចំកម្មវិធីផ្សេងៗ រួមទាំងការស្វាគមន៍ទារកដែលកើតលេខរៀងទី១០០លាន ក៏ដូចជាមានការដង្ហែរក្បួននានាតាមដងផ្លូវផងដែរ ៕ ប្រភព ៖ mgronline










