រដ្ឋធានីកៀវ៖ សង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានអូសបន្លាយ អស់រយៈពេល៣៥៦ថ្ងៃមកហើយ គិតត្រឹម ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈការវាយប្រយុទ្ធគ្នាកំពុងតែបន្ដ ហើយសង្គ្រាមនេះ បាន និង កំពុងតែបង្កនូវមហាវិនាសកម្មយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្ដែគេនៅតែមិនទាន់ដឹង ថា ជម្លោះដ៏ធំ រវាងប្រទេសជិតខាងទាំង២នេះ នឹងត្រូវបញ្ចប់ នៅពេលណានោះដែរ។
សារព័ត៌មាន Defense News បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ថា នៅដើមឆ្នាំ២០២៣នេះ អាល្លឺម៉ង់ បានសន្យាផ្ដល់រថក្រោះ Leopard ជាច្រើនគ្រឿង ជួយដល់ប្រទេសអ៊ុយក្រែន។ ការសម្រេចចិត្តរបស់ក្រុងប៊ែរឡាំង ក៏ជាការបើកផ្លូវ ដល់សម្ពន្ធមិត្តដទៃទៀត មានសិទ្ធិផ្ដល់រថក្រោះ ផលិតដោយអាល្លឺម៉ង់ សម្រាប់បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។
ជាការពិតណាស់ ក្រោយពេលរុស្ស៊ី បានចូលឈ្លានពាន ទៅលើទឹកដីរបស់អ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ សម្ពន្ធមិត្តរបស់ក្រុងកៀវ បានទប់ទល់នឹងការអង្វរ សម្រាប់ជំនួយរថក្រោះប្រយុទ្ធធុនធ្ងន់។ លោកខាងលិច បានធ្វើតាម ត្រឹមតែក្នុងន័យតូចចង្អៀត សម្រាប់ការផ្ដល់ឧបករណ៍ការពារ ជួយដល់ក្រុងកៀវ។ កាលពីដំបូងឡើយ មេដឹកនាំក្រុងប៊ែរឡាំង បានគេច ចេញពីជំនួយមិនសមនឹងនិយមន័យរបស់អាល្លឺម៉ង់ សម្រាប់កិច្ចការពារ ជួយដល់ប្រទេសអ៊ុយក្រែន។
ជាមួយគ្នានេះ សម្ពន្ធមិត្តលោកខាងលិច បានរិះគន់ផង និង អំពាវនាវផង ដល់អាល្លឺម៉ង់ ដើម្បីបញ្ចេញរថក្រោះប្រយុទ្ធធុនធ្ងន់ Leopard 2 ទៅជួយដល់អ៊ុយក្រែន។ ប៉ុន្ដែរហូតដល់ដំណាក់ កាលចុងក្រោយបង្អស់ ទើបលោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានសម្រេច ផ្ដល់រថក្រោះប្រយុទ្ធរបស់ខ្លួន ទៅជួយដល់ក្រុងកៀវ ដើម្បីវាយបណ្ដេញកម្លាំងទាហានរុស្ស៊ី ចេញពីទឹកដីរបស់អ៊ុយក្រែន។
ឥឡូវនេះ ការប្រមូលផ្ដុំរថចម្បាំង ជាប្រភេទរថក្រោះរបស់លោកខាងលិច គ្រោងនឹងទៅដល់សមរភូមិ នៅនិទាឃរដូវនេះ។ ជាមួយគ្នានេះ បណ្ដាប្រទេសជាម្ចាស់ជំនួយគ្រឿងយុទ្ធោបករណ៍ទាំងនោះ កំពុងតែបណ្តុះបណ្តាល អំពីរៀបប្រើប្រាស់ និង ការថែទាំរថក្រោះរបស់ពួកគេ ដល់កងទ័ពរបស់អ៊ុយក្រែន។ គ្រឿងចម្បាំងទាំងនោះ នឹងផ្ដល់ក្ដីសង្ឃឹមបន្ថែមទៀត សម្រាប់កងទ័ពការពារទឹកដីរបស់ក្រុងកៀវ នៅលើសមរភូមិ ប្រយុទ្ធជាមួយនឹងកម្លាំងទាហានរុស្ស៊ី ដើម្បីឈានដល់ការបញ្ចប់សង្រ្គាម ប្រសិនបើអាវុធទំនើបៗទាំងនោះ មកដល់ទាន់ពេលវេលា។
លោក អូឡាហ្វ សូលហ្ស៍ អធិការបតីអាល្លឺម៉ង់ បានប្រាប់ដល់កាសែតតាហ្គេសស្ពៀហ្គែល ( Tagesspiegel) ថា គាត់ចង់ឲ្យប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ឆ្លើយនូវសំណួរមួយ ថាតើពិភពលោកអាចចាកចេញ ពីស្ថានភាពដ៏អាក្រក់បែបនេះ ដោយរបៀបណា?
