សហរដ្ឋអាមេរិក ៖ អាមេរិកបានអំពាវនាវទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការថ្កោលទោសកូរ៉េខាងជើង ក្រោយពីបានបាញ់មីស៊ីលឥតឈប់ឈរ ប៉ុន្តែចិន និងរុស្ស៊ី បន្ទោសថា អាមេរិកទៅវិញទេ ជាអ្នកធ្វើឱ្យស្ថានការណ៍តានតឹង ដោយសារអាមេរិកធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកោះប្រជុំបន្ទាន់មួយនៅថ្ងៃទី២០ ខែកុម្ភៈ ដើម្បីថ្កោលទោសកូរ៉េខាងជើង ។
លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN បានស្នើក្នុងកិច្ចប្រជុំថា សូមឱ្យក្រុមប្រឹក្សាសន្តិសុខចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ ដើម្បីថ្កោលទោសការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង ព្រមទាំងដាស់តឿនថា ក្រុមប្រឹក្សាសន្តិសុខមិនអាចនៅស្ងៀម ហើយបរាជ័យលើការថ្កោលទោសការបាញ់កាំជ្រួចរបស់កូរ៉េខាងជើងទេ យ៉ាងហោចណាស់ ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ គួរតែថ្កោលទោសកូរ៉េខាងជើង ដើម្បីឱ្យប្រទេសនេះស្តាប់តាមការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ និងព្រមចរចា ។
លោកស្រី Thomas-Greenfield បន្តថា អាមេរិកប្រកាសថ្កោលទោសការបាញ់កាំជ្រួចចំនួន២គ្រាប់របស់កូរ៉េខាងជើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ក្រោយពីកូរ៉េខាងជើងទើបតែបានបាញ់កាំជ្រួចឆ្លងទ្វីប ICBM កាលពីថ្ងៃទី១៨ ខែកុម្ភៈ ហើយវាជាការល្មើសនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានហាមឃាត់កូរ៉េខាងជើងសាកល្បងអាវុធនានា ហើយការបាញ់កាំជ្រួចចំនួន២លើកនេះបានបង្កអសន្តិសុខ និងស្ថេរភាពក្នុងពិភពលោក ។
ទោះយ៉ាងណា ចិន និងរុស្ស៊ី ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខបានបន្ទោសអាមេរិកថា ជាដើមហេតុធ្វើឱ្យស្ថានការណ៍តានតឹង ហើយអ្វីដែលត្រូវនាពេលនេះ គឺការចរចាគ្នារវាងកូរ៉េខាងជើង និងអាមេរិក, កាត់បន្ថយការធ្វើសមយុទ្ធ និងបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ។ ចិន និងរុស្ស៊ីបានស្នើទៅកាន់ក្រុមប្រឹក្សាសន្តិសុខឱ្យលុបចោលវិធានការដាក់ទណ្ឌកម្មកូរ៉េខាងជើង ដោយអំពាវនាវឱ្យអាមេរិកចរចាជាមួយកូរ៉េខាងជើង និងពិចារណាកាត់បន្ថយភាពតានតឹង និងគ្រោះថ្នាក់ដោយសារកងទ័ពប្រឈមមុខគ្នា ។
បន្ទាប់ពីកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ ២ភាគ៣ នៃ១៥ប្រទេសសមាជិក រួមជាមួយកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍រួមមួយថ្កោលទោសការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា យើងនឹងមិននៅស្ងៀម ហើយមិនបណ្តោយឱ្យកូរ៉េខាងជើងនាំមុខបង្កើនសមត្ថភាពនុយក្លេអ៊ែរ បាញ់កាំជ្រួចខុសច្បាប់ និងគំរាមកំហែងសន្តិភាព និងស្ថេរភាពពិភពលោកឡើយ ៕
ប្រភព ៖ TNN World










