ប្រទេសអង់ហ្គោឡា ៖ លោក ឈីន កាង រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានធ្វើដំណើរទៅកាន់ទីក្រុង Luanda ប្រទេសអង់ហ្គោឡា ដើម្បីចូលជួបប្រធានាធិបតីអង់ហ្គោឡា លោក Joo Lorenco ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការផ្នែកការទូតរវាងប្រទេសទាំងពីរ ។

លោកប្រធានាធិបតីប្រទេសអង់ហ្គោឡាថ្លែងថា ក្រុមហ៊ុនចិនត្រូវបានគេចាត់ទុកថា ជាអ្នករួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពជីវិតរបស់ពលរដ្ឋអង់ហ្គោឡា ។ ជាមួយគ្នានេះ លោក Joo Lorenco ក៏សង្ឃឹមដែរថា ប្រទេសអង់ហ្គោឡានឹងមានឱកាសបានរួមសហការជាមួយប្រទេសចិន ព្រមទាំងជំរុញបណ្តាវិនិយោគិនពីចិនមកធ្វើអាជីវកម្មនៅប្រទេសអង់ហ្គោឡាផងដែរ ។

ក្រៅពីនេះ លោកប្រធានាធិបតី Joo Lorenco ក៏បានបញ្ជាក់ផងដែរពីរឿងប្រទេសអង់ហ្គោឡាប្រកាន់ខ្ជាប់នូវគោលនយោបាយប្រទេសចិនតែមួយ និងបញ្ជាក់ថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការឯកភាពគ្នា ដោយប្រទេសទាំងពីរសម្រេចបានក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់ប្រយោជន៍ទៅកាន់ពលរដ្ឋប្រទេសទាំងពីរ ។

ចំណែកប្រទេសចិនវិញសង្ឃឹមថា ចិន និងអង់ហ្គោឡានឹងមានទំនាក់ទំនងល្អជាមួយគ្នា ខណៈប្រទេសទាំងពីរបានអភិវឌ្ឍន៍ជាបន្តបន្ទាប់អស់រយៈពេល៣៥ឆ្នាំ ។ ចិនបានក្លាយជាមិត្តជិតស្និទ្ធសំខាន់ខាងនយោបាយ និងជាដៃគូពាណិជ្ជកម្មធំបំផុតផ្នែកសេដ្ឋកិច្ចរបស់អង់ហ្គោឡា ហើយប្រទេសទាំងពីរបានសហការគ្នាកាន់តែទូលំទូលាយ និងទទួលបានលទ្ធផលសម្រេចជាច្រើន ។ ចិន-អង់ហ្គោឡាត្រូវតែបន្តធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្លាំងឡើង ។

គួរបញ្ជាក់ថា អង់ហ្គោឡាជាប្រទេសមួយដែលមានទីតាំងស្ថិតនៅភាគនីរតីនៃទ្វីបអាហ្វ្រិក និងបានទទួលឯករាជ្យជាផ្លូវការពីប្រទេសព័រទុយហ្គាល់ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៧៥ ។ អង់ហ្គោឡា គឺជាប្រទេសផលិតប្រេងធំលំដាប់លេខ១ ក្នុងតំបន់អាហ្វ្រិក ។ រីឯផ្នែកកសិកម្ម អង់ហ្គោឡាអាចផលិតផលិតផលកសិកម្មបានច្រើននៅទ្វីបអាហ្វ្រិក ខណៈផលិតផលកាហ្វេបានទទួលលំដាប់ទី៥ក្នុងពិភពលោក ប៉ុន្តែដោយសារសង្គ្រាម និងគ្រាប់មីនមិនទាន់ផ្ទុះ ធ្វើឱ្យប្រទេសនេះមានបញ្ហាផ្នែកកសិកម្ម ដូចជា ខ្វះខាតទឹក ជីកសិកម្ម និងគ្រាប់ពូជផ្សេងៗ ។

សម្ព័ន្ធភាពជាមួយចិន ៖ ចិនបានដើរតួនាទីសេដ្ឋកិច្ចជាចម្បងនៅប្រទេសអង់ហ្គោឡា បន្ទាប់ពីអាមេរិក ដោយកាលពីឆ្នាំ២០០៦ រដ្ឋាភិបាលចិនបានផ្តល់ឥណទានប្រហែល២ពាន់លានដុល្លារអាមេរិកក្នុងផ្នែកសំណង់ដល់ប្រទេសនេះ ហើយបរិមាណប្រេងដែលចិននាំចូលពីប្រទេសនេះបានពង្រីកកាន់តែខ្ពស់ជាងការនាំចូលប្រេងពីប្រទេសនានា ។ បច្ចុប្បន្ន មានវិនិយោគិនចិនជាច្រើនបានចូលមកវិនិយោគផ្នែកឧស្សាហកម្មសំណង់ គមនាគមន៍ លក់ដូរ ថាមពល និងរ៉ែ ៕Angola–China relations - Wikipedia

ប្រភព ៖ TNN World