ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ចាប់តាំងពីបើកឱ្យដំណើរការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចរាចរណ៍សរុបបានឆ្លងកាត់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួន ជិត១,៩លាន។
កិច្ចប្រជុំពិភាក្សា លើវឌ្ឍនភាពការអនុវត្តការងារផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សំដៅឱ្យប្រតិបត្តិការកាន់តែមានភាពរលូន និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់
នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារ នៃផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ដោយមានការចូលរួមសំណាក់ថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd. (CPEC) និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
នៅក្នុងកិច្ចប្រជុំលោកទេសរដ្ឋមន្រ្តីក៏ បានស្នើឱ្យក្រុមហ៊ុន CPEC ពង្រឹងការឃោសនាអប់រំទាក់ទងនឹងការបើកបរលើផ្លូវល្បឿនលឿន ឱ្យបានកាន់ទូលំទូលាយទៅកាន់សាធារណជន និងសហការជាមួយនគរបាលចរាចរណ៍ប្រចាំការ ក្នុងការអនុវត្តវិធានច្បាប់ឱ្យបានតឹងរឹងចំពោះបទល្មើសចរាចរណ៍ ជាពិសេសលើករណីការបើកបរបញ្ច្រាសទិស។
ដោយឡែកចំពោះគំនូសសញ្ញាបែងចែកគន្លងផ្លូវនៅតាមស្ថានីយ តម្រូវឱ្យមានការគូសឱ្យបានច្បាស់ និងកំណត់ឱ្យបានវែងជាងមុន ដើម្បីងាយស្រួលចំពោះអ្នកបើកបរចូលតាមគន្លងនីមួយៗ បញ្ចៀសការចូលខុសគន្លង ដែលជាហេតុបណ្តាលឱ្យមានការកកស្ទះ។.jpg)
សូមជម្រាបជូនដែរថា ចាប់តាំងពីបើកឱ្យដំណើរការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចរាចរណ៍សរុបបានឆ្លងកាត់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួន ជិត១,៩លាន ក្នុងនោះ មានប្រមាណ ជាង ១,៤លាន ដែលគិតកម្រៃសេវា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ និងប្រមូលចំណូលបានសរុប ជិត ១១លានដុល្លារសហរដ្ឋអាមេរិក។
ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តយកចិត្តទុកដាក់ក្នុងកិច្ចសហការជាមួយក្រុមហ៊ុនប្រតិបត្តិករ ដើម្បីលើកកម្ពស់ការផ្តល់សេវាប្រើប្រាស់ផ្លូវល្បឿនលឿនឱ្យកាន់តែមានភាពរលូន ព្រមទាំងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជាបន្តបន្តាប់ ដើម្បីជំរុញឱ្យចំនួនចរាចរណ៍កាន់តែមានការកើនឡើង ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈចំណូលពន្ធផងដែរ៕










