រាជធានីតូក្យូ៖ ជាមួយនឹងការធ្វើយោធូបនីយកម្មយ៉ាងឆាប់រហ័សរបស់ក្រុងប៉េកាំង និង ការបង្កើនឥទ្ធិពលយោធា នៅក្នុងតំបន់ ធ្វើឲ្យជប៉ុន ចាត់ទុកជាការគំរាមកំហែងយ៉ាងខ្លាំង ហើយមានការព្រួយបារម្ភកាន់តែខ្លាំងឡើង រហូតក្រុងតូក្យូ បានដាក់ចេញនូវយុទ្ធសាស្រ្ដសន្ដិសុខថ្មី ដោយបានបង្កើននូវកញ្ចប់ថវិកា លើវិស័យការពារជាតិ រហូតដល់៣២៣,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។
សារព័ត៌មាន The Eurasia Times បានផ្សាយ ថា អស់រយៈពេល៩ឆ្នាំ ក្រោយពេលជប៉ុន បានបោះពុម្ពផ្សាយនូវយុទ្ធសាស្រ្ដសន្ដិសុខជាតិលើទី១របស់ខ្លួនរួចមក ឥឡូវនេះ ក្រុងតូក្យូ បានដាក់ចេញនូវយុទ្ធសាស្រ្ដសន្ដិសុខជាតិលើកទី២ ជាមួយនឹងឯកសារចំនួន២ផ្សេងទៀត ដោយផ្ដោតលើយុទ្ធសាស្រ្ដការពារជាតិ និង ផែនការកម្មវិធីការពារជាតិ។ នេះជាការផ្លាស់ប្ដូរឥរិយាបថខាងនយោបាយការពារជាតិដ៏ខ្លាំងក្លាបំផុត សម្រាប់ប្រទេសអាស៊ីបូព៌ាមួយនេះ ដែលបានលង់លក់ នៅក្នុងសន្ដិភាព អស់រយៈពេលជាច្រើនទសវត្សរ៍ ក្រោយការចាញ់ នាដំណាក់កាលចុងក្រោយ នៃសង្គ្រាមលោកលើកទី២។
ប្រទេសជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ បានប្រកាស អំពីផែនការថ្មីជាមួយនឹងកញ្ចប់ថវិកា រហូតដល់ជាង៣២០ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការកសាងកម្លាំងយោធាដ៏ធំបំផុត ចាប់តាំងពីសង្រ្គាមលោកលើកទី២មក។ ដោយផ្អែកលើកញ្ចប់ថវិកាវិស័យការពារជាតិដ៏ធំសម្បើម សម្រាប់ផែនការ រយៈពេល៥ឆ្នាំទៅមុខនេះ នឹងធ្វើប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ៣ នៅលើពិភពលោក ក្លាយជាប្រទេសចំណាយលើវិស័យយោធាដ៏ច្រើនបំផុតលំដាប់លេខ៣ នៅលើភពផែនដីនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និង ចិន។ នេះបើតាមទីសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានរាយការណ៍។
គណៈរដ្ឋមន្រ្ដីរបស់លោក ហ៊្វូមីអូ គីស៊ីដា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ទើបានអនុម័តនូវឯកសារសន្ដិសុខដ៏សំខាន់បំផុតចំនួន៣។
លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយ ថា «យើងម្នាក់ៗ ត្រូវតែដឹង ថា យើងកំពុងតែការពារប្រទេសជាតិរបស់យើង។ នេះមានសារៈសំខាន់ខ្លាំងណាស់ ដូចអ្វីដែលយើងបានរៀនមេរៀន អំពីប្រទេសអ៊ុយក្រែន»។
បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Washington Post បានដកស្រង់សម្តីរបស់លោកនាយករដ្ឋមន្រ្ដី យកមកផ្សាយ ថា «ឥឡូវនេះ យើងកំពុងឈានដល់ចំណុចមួយ នៃរបត់គោលនយោបាយសន្តិសុខជាតិរបស់យើង»។
ការផ្លាស់ប្តូររបត់នយោបាយការពារជាតិដ៏សំខាន់ នៅក្នុងប្រទេសជប៉ុន គឺជាការចាំបាច់ ដោយការយល់ឃើញ អំពីការគំរាមកំហែង បាន និង កំពុងតែកើនឡើង ជាបន្តបន្ទាប់ នៅលើពិភពលោក។ យុទ្ធសាស្រ្ដសន្ដិសុខជាតិរបស់ជប៉ុន បានកំណត់ប្រភពគំរាមកំហែង ចំនួន៣ ដោយសំដៅលើប្រទេសចិន កូរ៉េខាងជើង និង រុស្ស៊ី ជាអាទិភាពខ្លាំងក្លាបំផុត។
