ប្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែមករា លោក Wiboon Wongsakul មន្ត្រីរដ្ឋាករទឹកក្នុងតំបន់បានថ្លែងថា លោកបានបញ្ជាឱ្យរដ្ឋាករទឹកចំនួន២៣៤សាខាទូទាំងប្រទេសថៃ ជាពិសេស សាខាស្ថិតនៅទីក្រុងទេសចរណ៍ ដូចជា ភូកេត ក្រៈប៊ី ឈៀងម៉ៃ អាយុធ្យា កោះសមុយ (ខេត្តស៊ូរ៉ាត់ថានី) និងផាត់តាយ៉ា (ខេត្តឈុនបុរី) ឱ្យត្រៀមប្រព័ន្ធផលិតទឹកស្អាត និងចែកចាយទឹកស្អាត ។
លើសពីនេះ លោកក៏ជំរុញដំណើរការគម្រោងចែកចាយប្រព័ន្ធទឹកស្អាតទៅកាន់តំបន់ផ្សេងៗតាមផែនការគ្រោងទុក ដើម្បីអាចគ្រប់គ្រងការប្រើប្រាស់ទឹកស្អាតគ្រប់គ្រាន់ដល់ពលរដ្ឋនៅក្នុងតំបន់ និងភ្ញៀវទេសចរ ស្របតាមការងើបឡើងវិញនៃសេដ្ឋកិច្ច និងទេសចរណ៍ក្រោយពីការរាតត្បាតនៃជំងឺកូវីដ-១៩ ថយចុះ ។
ថៃបានបើកប្រទេសទទួលភ្ញៀវទេសចរគ្រប់ជាតិសាសន៍ រួមទាំងភ្ញៀវទេសចរចិនផងដែរ បន្ទាប់ពីចិនបានអនុញ្ញាតឱ្យពលរដ្ឋខ្លួនធ្វើដំណើរទៅបរទេស ខណៈខកខានអស់៣ឆ្នាំ ។ បច្ចុប្បន្ន ថៃបានលុបចោលការពិនិត្យប័ណ្ណចាក់វ៉ាក់សាំងដើម្បីសម្រួលដល់ការចូលប្រទេស ។ អាជ្ញាធរទេសចរណ៍ថៃសង្ឃឹមថា នឹងមានភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តក្នុងប្រទេសឆ្នាំនេះជាង២៥លាននាក់ ក្នុងនោះ គេរំពឹងថាភ្ញៀវទេសចរចិននឹងស្មើ៥លាននាក់ ។
រដ្ឋាករទឹកសូមណែនាំដល់ខាងសណ្ឋាគារ ភោជនីយដ្ឋាន និងទីកន្លែងទេសចរណ៍ផ្សេងៗគួរពិនិត្យមើល និងសម្អាតប្រព័ន្ធទឹកស្អាតឱ្យត្រូវតាមស្តង់ដារអនាម័យ ដោយលាងសម្អាតធុងទឹកជាប្រចាំ និងបិទគម្របធុងទឹកឱ្យជិតដើម្បីការពារធូលី សត្វល្អិតដែលទំហំតូចអាចធ្លាក់ចូលក្នុងទឹក ។
ការលិចជ្រាបទឹក ឬប្រព័ន្ធទឹកម៉ាស៊ីនខូច វាអាចជាមូលហេតុធ្វើឱ្យទឹកហូរខ្សោយ គួរតែជួសជុលឡើងវិញដើម្បីកសាងទំនុកចិត្ត និងចំណាប់អារម្មណ៍ពីភ្ញៀវទេសចរអន្តរជាតិចង់ធ្វើដំណើរមកលេងថៃ ។ ការមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នឹងជួយចែកចាយប្រាក់ចំណូលផ្នែកទេសចរណ៍ទៅកាន់ទីប្រជុំជនផ្សេងៗ និងជំរុញសេដ្ឋកិច្ចឱ្យរីកលូតលាស់យូរអង្វែង ៕ ប្រភព ៖ khaosod










