ប្រទេសអង់គ្លេស ៖ ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសនៅទីក្រុងឡុងដ៍ឱ្យដឹងថា នាយករដ្ឋមន្ត្រីប្រទេសអង់គ្លេស លោក Richie Sunak បានប្រកាសថា នឹងបញ្ជូនរថក្រោះប្រភេទ Challenger 2 និងប្រព័ន្ធកាភ្លើងធំទៅឱ្យប្រទេសអ៊ុយក្រែន ក្នុងពេលជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ។
រថក្រោះនេះ គឺជាកម្លាំងប្រយុទ្ធដ៏សំខាន់របស់កងទ័ពអង់គ្លេស វានឹងជួយដល់កងទ័ពអ៊ុយក្រែនអាចទប់ទល់បណ្តេញទាហានរុស្ស៊ីចេញពីប្រទេស ។ រថក្រោះនេះបង្កើតឡើងនៅចុងឆ្នាំ១៩៩០ ដែលមានអាយុប្រើប្រាស់ជាង២០ឆ្នាំមកហើយ ប៉ុន្តែវានៅតែជារថក្រោះទំនើបខ្លាំងបំផុត ។ មុននេះ ប្រទេសប៉ូឡូញក៏មានផែនការបញ្ជូនរថក្រោះប្រភេទ leopard ចំនួន១៤គ្រឿង ដែលបង្កើតដោយប្រទេសអាល្លឺម៉ង់ទៅឱ្យអ៊ុយក្រែនផងដែរ ប៉ុន្តែត្រូវរង់ចាំការឯកភាពពីប្រទេសអាល្លឺម៉ង់ជាមុនសិន ។
គួរបញ្ជាក់ថា អ៊ុយក្រែននៅតែសង្ឃឹមថា អាមេរិកនឹងបញ្ជូនរថក្រោះប្រភេទ Abrams មកឱ្យខ្លួន ព្រោះវាប្រើប្រាស់គ្រាប់រំសេវដូចគ្នានឹងរថក្រោះប្រភេទ leopard ប៉ុន្តែបច្ចុប្បន្ន អាមេរិកបានបញ្ជូនឱ្យតែរថពាសដែកប្រឆាំងរថក្រោះប៉ុណ្ណោះ ខណៈប្រទេសអាល្លឺម៉ង់ និងបារាំងប្រកាសថា នឹងបញ្ជូនរថពាសដែកឱ្យអ៊ុយក្រែនដែរ ។
លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរបស់រុស្ស៊ី ថ្លែងថា ការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន ចាត់ទុកថា ជាគោលដៅស្របច្បាប់មួយដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី ។ ចំណែកស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស និយាយថា ការបញ្ជូនរថក្រោះទៅឱ្យអ៊ុយក្រែន មានតែធ្វើឱ្យបញ្ហាទំនាស់គ្នាកាន់តែអូសបន្លាយ ហើយខ្លាំងក្លាជាងមុនទៀត ព្រមទាំងធ្វើឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់ ៕
ប្រភព ៖ TNN World










