ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក លី សារី អភិបាលរងខេត្ត សមត្ថកិច្ចនគរបាល មន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីអាជ្ញាធរក្រុងសិរីសោភ័ណ ចុះត្រួតពិនិត្យទីតាំងដីក្រុមហ៊ុន KP MORN DANY Land & House ឬ ម៉ន ដានី លក់ដីឡូតិ៍ នៅផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ដែលបន្តសកម្មភាពលក់ដីឡូតិ៍ល្មើសច្បាប់ ខណៈអាជ្ញាធរបានឱ្យផ្អាកសកម្មភាព…។

លោក លី សារី អភិបាលរងខេត្ត បានឱ្យដឹងថា មូលហេតុដែលអាជ្ញាធរចុះទៅត្រួតពិនិត្យ និងហាមឃាត់ក្រុមហ៊ុន KP MORN DANY Land & House ឬ ម៉ន ដានី លក់ដីឡូតិ៍ នាពេលនេះ ក៏ព្រោះតែអាជ្ញាធររដ្ឋបាលខេត្តមើលឃើញថា ក្រុមហ៊ុននៅតែបន្តសកម្មភាពលក់ដីឡូតិ៍ ដែលអាជ្ញាធរបានហាមឃាត់ ព្រោះតែដីទាំងនោះ អត់ទាន់មានច្បាប់ត្រឹមត្រូវ ដែលអាចបង្កហានិភ័យ និងគ្រោះថ្នាក់ដល់អតិថិជន..។

លោកអភិបាលរងខេត្ត បញ្ជាក់ថា មូលហេតុដែលលោកចុះទៅត្រួតពិនិត្យនោះ គឺបន្ទាប់ពីក្រុមហ៊ុន បានស្នើសុំមករដ្ឋបាលក្រុង-ខេត្តដឹកដីយកទៅចាក់នៅក្នុងគម្រោងដីឡូតិ៍នោះ ហើយអាជ្ញាធរបានរកឃើញភាពមិនប្រក្រតីមួយចំនួនដូចជា៖ ទី១. លិខិតស្នើសុំចាក់ដីរបស់ឈ្មោះម៉ន ដានី ជាម្ចាស់ក្រុមហ៊ុន ស្នើសុំអនុញ្ញាតច្បាប់បំពេញអាចម៍ដីកម្មសិទ្ធិឯកជន (ចាក់ដី) ហើយ មិនទាន់មានលិខិតអនុញ្ញាត ប៉ុន្តែបានធ្វើសកម្មភាពចាក់ដី សង់សំណងផ្សេងៗ និងបានផ្សព្វផ្សាយពីអាជីវកម្មលក់ដី លំនៅឋាន និងផ្ទះវិឡា។ ទី២. យោងលិខិតរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។ ទី៣. ពិនិត្យលើឯកសារដី មានឈ្មោះផ្សេងៗ និងមិនមានលិខិតអនុញ្ញាតនៅឡើយ ។

លោកអភិបាលរងខេត្ត បានឱ្យដឹងបន្តថា ក្នុងនាមជាអាជ្ញាធររដ្ឋបាលខេត្ត លោកមានក្ដីសោមនស្សចំពោះក្រុមហ៊ុនមួយចំនួន ដែលមានបំណងចង់មកបណ្តាក់ទុនវិនិយោគលើទឹកដីខេត្តភាគខាងលិចនេះ ប៉ុន្តែក្រុមហ៊ុនវិនិយោគទាំងអស់ ក៏ត្រូវគោរពច្បាប់របស់ប្រទេសកម្ពុជាដែរ មិនអាចធ្វើអ្វីមួយបំពានច្បាប់ឡើយ។ ដូច្នេះ ក្នុងនាមជាអាជ្ញាធរដែនដី គឺមានតែហាមឃាត់ ប្រសិនបើរកឃើញថា ក្រុមហ៊ុនណាមួយមិនគោរពច្បាប់ដែលកំពុងនៅជាធរមាននោះ។ ក្រោយពីភាក្សាជាមួយក្រុមមន្ត្រីជំនាញពាក់ព័ន្ធ ក្រុមការងារបានឯកភាពលើការចុះពិនិត្យស្ថានភាពទូទៅរបស់ក្រុមហ៊ុនខាងលើ ដោយការចុះធ្វើអធិការកិច្ចលើបច្ចេកទេសសំណង់ផ្ទះល្វែង ផ្ទះវីឡា របស់បុរី ម៉ន ដានីនេះតែម្ដង។ ម៉្យាង ម្ចាស់បុរី បានព្យាយាមគេចវេះ មិនចូលខ្លួនមកសហការ ឬដោះស្រាយជាមួយអាជ្ញាធរ ដោយទុកឱ្យតែបុគ្គលិកបម្រើការងារធម្មតាក្នុងក្រុមហ៊ុន ចេញមកជួប ដែលសកម្មភាពនេះ គឺជាការមើលស្រាលអាជ្ញាធរដែនដី។

ដោយឡែក លោក ឡុង វុធ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី បានឱ្យដឹងថា អាជ្ញាធរមន្ទីរ បានជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនរួចហើយ ពីការហាមឃាត់មិនឱ្យធ្វើសកម្មភាព ប៉ុន្តែក្រុមហ៊ុននេះ មិនគោរពតាមការណែនាំរបស់អាជ្ញាធរទេ។ ចំណែកពេលអាជ្ញាធរចុះមកត្រួតពិនិត្យ និងហាមឃាត់លើកទី១ គឺភាគីក្រុមហ៊ុនបញ្ជាក់ថា ក្រុមហ៊ុនកំពុងរត់ការ ហើយក៏ចាប់ផ្តើមធ្វើសកម្មភាពបណ្តើរៗដែរ ដើម្បីទុបទល់លើការខាតបង់នៃការចំណាយទៅលើបុគ្គលិកទៅវិញ។ ចំណែកប្រជាពលរដ្ឋដែលបានជ្រុលខ្លួនទិញដីឡូតិ៍ ទិញផ្ទះល្វែង ឬផ្ទះវីឡា កំពុងព្រួយបារម្ភពីការខាតបង់ប្រាក់កាសរបស់ខ្លួន ក្រោយពេលដឹងថា ក្រុមហ៊ុនKP MORN DANY Land & House ឬ ម៉ន ដានី លក់ដីឡូតិ៍ ធ្វើអាជីវកម្មគ្មានច្បាប់អនុញ្ញាតបែបនេះ…៕