រដ្ឋធានីវ៉ាស៊ីនតោន៖ បុរសម្នាក់ បានអះអាង ជាអតីតបុគ្គលិករបស់ក្រុមហ៊ុនផលិតយន្ដហោះដ៏ល្បីល្បាញរបស់រុស្ស៊ី Tupolev (ទូប៉ូឡែវ) កំពុងតែស្វែងរកសិទ្ធិជ្រកកោណ នៅក្នុងសហរដ្ឋអាមេរិក ក្រោយពេលគាត់មានគម្រោងនឹងទម្លាយ អំពីអាថ៌កំបាំង នៃយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ Tu-160 (ទូ-១៦០) ។
សារព័ត៌មាន Popular Mechanics បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ ថា យន្ដហោះទម្លាក់យុទ្ធសាស្រ្ដ Tu-160 ដ៏ទំនើបរបស់រុស្ស៊ី ត្រូវបានរចនាឡើង សម្រាប់ការបាញ់មីស៊ីលគ្រូស បំពាក់នុយក្លេអ៊ែរ វាយប្រហារទៅលើសហរដ្ឋអាមេរិក។ សង្គ្រាមត្រជាក់ថ្មី រវាងសហរដ្ឋអាមេរិក និង រុស្ស៊ី ទំនងជាលេងនៅកន្លែង ដែលមិនទំនងមួយ ដូចជា ព្រំដែនរវាងសហរដ្ឋអាមេរិក និង ម៉ិកស៊ិក។
ជាមួយគ្នានេះ បុរសជនជាតិរុស្ស៊ីម្នាក់ បានអះអាង ថា គាត់ជាអតីតបុគ្គលិកក្រុមហ៊ុនម៉ៅការលើវិស័យការពារជាតិដ៏ធំរបស់រុស្ស៊ី បានបង្ហាញខ្លួន នៅឯព្រំដែនសហរដ្ឋអាមេរិក ដោយមានគោលបំណង ផ្ដល់នូវការសម្ងាត់ខាងយោធារបស់រុស្ស៊ី ជាថ្នូរនឹងការសុំសិទ្ធិជ្រកកោណផ្នែកនយោបាយ។ បុរសរូបនោះ បានបញ្ជាក់ អំពីការធ្វើការ នៅក្នុងយន្ដហោះ Tu-160 ដែលជាយន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី មានសមត្ថភាព ទាំងបំបាំងកាយ និង ទម្លាក់គ្រាប់បែក។
បើតាម Yahoo! News បានឲ្យដឹង ថា បុរសជនជាតិរុស្ស៊ី ម្នាក់នោះ បានបើករថយន្ដទៅដល់ព្រំដែន ជាមួយនឹងគ្រួសាររបស់គាត់ ហើយកំពុងតែសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ។ គាត់បានបង្ហាញខ្លួនរបស់គាត់ ជាអតីតវិស្វករ ដែលធ្វើការ នៅក្នុងរោងចក្រអាកាសចរណ៍កាហ្សាន់ (Kazan)។ គាត់បាននិយាយទៀត ថា គាត់ធ្វើការ នៅក្នុងយន្ដហោះវាយប្រហារ ប៉ុន្ដែគាត់មានការព្រួយបារម្ភ អំពីការគាំទ្ររបស់គាត់ កាលពីពេលកន្លងមក ចំពោះក្រុមប្រឆាំងនយោបាយរុស្ស៊ី លោក អាឡិចសេ ណាវ៉ាលនី (Alexei Navalny ) ទើបធ្វើឱ្យគាត់មានបញ្ហា។
បុរសជនជាតិរុស្ស៊ី រូបនោះ បានរាយការណ៍ប្រាប់អាជ្ញាធរ នៅព្រំដែន ថា គាត់ធ្វើការ នៅក្នុងក្រុមហ៊ុន Tupolev ចន្លោះពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។ យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធ Tu-160 ត្រូវបានគេស្គាល់ ថា «ក្ងានស» ហើយវាជាឈ្មោះហៅក្រៅរបស់រុស្ស៊ី សម្រាប់យន្ដហោះដ៏ទំនើបនេះ ខណៈអង្គការណាតូ ដាក់ឈ្មោះកូដប្លេកជេក (Blackjack)។
