តាមសេចក្តីរាយការណ៍ពីអាកាសធាតុ និងបរិស្ថានលើកចុងក្រោយរបស់ EU Monitor បានបង្ហាញថា ផ្ទាំងទឹកកកនៅតំបន់អង់តាកទិកបានរលាយយ៉ាងលឿនក្នុងប្រវត្តិសាស្ត្រ ហើយវាបានធ្វើឱ្យខូចកំណត់ត្រាចុងក្រោយដែលធ្លាប់បានកត់ត្រាកាលពីឆ្នាំ២០១៧ ផងដែរ ។ ចំពោះមូលហេតុដែលបណ្តាលឱ្យផ្ទាំងទឹកកកទាំងនេះរលាយលឿនដូច្នេះ គឺបណ្តាលមកពីអាកាសធាតុក្តៅ និងបម្រែបម្រួលអាកាសធាតុនៅលើពិភពលោក ។
ក្រុមការងាររបស់ Copernicus Climate Change Service (C3S) បានបញ្ជាក់ថា ផ្ទាំងទឹកកកនៅតំបន់អង់តាកទិកបានរលាយយ៉ាងលឿន និងរួមតូចក្នុងបរិមាណ៣៤% បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក ។
ចំណែក Samantha Burgess នាយករងរបស់ Copernicus Climate Change Service ចង្អុលបង្ហាញថា តាមការកត់ត្រាទិន្នន័យពីផ្កាយរណបក្នុងរយៈពេល៤៥ឆ្នាំកន្លងមកឃើញថា ផ្ទាំងទឹកកកនៅសមុទ្រអង់តាកទិកនាពេលនេះបានរលាយអស់យ៉ាងច្រើន គឺដោយសារពិភពលោកមានអាកាសធាតុកាន់តែក្តៅធ្វើឱ្យបរិមាណទឹកកករលាយយ៉ាងលឿន រួមទាំងកម្រិតទឹកសមុទ្រអាចកើនឡើងផងដែរ ។
អ្នកជំនាញផ្នែកបរិស្ថានអធិប្បាយថា ថាមពលពីពន្លឺព្រះអាទិត្យប្រមាណ៩០% បានធ្វើឱ្យសីតុណ្ហភាពទឹកសមុទ្រកាន់តែកើនឡើង ហើយពាក់ព័ន្ធនឹងមូលហេតុដែលធ្វើឱ្យពិភពលោកក្តៅផងដែរ ។ ក្រៅពីនេះ អ្នកជំនាញផ្នែកបរិស្ថានលើកឡើងទៀតថា សីតុណ្ហភាពនៅតំបន់ប៉ូលខាងជើង និងប៉ូលខាងត្បូង បានកើនឡើងប្រមាណ៣អង្សារសេ បើធៀបនឹងសីតុណ្ហភាពនៅចុងសតវត្សរ៍ទី១៩ ដោយបរិមាណទឹកកកក្នុងតំបន់ទាំងនេះបានរលាយជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ៕
ប្រភព ៖ The standardth










