ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងមក ក្រុមហ៊ុនផលិតរថយន្តចិន BYD បានប្រគល់រថយន្តក្រុងអគ្គិសនីសម្រាប់ទីក្រុងគីតាហ៊ីរ៉ូ ស៊ីម៉ា ខេត្តហុកកៃដូ របស់ជប៉ុន ខណៈទីក្រុងនេះបានព្យាយាមបង្កើនការប្រើប្រាស់ថាមពលអគ្គិសនី ។ រថយន្តក្រុងអគ្គិសនីមានចំនួន៥គ្រឿងនឹងដឹកជញ្ជូនអ្នកដំណើររវាងខេត្តហុកកៃដូ និង Ballpark F Village ជាមជ្ឈមណ្ឌលកីឡា និងការកម្សាន្តក្នុងស្រុក ជាមួយស្ថានីយរថភ្លើងគីតាហ៊ីរ៉ូ ស៊ីម៉ា ។ គេចាត់ទុកថា ជាការប្រគល់រថយន្តក្រុងអគ្គិសនីដំបូងគេនៅខេត្តហុកកៃដូ របស់ក្រុមហ៊ុន BYD Japan Co., Ltd ។
រថយន្តក្រុងនេះនឹងចាប់ផ្តើមផ្តល់សេវាកម្មនៅថ្ងៃទី១៤ ខែមីនា ដោយវាសមស្របជាមួយអ្នកដំណើរមានអាយុច្រើន និងអាចដឹកអ្នកដំណើរបាន៨០នាក់ ។ វាត្រូវបានគេតុបតែងឡើងដោយមានផ្ទៃភាគច្រើនពណ៌ខ្មៅ ដើម្បីបង្ហាញពីទីលានកីឡា S.Con Field Hokkaido ។
Harunari Nishimura ប្រធានក្រុមហ៊ុន Hokkaido Bus បង្ហាញថា រថយន្តក្រុងអគ្គិសនីចាប់ផ្តើមដំណើរការប្រើប្រាស់ដំបូងមានអត្ថន័យសំខាន់យ៉ាងខ្លាំង ព្រោះហុកកៃដូស្ទើរតែគ្មានបទពិសោធន៍ផ្នែកនេះ ហើយប្រទេសជប៉ុនមានអត្រាការប្រើប្រាស់រថយន្តអគ្គិសនីទាប ។
Maezawa Ken នាយកប្រតិបត្តិ និងជាអ្នកគ្រប់គ្រងទូទៅផ្នែកប្រតិបត្តិការអាជីវកម្មរបស់ Fighters Sports & Entertainment បញ្ជាក់ថា ការជ្រើសរើសប្រើប្រាស់រថយន្តក្រុងនឹងរួមចំណែកដល់ការលើកកម្ពស់ចំណុចកណ្តាលនៃកាបូនក្នុងតំបន់ និងការជម្លៀសបន្ទាន់ផងដែរ ។
នាយកប្រតិបត្តិរូបនេះបានថ្លែងទៅកាន់សារព័ត៌មានស៊ិនហួរក្នុងពិធីប្រគល់រថយន្តក្រុងថា Fighters Sports អាចនឹងប្រើប្រាស់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD បន្ថែមទៀតដើម្បីលើកកម្ពស់ការការពារបរិស្ថាន និងទទួលដឹកអ្នកដំណើរចិនពេលពួកគេមកលេងហុកកៃដូ ។ ម្យ៉ាងទៀត Hokkaido Ballpark F Village ស្ថិតនៅចន្លោះទីក្រុង Sapporo និងអាកាសយានដ្ឋាន New Chitose ។ រថយន្តនេះអាចដឹកអ្នកដំណើរបានពេញមួយឆ្នាំ ព្រមទាំងផ្តល់ជូននូវសកម្មភាពកម្សាន្តផ្សេងៗដល់ភ្ញៀវទេសចរផងដែរ ៕
ប្រភព ៖ newpapertoday