ការិយាល័យរចនាមូដ នៃក្រុមហ៊ុន Tupelov របស់សហភាពសូវៀត បានបង្កើតយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ Tu-160 នៅចុងទសវត្សរ៍ ឆ្នាំ១៩៧០។ យន្តហោះដ៏ទំនើបប្រភេទនេះ មានរូបរាងស្រដៀងនឹងយន្តហោះ ទម្លាក់គ្រាប់បែក B-1 របស់អាមេរិក ទាំងរូបរាង និងបេសកកម្ម ដោយសារវាមានច្រមុះស្រួច ហើយស្លាបរបស់វា អាចបង្វិលទៅមុខ ឬ ថយក្រោយ និង រូបរាងទាំងមូល មានភាពរលោង។
យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដរបស់រុស្ស៊ី Tu-160 ត្រូវបានប្រើប្រាស់ សម្រាប់ជាយានផ្ទុកមីស៊ីលគ្រូស ហើយវាអាចបំពាក់មីស៊ីលគ្រូស វាយប្រហារទៅលើដី ប្រភេទ KH-55M ចំនួន៦គ្រាប់ ដែលមួយគ្រាប់ៗ អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ២០០គីឡូតោន ឬ Kh-555 បំពាក់ក្បាលគ្រាប់បំផ្ទុះធម្មតាកម្រិតខ្ពស់ ខណៈយន្តហោះទម្លាក់គ្រាប់បែក B-1 លែងក្លាយជាយន្តហោះមានសមត្ថភាព បំពាក់នុយក្លេអ៊ែរទៀតហើយ។
យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដរបស់រុស្ស៊ី Tu-160 អាចហោះហើរ នៅក្នុងល្បឿន អតិបរមា ២ ២២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាអាចហោះនៅក្នុងរយៈកម្ពស់ ជាង១១គីឡូម៉ែត្រ និង ហោះហើរ នៅក្នុងចម្ងាយ ១២ ៣០០គីឡូម៉ែត្រ ទើបចាក់ប្រេងម្ដង។
វិបត្ដិសេដ្ឋកិច្ចរបស់រុស្ស៊ី ក្រោយការដួលរលំអតីតសហភាពសូវៀត បានអូសបន្លាយ រហូតដល់ទសវត្សរ៍ ឆ្នាំ២០០០។ នេះមានន័យថា រុស្ស៊ី ត្រូវតែពឹងផ្អែកទៅលើគ្រឿងសឹករបស់អតីតសហភាពសូវៀត ដើម្បីរក្សាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ កងយន្ដហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី ពឹងផ្អែកទៅលើយន្ដហោះម្លាក់គ្រាប់បែក Tu-95 ចំនួន៦៦គ្រឿង, យន្តហោះទម្លាក់គ្រាប់បែក Tu-22M ចំនួន៤២គ្រឿង និង យន្ដហោះទម្លាក់គ្រាប់បែក Tu-160 ចំនួន១៦គ្រឿង។ យន្តហោះ Tu-160 មានមូលដ្ឋាន នៅមូលដ្ឋានទ័ពអាកាសអែនហ្គែលស៍ (Engels) នៅជិតទីក្រុងសារ៉ាតូវ (Saratov) ចម្ងាយប្រហែលជិត ៤៩០គីឡូម៉ែត្រ នាភាគខាងត្បូង ទីក្រុង Kazan ។
ទោះជាយ៉ាងណា បុរសជនជាតិរុស្ស៊ី ដែលកំពុងតែស្វែងរកសិទ្ធិជ្រកកោននោះ មិនត្រូវបានគេប្រាប់ឈ្មោះនោះឡើយ។ ប៉ុន្ដែវាជាអ្វីដែលគេហៅថា វាស្ថិតនៅក្នុងរង្វង់ចារកម្ម ហើយអ្នកដែលដើរចូលទៅជិតក្រុមមន្ត្រីសហរដ្ឋអាមេរិក ពិតជំនួសឱ្យដោយការផ្តល់ព័ត៌មានសម្ងាត់ នៅក្នុងតម្លៃណាមួយ។ បច្ចុប្បន្ន ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងតែធ្លាក់ចុះយ៉ាងខ្លាំង ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ខណៈក្រុងមូស្គូ តែងតែគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ចំណែកអាថ៌កំបាំងនុយក្លេអ៊ែររបស់ក្រុងម៉ូស្គូ មានតម្លៃច្រើនជាងអ្វីដែលពួកគេធ្លាប់មាន នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ៕