ស្របគ្នានេះ សារព័ត៌មាន Defense News បាននិយាយជាមួយនឹងក្រុមអ្នកវិភាគសន្ដិសុខ តំណាងរាស្រ្ដ និង ក្រុមមន្រ្ដីចូលនិវត្ដន៍ជាច្រើន ដោយសួរពួកគាត់ម្នាក់ៗ អំពីជម្លោះអាចនឹងត្រូវបានបញ្ចប់។ ប៉ុន្ដែចម្លើយរបស់ក្រុមអ្នកជំនាញទាំងនោះ នៅតែស្រពិចស្រពិល ដោយគ្រាន់តែឆ្លើយ ថា សង្រ្គាមនឹងចំណាយអស់ច្រើន ធ្វើឱ្យជីវិតមនុស្សបាត់បង់ជីវិត ហើយទំនងជាមានរយៈពេលយ៉ាងហោចណាស់ពីរទៅបីឆ្នាំ ឬ ក្លាយទៅជាសម័យអន្តរកាល។ សង្គ្រាម នឹងដាក់បន្ទុកទៅលើឧស្សាហកម្មការពារជាតិអាមេរិក និង អឺរ៉ុប ជាពិសេស នៅពេលនិយាយ អំពីគ្រាប់បែក ហើយវាអាចបង្កឱ្យខូចដល់សេដ្ឋកិច្ច នៅក្នុងប្រទេសរុស្ស៊ី។ បញ្ហាទាំងអស់នេះ ក៏នឹងកើតឡើង ស្របពេលមានលទ្ធភាពកើនឡើង នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅតែមាន។
ក្រុមអ្នកជំនាញ បានបញ្ជាក់ ថា លទ្ធភាព នៃការឈ្នះសង្គ្រាម នឹងពឹងផ្អែកទៅលើសភាទាំងរបស់សហរដ្ឋអាមេរិក ជាមួយការសម្រេចចិត្ត ដើម្បីធ្វើឲ្យប្រាកដនូវនិរន្ដរភាព ជួយកិច្ចគាំទ្រ ដល់អ៊ុយក្រែន។ ប៉ុន្តែបើទោះជាយ៉ាងក៏ដោយ ក្រុមអ្នកជំនាញ បានព្រមាន ថា គំនិតនៃជ័យជម្នះ អាចមានភាពមិនប្រាកដប្រជា។:quality(70)/cloudfront-us-east-1.images.arcpublishing.com/archetype/ZYZVIJJJKJGQBCUJDAUPYTIMRI.jpg)
លោកឧត្តមសេនីយ៍ ម៉ាក មីលឡេ (Mark Milley) នាយអគ្គសេនាធិការចម្រុះ នៃកងទ័ពសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន ថា «សម្រាប់ឆ្នាំនេះ វាពិតជាលំបាកខ្លាំងណាស់ នៅក្នុងការបណ្តេញកងកម្លាំងរុស្ស៊ី ចេញពីគ្រប់ទិសទី នៅក្នុងប្រទេសអ៊ុយក្រែន ឬ ទឹកដីរបស់អ៊ុយក្រែន ដែលរុស្ស៊ីបានកាន់កាប់។ ចំណែកដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ កាលពីខែមុននោះ មិនមែនមានន័យថា វាមិនអាចកើតឡើងទេ ហើយក៏មិនមែនមានន័យ ថា វានឹងមិនកើតឡើងនោះដែរ ប៉ុន្តែវានឹងពិបាកខ្លាំងណាស់»។
លោកនាយអគ្គសេនាធិការចម្រុះ កងទ័ពសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា សង្រ្គាមទំនងជានឹងបញ្ចប់ នៅតុចរចា ដោយដោះស្រាយ នៅត្រង់ចំណុចណាមួយ។ រីឯក្រុមមន្ត្រី និង អ្នកជំនាញ រំពឹង ថា នឹងមានរដូវបង្ហូរឈាម ខណៈរុស្ស៊ី កំពុងតែបញ្ជូនទាហាន ទើបនឹងកេណ្ឌមកថ្មី នាំទៅកាន់សមរភូមិជួរមុខ ហើយអ៊ុយក្រែន កំពុងតែព្យាយាមវាយលុក ស្របពេលពួកគេកំពុងតែបន្តប្រតិបត្តិការ។
ក្រុមអ្នកវិភាគរបស់សហរដ្ឋអាមេរិក និង អឺរ៉ុប បានព្យាករ ប្រហាក់ប្រហែលគ្នា ថា សង្គ្រាមនេះមិនអាចកំណត់ អំពីពេលវេលា នឹងត្រូវបញ្ចប់បាននោះទេ។ សង្គ្រាមនេះ អាចនឹងអូសបន្លាយ អស់រយៈពេលយូរខែ ឬ ច្រើនឆ្នាំ៕