ការកំណត់អត្តសញ្ញាណ លើប្រទេសចិន ថា ជាការគំរាមកំហែងខ្លាំងបំផុត គឺមានសារៈសំខាន់ខ្លាំងណាស់ រហូតដល់ពេលនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ (Shinzo Abe) បានបោះផ្សាយដ៏ល្បីល្បាញ ដោយមានចំណងជើង ថា «Asia’s Democratic Security Diamond»។ នៅក្នុងឆ្នាំ ២០១៣ រដ្ឋាភិបាលក្រុងតូក្យូ មានការស្ទាក់ស្ទើរ នៅក្នុងការហៅប្រទេសចិន ថា ជាគូប្រជែងកំពូលរបស់ជប៉ុន។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ យុទ្ធសាស្ត្រសន្តិសុខជាតិ និង យុទ្ធសាស្ត្រការពារជាតិ ហើយឯកសារទាំងពីរផ្សេងទៀត ក៏លើកឡើង អំពីសម្ពន្ធមិត្តផងដែរ។ ជប៉ុន បានលើកឡើង អំពីមិត្តភក្ដិដ៏ល្អបំផុត នៅក្នុងយុទ្ធសាស្រ្ដសន្ដិសុខរបស់ខ្លួន រួមមាន ប្រទេសអូស្ត្រាលី ស្ថិតនៅលំដាប់ទី១, ឥណ្ឌា ស្ថិតនៅលំដាប់ទី២ ហើយចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និង អ៊ីតាលី ឬ កូរ៉េខាងត្បូង ស្ថិតនៅលំដាប់ទី៣។ កូរ៉េខាងត្បូង មានឋានៈខ្ពស់ជាង កាលពីអតីតកាល។
លោក ស៊ីនហ្ស៊ូ អាបេ កាលស្ថិតនៅក្នុងតំណែង ជានាយករដ្ឋមន្រ្ដីជប៉ុ បានចាក់គ្រឹះដ៏រឹងមាំ សម្រាប់សាមគ្គីភាពឥណ្ឌូ-ជប៉ុន។ ឥណ្ឌា និង ជប៉ុន កំពុងតែរៀបចំផែនការ ធ្វើសមយុទ្ធ ប្រយុទ្ធរួមគ្នាមួយ។ សកម្មភាពនេះ ក៏ផ្ដល់លទ្ធភាពឲ្យឥណ្ឌា នាំចូល UNICORN របស់ជប៉ុន សម្រាប់នាវាចម្បាំងរបស់កងទ័ពជើងទឹករបស់ក្រុងញូវដេលី ផងដែរ។ ចំណែកក្រសួងការពារជាតិ នៃប្រទេសទាំងពីរ បានចាប់ផ្តើមគម្រោងអភិវឌ្ឍគ្រឿងសព្វាវុធរួមគ្នា សម្រាប់យានយន្តគ្មានមនុស្សបើក រួចមកហើយដែរ។
ការសម្រេចចិត្ត នៃគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្រ្ដី Kishida ក្នុងការផ្តល់ឱ្យឥណ្ឌា នៅក្នុងឋានៈទី២ នៃឋានានុក្រមមិត្តភាព គឺមានសារៈសំខាន់យ៉ាងខ្លាំង ក្រោយការស្លាប់របស់អតីតនាយករដ្ឋមន្រ្ដី លោក ស៊ីនហ្ស៊ូ អាបេ ហើយឥឡូវគាត់មិនមែនជាមេដឹកនាំ នៅក្នុងឋានានុក្រមនយោបាយរបស់ប្រទេសជប៉ុន សម្រាប់ការយល់ឃើញ និង ដោះស្រាយជាមួយឥណ្ឌា នោះដែរ។
ប្រទេសចិន ត្រូវបានគេរាយការណ៍ ថា បានកត់សម្គាល់ អំពីសក្តានុពល នៃមីស៊ីល រយៈចម្ងាយឆ្ងាយរបស់ឥណ្ឌា ដែលបានបាញ់សាកល្បង កាលពីពេលថ្មីៗនេះ។ ចំណែកយុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ជប៉ុន បានផ្តោតលើការស្វែងរកសមត្ថភាព វាយប្រហារដោយមីស៊ីល រយៈចម្ងាយឆ្ងាយ។
ជាមួយគ្នានេះ អូស្ត្រាលី ជាសមាជិក នៃកិច្ចសន្ទនាយុទ្ធសាស្រ្ដ (Quad-4 ដែលមាន៤ប្រទេស រួមមាន អូស្រ្ដាលី ឥណ្ឌា ជប៉ុន និង សហរដ្ឋអាមេរិក) ក៏កំពុងស្វែងរកបច្ចេកវិទ្យាមីស៊ីល បាញ់រយៈចម្ងាយឆ្ងាយផងដែរ។ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ អូស្ត្រាលី បានប្រកាស អំពីចេតនារបស់ខ្លួន នៅក្នុងការបង្កើនសមត្ថភាពវាយប្រហារ រយៈចម្ងាយឆ្ងាយ ដោយបំពាក់ទៅលើនាវាមុជទឹករបស់ខ្លួន ជាមួយនឹងមីស៊ីលគ្រូស។
ស្របគ្នានេះ ឥណ្ឌា បានបំពាក់មីស៊ីលគ្រូស មានល្បឿនលឿនជាងសំឡេង នៅតាមតំបន់ព្រំដែនរបស់ខ្លួន ជាប់ជាមួនឹងចិន ហើយក្រុងញូវដេលី ក៏បានធ្វើតេស្ដសាកល្បងមីស៊ី ជាមួយនឹងក្បាលគ្រាប់មីស៊ីលមានល្បឿនលឿន ជាងសំឡេងរួចមកហើយ សម្រាប់ត្រៀមទប់ទល់នឹងចិន។
បើតាមសារព័ត៌មាន The Economic Times បានចេញផ្សាយ កាលពីចុងខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ ថា ជាមួយនឹងកញ្ចប់ថវិកា លើវិស័យការពារជាតិ កើនឡើង រហូតដល់ជាង៣២០ពាន់លានដុល្លារ នឹងធ្វើឲ្យក្រុងតូក្យូ មានលទ្ធភាព បង្កើនសមត្ថភាពកងទ័ពរបស់ខ្លួន ឲ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។ ដូច្នេះ ជប៉ុន នឹងក្លាយជាអ្នកផ្ដល់សន្ដិសុខ ដល់បណ្ដាប្រទេសនានា ដែលប្រឈមមុខនឹងការពង្រីកដែនដីរបស់ចិន៕










