ប្រទេសចិន ៖ យុទ្ធសាស្ត្រចូលទៅកាន់ទីផ្សារចិនដំបូងរបស់ Starbucks គឺការលក់តែ ។ បច្ចុប្បន្ន អ្នកណាមិនស្គាល់ Starbucks ។ Starbucks មានសាខាហាងកាហ្វេសរុប៣៦.០០០កន្លែងក្នុង៨០ប្រទេសទូទាំងពិភពលោក និងមានសាខាច្រើនបំផុតនៅអាមេរិក ស្មើ១៥.៨០០សាខា ។ តើដឹងទេថា ប្រទេសដែលមានសាខាច្រើនស្ថិតក្នុងលំដាប់ទី២ មិនមែនជាប្រទេសនៅទ្វីបអឺរ៉ុប ប៉ុន្តែបែរជាប្រទេសចិនទៅវិញ ខណៈ Starbucks មានសាខាក្នុងប្រទេសនេះចំនួន៦.០០០កន្លែង ។
តើ Starbucks ប្រើយុទ្ធសាស្ត្រអ្វីខ្លះសម្រាប់ទាក់ទាញអតិថិជនចិន ?
កាលពីឆ្នាំ១៩៩៩ ជាពេលដែលរដ្ឋាភិបាលចិនបើកឱ្យក្រុមហ៊ុនអន្តរជាតិនានាចូលមកប្រកបអាជីវកម្មក្នុងប្រទេសខ្លួន ។ ពេលនោះ Starbucks ក៏បានចូលមកបើកសាខាដំបូងនៅទីក្រុងប៉េកាំង ដោយរួមទុនជាមួយ Beijing Mei Da coffee ជាក្រុមហ៊ុនចិននាំចូលគ្រាប់កាហ្វេពីបរទេស ។
រយៈពេលដំបូងនៃការបើកសាខានៅចិន ភេសជ្ជៈដែល Starbucks នាំចូលមកឱ្យអតិថិជន គឺតែ ដោយសារពលរដ្ឋចិនចូលចិត្តផឹកតែ និងជាផលិតផលប្រចាំជាតិផងដែរ ដោយចិនមានវប្បធម៌ផឹកទឹកតែជាង៤.០០០ឆ្នាំមកហើយ ។ ក្រៅពីតែ ក៏មានទំនិញផ្សេងទៀតដូចជា នំសែនព្រះខែ ដែលពលរដ្ឋចិនចូលចិត្តទទួលទានគូជាមួយទឹកតែ ។
ចំណែកបរិយាសក្នុងហាងវិញ តុបតែងឡើងខុសគ្នាពីប្រទេសផ្សេង ដោយមានតុទំហំធំសម្រាប់មនុស្សអង្គុយ៦-១០នាក់ ។ ការធ្វើបែបនេះ ព្រោះ Starbucks ចង់ឱ្យមានលក្ខណៈស្រដៀងគ្នាជាមួយហាងតែផ្សេងទៀតនៅចិន ។
ហាងរបស់ Starbucks ជាទីកន្លែងជួបជុំមិត្តភក្តិ និងក្រុមគ្រួសារ រហូតដល់ពលរដ្ឋចិននិយាយថា Starbucks ប្រៀបដូចជាផ្ទះទី៣របស់ពួកគេ ក្រៅពីផ្ទះរស់នៅ និងកន្លែងធ្វើការ ។ បច្ចុប្បន្ន នៅប្រទេសចិន Starbucks មានសាខាច្រើនបំផុតលំដាប់លេខ២ គឺស្មើ៦.០០០កន្លែង ។ លើសពីនេះ Starbucks មានផែនការពង្រីកសាខាចំនួន៣.០០០កន្លែងបន្ថែមទៀតនៅត្រឹមឆ្នាំ២០២៥ ។
បើទោះជាកាហ្វេមិនទទួលបានការនិយមចូលចិត្តខ្លាំងប៉ុន្មាននៅប្រទេសចិន ក្នុងពេល Starbucks ចូលមកកាន់ទីនេះ ប៉ុន្តែដោយសារការស្វែងរកដៃគូល្អ សិក្សាពីវប្បធម៌ និងការរស់នៅរបស់ជនជាតិចិន ធ្វើឱ្យ Starbucks រកវិធីចូលទៅកាន់ទីផ្សារចិនបានជោគជ័យ ដូចជា យកតែទៅលក់ក្នុងពេលរកស៊ីដំបូង និងជ្រើសរើសទំនិញលក់ក្នុងហាងជាដើម ៕
ប្រភព ៖ Brand Case










