ប្រទេសចិន ៖ ចិនបានអំពាវនាវដល់ឧស្សាហកម្មអាកាសចរណ៍ពិភពលោក គួរតែលុបចោលវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីជំរុញផ្នែកនេះ ក្រោយពីចិនបានលុបចោលវិធានការកូវីតផ្នែកហោះហើរ ហើយចិនជឿថា ពលរដ្ឋក្នុងប្រទេសផ្សេងៗរីករាយទទួលស្វាគមន៍ភ្ញៀវទេសចរចិន ។

សមាគមអាកាសចរណ៍ស៊ីវិលរបស់ចិនបានបញ្ជាក់កាលពីថ្ងៃទី១០ ខែមករាថា ឧស្សាហកម្មអាកាសចរណ៍អន្តរជាតិគួរតែលុបចោលវិធានការពិនិត្យកូវីដដែលមិនចាំបាច់ បន្ទាប់ពីជើងហោះហើរចូលប្រទេសចិនគ្មានហានិភ័យទៀតទេ ។

កាលពីថ្ងៃទី១០ ខែមករា លោក Ju Yaochwin អគ្គលេខាធិការរងនៃសមាគមអាកាសចរណ៍ស៊ីវិលបង្ហាញ ថា ចិនកំពុងតែជំរុញជើងហោះហើរអន្តរជាតិសន្សឹមៗ និងបង្កើនចំនួនការហោះហើរ ។ ក្នុងរយៈពេល៣ឆ្នាំកន្លងមក ការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យផ្នែកនេះប៉ះពាល់យ៉ាងខ្លាំង តែក្នុងឋានៈចិនបើកទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិល្អប្រសើរខ្លាំង ចិននឹងជួយបំពេញការងើបឡើងវិញនៃឧស្សាហកម្មដឹកជញ្ជូនផ្លូវអាកាសនេះ ។ លោក Ju ក៏បានអំពាវនាវឱ្យប្រទេសផ្សេងៗលុបចោលវិធានការរឹតបន្តឹងជើងហោះហើរផងដែរ ។

លោក Ju បន្តថា មានប្រទេសខ្លះនៅតែកំណត់ជើងហោះហើរពីចិន និងចេញច្បាប់សម្រាប់អ្នកដំណើរចិន តែអង្គការសុខភាពពិភពលោក (WHO) និងអ្នកជំនាញអន្តរជាតិជឿថា ការបង្ករោគនៃជំងឺកូវីដ-១៩ បានចុះខ្សោយហើយ ។ ដូច្នេះ យើងគួរសហការគ្នាដើម្បីជំរុញការផ្លាស់ប្តូរអន្តរជាតិ និងការងើបឡើងវិញនៃឧស្សាហកម្មអាកាសចរណ៍ ។

ចិនបានបើកប្រទេសឡើងវិញនៅថ្ងៃទី៨ ខែមករា និងលុបចោលវិធានការពិនិត្យកូវីតសម្រាប់អ្នកដំណើរអន្តរជាតិចូលមកចិនហើយគ្មានការកំណត់ចំនួនជើងហោះហើរ ដែលធ្វើឱ្យជើងហោះហើរក្នុងតំបន់ និងអន្តរជាតិចាប់ផ្តើមងើបឡើងវិញ ៕What do we know about Covid variant XBB.1.5?

ប្រភព ៖ TNN World