កាហ្វេត្រូវបានគេចាត់ទុកជាភេសជ្ជៈមួយសម្រាប់សុខភាព ប៉ុន្តែប្រសិនបើអ្នកទទួលទានមិនបានត្រឹមត្រូវអាចធ្វើអោយអ្នកខូចសុខភាពបានយ៉ាងងាយ។ ដូច្នេះអ្នកគួរចៀសវាងការធ្វើខុសដូចខាងក្រោម៖
១.ផឹកច្រើនពេក
កាហ្វេមានជាតិកាហ្វេអ៊ីន ដែលជួយបង្កើនកម្រិតថាមពល និងការផ្តោតអារម្មណ៍។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេកអាចបង្កើនហានិភ័យនៃការគេងមិនលក់ សម្ពាធឈាមខ្ពស់ និងបញ្ហាសរសៃឈាមបេះដូង។
២.ផឹកទឹកមិនគ្រប់គ្រាន់
ដោយសារកាហ្វេមានមុខងារបញ្ចុះទឹកនោម វាអាចធ្វើឱ្យអ្នកខ្សោះជាតិទឹក ប្រសិនបើអ្នកមិនផឹកទឹកគ្រប់គ្រាន់។ ការខ្វះជាតិទឹកត្រូវបានផ្សារភ្ជាប់ទៅនឹងផលប៉ះពាល់អវិជ្ជមានជាច្រើនដល់សុខភាពដូចជា អស់កម្លាំង ឈឺក្បាល និងចុះខ្សោយមុខងារនៃការយល់ដឹង។
៣.ប្រើកាហ្វេដែលមានគុណភាពអន់
មិនមែនកាហ្វេទាំងអស់សុទ្ធតែដូចគ្នាទេ បើអ្នកផឹកកាហ្វេគ្មានគុណភាព វាមិនត្រឹមតែប៉ះពាល់ដល់រសជាតិប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សុខភាពទៀតផង។ ប្រសិនបើអ្នករកឃើញថាគ្រាប់កាហ្វេមានផ្សិត ផុតកំណត់ ឬមានលក្ខណៈមិនធម្មតា យកល្អគួរតែបោះវាចោល។
៤.ក្រែម whipped ច្រើនពេក
មានមនុស្សជាច្រើនដែលចូលចិត្តបន្ថែមក្រែម whipped ទៅកាហ្វេរបស់ពួកគេដើម្បីបង្កើនរសជាតិ។ ប៉ុន្តែប្រសិនបើអ្នកផឹកកាហ្វេជាមួយក្រែមស្រស់ច្រើនពេក វានឹងធ្វើឱ្យអ្នកឡើងទម្ងន់ នាំឱ្យមានបញ្ហាសុខភាពជាច្រើនទៀត។
៥.បន្ថែមជាតិស្ករច្រើនពេក
ស្ករក៏ជាគ្រឿងផ្សំធម្មតាដែលមនុស្សជាច្រើនដាក់ក្នុង កាហ្វេ។ ការបន្ថែមជាតិស្ករច្រើនពេកនឹងបណ្តាលឱ្យមានការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងខ្លួន ដែលអាចវិវត្តទៅជាជំងឺខ្លាញ់រុំថ្លើម បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។
៦.ផឹកកាហ្វេក្តៅពេក
ការសិក្សាថ្មីមួយដែលត្រូវបានចេញផ្សាយនៅក្នុង PubMed បានរកឃើញថាការផឹកភេសជ្ជៈក្តៅខ្លាំងបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកបំពង់អាហារ។ ភេសជ្ជៈក្តៅពេកអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកបីដង។
៧.ផឹកកាហ្វេមុនពេលចូលគេង
ការផឹកកាហ្វេមុនពេលចូលគេងអាចធ្វើអោយអ្នកភ្ញាក់ពីដំណេក និងបង្កបញ្ហាក្នុងការគេងមិនលក់។ ការគេងមិនលក់យូរអាចនាំឱ្យមានរោគសញ្ញាដូចជាឈឺក្បាល ថប់អារម្មណ៍ និងអារម្មណ៍ប្រែប្រួល៕
ប្រភព៖ phuntoday.com









