ពលរដ្ឋថៃជាច្រើននាក់បានសម្តែងការមិនពេញចិត្តចំពោះទំព័រហ្វេសប៊ុករបស់មន្ត្រីទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា ឈ្មោះ Dominic Williams British Ambassador to Cambodia ដោយពួកគេអះអាងថា មន្ត្រីទូតអង់គ្លេសប្រចាំកម្ពុជាបានបង្ហោះរូបភាពនំរបស់ថៃ ប៉ុន្តែបែរជាសរសេរថា ជានំរបស់ខ្មែរទៅវិញ ដូចជា តាក់កូ ហ្វយថង មេតខៈនុន (គ្រាប់ខ្នុរ) ថងយិប ថងយ៉ត និងសង់ខ្យាល្ពៅ ។ ពលរដ្ឋថៃជាច្រើននាក់បានចូលទៅបញ្ចេញមតិរិះគន់របស់ការបង្ហោះនេះ ។ ក្រោយមក ហ្វេសប៊ុករបស់មន្ត្រីទូតអង់គ្លេសបានបង្ហោះបន្ថែមថា វាជាការបង្ហាញក្តីស្រឡាញ់ចំពោះកម្ពុជា ប៉ុន្តែប្រទេសថៃ និងពលរដ្ឋថៃ ក៏ល្អប្រសើរដូចគ្នា ។
ពលរដ្ឋថៃមួយចំនួននិយាយថា បើទោះលោកជាមន្ត្រីស្ថានទូត តែសូមមានចំណេះដឹងក្នុងខ្លួន ហើយនេះជានំរបស់ថៃយ៉ាងពិតប្រាកដ ហើយមុននឹងបង្ហោះអ្វី សូមមន្ត្រីទូតអង់គ្លេសមើលភាពត្រឹមត្រូវផង ពីព្រោះធំៗអស់ហើយ ។ ពួកគេលើកឡើងទៀតថា ពលរដ្ឋខ្មែរបានយកអ្វីៗគ្រប់យ៉ាងពីថៃទាំងអស់ មិនថា Muay Thai សិល្បៈវប្បធម៌ វត្តអារាម ទីកន្លែងទេសចរណ៍ ហើយចុងក្រោយ ពលរដ្ឋខ្មែរបានយកនំចំណីរបស់ថៃទៀត ។
ទោះយ៉ាងណា បន្ទាប់ពីមានការរិះគន់ពីពលរដ្ឋថៃបែបនេះ ទំព័រហ្វេសប៊ុករបស់ស្ថានទូតអង់គ្លេសបានបង្ហោះសារបន្ថែមថា ៖ «ខ្ញុំសូមបញ្ជាក់ថា ការបង្ហោះនៅលើហ្វេសប៊ុកលើកចុងក្រោយរបស់ខ្ញុំ គឺជាការបង្ហាញពីក្តីស្រឡាញ់ចំពោះកម្ពុជា ប៉ុន្តែប្រទេសថៃ ពលរដ្ឋថៃ ក៏ល្អប្រសើរដូចគ្នា ហើយគោរពគ្នាទៅវិញទៅមក» ។
ទោះជាហ្វេសប៊ុករបស់ស្ថានទូតអង់គ្លេសបញ្ជាក់រួចហើយក្តី ប៉ុន្តែពលរដ្ឋថៃទាំងនេះនៅតែមិនអស់ចិត្ត ហើយបើយោងតាមហ្វេសប៊ុករបស់ថៃឈ្មោះ travel360 មានពលរដ្ឋថៃបញ្ចេញមតិថា អ្នកបង្ហោះថានំនេះជារបស់ខ្មែរ ត្រូវចេញមកសូមទោសជាបន្ទាន់ ហើយម្នាក់ទៀតនិយាយថា បច្ចុប្បន្ននេះ ថៅកែថៃមានតែជនជាតិខ្មែរ មីយ៉ាន់ម៉ា ឡាវ និងវៀតណាម មកធ្វើការស៊ីឈ្នួល ពេលពួកគេចេះធ្វើនំហើយ នៅពេលត្រឡប់ទៅប្រទេសកំណើតវិញ ក៏បើកហាងលក់នំថៃ ហើយធ្វើឱ្យពួកបារាំងយល់ច្រឡំថា ជានំរបស់ខ្មែរទៅវិញ ។ ដូចគ្នានេះដែរ មាននារីថៃម្នាក់លើកឡើងថា ខ្មែរត្រូវផ្លាស់ប្តូរឈ្មោះប្រទេសរបស់ខ្លួនថា ប្រទេសថៃ បើខ្មែរនៅតែយកគ្រប់យ៉ាងពីថៃបែបនេះ ។ ក្នុងនេះដែរ ពលរដ្ឋថៃម្នាក់ទៀតថា មន្ត្រីទូតអង់គ្លេសបង្ហាញក្តីស្រឡាញ់ចំពោះកម្ពុជា ទាំងដឹងថា នំនេះមិនមែនជារបស់ខ្មែរ តែអង់គ្លេសយកចិត្តខ្មែរទៅវិញ ។
លើសពីនេះ ពលរដ្ឋថៃខ្លះនិយាយថា មន្ត្រីទូតអង់គ្លេសបង្ហាញក្តីស្រឡាញ់ខុសចំពោះកម្ពុជា ខណៈម្នាក់ទៀតថា ប្រទេសខ្មែរខ្លួនឯងគ្មានអ្វីល្អៗអួតគេទេ គួរឱ្យអាណិតណាស់ ។ ដូចគ្នានេះ ម្នាក់ទៀតថា ការពិត ខ្មែរគ្មានអ្វីជារបស់ខ្លួនឯងឡើយ គ្រាន់តែឈ្មោះនំ ក៏ជាឈ្មោះថៃដែរ ហើយម្នាក់ទៀតថា ខ្មែរយករបស់ថៃទៅអស់ហើយ ថៃត្រូវឈប់លើកស្ទួយខ្មែរទៀត មិនត្រូវបញ្ជូនកីឡាករថៃទៅប្រកួតនៅខ្មែរទេ ហើយក៏មិនត្រូវទទួលខ្មែរមកធ្វើការនៅថៃដែរ ៕
.jpg)

ប្រភព ៖ travel360










